អានតួអត្ថបទ

ព្យុងយ៉ាង​អំពាវនាវ​ឱ្យ​លោក ដូណាល់ ត្រាំ ប្តូរ​​​ទស្សនវិស័យ​នុយក្លេអ៊ែរចំពោះ​កូរ៉េខាង​ជើង

លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កក្រើក​ពិភពលោក។ ប្រតិកម្ម​និង​សារ​អបអរ ​លោក ដូណាល់​ត្រាំ បានជាប់​ជា​ប្រធានាធិបតី​ទី ៤៥​របស់​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់យ៉ាង​រដឹក ខ្លះជា​សារ​​លាយ​លំ​ដោយ​​ក្តី​ព្រួយ​បារម្ភផង​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េខាង​ជើង ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ ព្យុងយ៉ាង​ចេញ​ព្រមាន​ប្រធានាធិបតីជាប់​ឆ្នោត និង​រដ្ឋាភិបាល​​អាមេរិក​ថ្មី គួរ​តែ​រាប់​អាន​ប្រទេស​មាន​នុយក្លេអ៊ែរ​ទៅ។ សម្រាប់​កូរ៉េខាង​ជើង នយោបាយ​គ្មាន​នុយក្លេអ៊ែរ​របស់​អាមេរិក ជា​ចេតនា​ឆ្ពិនភ្នែក​ហួសសម័យ​ហើយ។

លោក គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង
លោក គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទំព័រ​កាសែត​​របស់​បក្ស​កុម្មុយនិស្ត បក្ស​តែ​មួយ​គត់​នៅ​កូរ៉េខាង​ជើង និង​ដែល​ជា​ការឆ្លុះ​បញ្ចាំង​ជំហរ​របស់​រដ្ឋាភិបាល គេ​មិន​ឃើញ​មាន​សរសេរ​ឈ្មោះប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី​ ដូណាល់ ត្រាំ​ទេ ប៉ុន្តែ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ដែល​កូរ៉េខាង​ជើង បាន​ដំឡើង​សំឡេង​ កាន់​តែ​ខ្លាំងឡើងៗ ស្នើ​សុំ​ឱ្យ​វ៉ាស៊ីនតោន ប្តូរ​ទស្សនៈវិស័យ​ចំពោះ​កូរ៉េខាង​ជើង។

“រដ្ឋាភិបាល​អូបាម៉ា បាន​សាកល្បង​ធ្វើ​អ្វី​ដែល​នាំ​អសន្តិសុខ​និង​គ្រោះ​ថ្នាក់​ដល់​ទ្វីប​អាមេរិក ! សំណល់​នេះ​បាន​ធ្លាក់​បន្ទុក​ទៅ​ឱ្យ​រដ្ឋាភិបាល​ថ្មី ជា​អ្នក​ប្រឈម​នឹង​រដ្ឋ​នុយក្លេអ៊ែរ » នេះ​ជា​អ្វី​ដែ​ល​មាន​សរសេរ​ក្នុង​ទំព័រកាសែត​បក្ស។ កាសែត​បាន​បញ្ជាក់​ទៀត​ថា ថ្នាក់​ដឹកនាំអាមេរិក គួរ​តែ​ធ្វើ​តាម​សំដី​របស់​លោកJames Clapper​ ថាអាច​មាន​​ការ​ត្រូវ​រ៉ូវគ្នា​ជា​ទូទៅ​មួយ​ដោយ​ព្រមទទួល​ស្គាល់​កូរ៉េខាង​ជើង​ជា​ប្រទេស​នុយក្លេអ៊ែរ។ ក្តី​សង្ឃឹម​របស់​អាមេរិក​ចង់​ឃើញ​កូរ៉េខាង​ជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជា​ក្តី​ស្រមៃ​ក្នុង​អតីតកាល​ប៉ុណ្ណោះ។

 
សូម​បញ្ជាក់​ថា កាលពី​ចុងខែ​តុលាក​កន្លង​ទៅ អ្នក​សម្របសម្រួល​ភ្នាក់ងារ​សម្ងាត់​អាមេរិក លោក James Clipper បាន​ប្រកាសអំពី​បរាជ័យ​នៃ​​ការ​បញ្ចុះ​បញ្ចូល​របប​ព្យុងយ៉ាង​ឱ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ រដ្ឋាបាល​អូបាម៉ា មាន​ជំហរ​ដាច់​ខាត​​មិន​ព្រមចរចា​ជាមួយ​កូរ៉េខាង​ជើង​ឡើយ​ដរាបណា ប្រទេស​មួយ​នេះ​មិន​ព្រមបោះបង់​នុយក្លេអ៊ែរ។

ចំណែក​លោក​ដូណាល់ ត្រាំ​វិញ នៅ​ក្នុងអំឡុង​ពេល​ឃោសនា លោក​មិន​បាន​ផ្សព្វផ្សាយ​​ផែនការ​អ្វី​ច្បាស់​លាស់​ទាក់ទង​នឹង​នយោបាយ​ជាមួយ​កូរ៉េខាង​ជើង​ឡើយ​ គ្រាន់​តែ​បាន​ព្រលយ​មាត់​ថា លោក​បើក​ចំហ​ចំពោះ​ការ​ចរចា​ជាមួយ​នឹង​មេដឹកនាំ​ព្យុងយ៉ាង គីម ជុងអ៊ុន និង​បាន​បង្ហើប​ចេតនា​ចង់​ដក​ទ័ព​អាមេរិក​ចេញ​ពី​កូរ៉េខាង​ត្បូង​ផង។ ប៉ុន្តែ​​គ្រាន់​តែ​បាន​ជាប់​ឆ្នោត​ភ្លាម លោក​បាន​ទូរស័ព្ទ​ទៅ​លោកស្រី ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េខាង​ត្បូង ដើម្បី​បញ្ជាក់​អំពី​កិច្ច​សន្យា​របស់​អាមេរិក ក្នុង​ក្របខ័ណ្ឌ​សម្ព័ន្ធ​សន្តិសុខជាមួយ​សេអ៊ូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ