អានតួអត្ថបទ
ជប៉ុន-ឥណ្ឌា

ជប៉ុន និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល

ថ្ងៃ​សៅរ៍ ទី១២ វិច្ឆិកា​នេះ ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​នៅ​ក្នុង​ប្រទេស​ជប៉ុន។ នា​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា លោក​ណារ៉េនដ្រា ម៉ូឌី និង​សមភាគី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ជប៉ុន​អាច​នឹង​នាំ​ចេញ​នូវ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​កាន់​ឥណ្ឌា​ដែល​ជា​ប្រទេស​មិន​បាន​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី (រូបឆ្វេង) និង​សមភាគី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី (រូបឆ្វេង) និង​សមភាគី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ REUTERS/Franck Robichon
ផ្សាយពាណិជ្ជកម្ម

ជា​លើកទី១ មិន​ធ្លាប់​មាន​ទេ​ដែល​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​របៀប​នេះ​ជាមួយ​ប្រទេស​មួយ​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ កំណត់​សម្គាល់​មួយ​ទៀត កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​បញ្ជូន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ឥណ្ឌា​ដែល​ជា​ប្រទេស​អាច​ផលិត​គ្រាប់បែក​បរមាណូ និង​ធ្លាប់​បាន​សាកល្បង​នុយក្លេអ៊ែរ​ច្រើន​ដង។ តែ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នា​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​រវាង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ និង​សមភាគី​ឥណ្ឌា​លោក​ណារ៉េនដ្រា ម៉ូឌី លោក​អាបេ​បាន​ថ្លែង​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ស្របច្បាប់​ដើម្បី​ធានា​ពី​ការ​ដែល​ឥណ្ឌា​នឹង​ប្រើប្រាស់​នុយក្លេអ៊ែរ​ក្នុង​គោលដៅ​ស៊ីវិល។

នៅ​ត្រង់​ចំណុច​នេះ អ្នក​ទទួល​ខុសត្រូវ​ជប៉ុន​ម្នាក់​បាន​ថ្លែង​បញ្ជាក់​បន្ថែម​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​រវាង​ជប៉ុន និង​ឥណ្ឌា​ក៏​មាន​ចែង​ពី​ការ​អនុញ្ញាតិ​ឲ្យ​ជប៉ុន​លប់​ចោល​កិច្ចព្រមព្រៀង​នោះ​វិញ​ប្រសិន​បើ​ឥណ្ឌា​មិន​បាន​គោរព​ត្រឹមត្រូវ ឬ​មួយ​ចាប់​ផ្តើម​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​នោះ។ គួរ​រម្លឹក​ជូន​ថា​មក​ទល់​ពេល​នេះ ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ ១១កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​ជាមួយ​ប្រទេស​ផ្សេង រួម​មាន​អាមេរិក អូស្រ្តាលី ឬ​មួយ​ក៏​បារាំង។ ក្រៅ​ពី​កិច្ចសហប្រតិបត្តិ​លើ​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​រវាង​គ្នា​ពេល​នេះ ជប៉ុន និង​ឥណ្ឌា​ក៏​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​ទៀត​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជាក់ស្តែង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥ តូក្យូ និង​ញូដែលី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ជូន​បច្ចេកវិទ្យា និង​សម្ភារៈបរិក្ខារ​ក្នុង​វិស័យ​ការពារ និង​ការ​ដោះដូរ​ព័ត៌មាន​យោធា។ ថ្មីៗ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​ណារ៉េនដ្រា ម៉ូឌី​ធ្លាប់​បាន​ជួប​សន្ទនា​គ្នា​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​នា​ឱកាស​ជំនួបកំពូល​អាស៊ាន។ ការ​រំកិល​រក​គ្នា​រវាង​តូក្យូ និង​ញូដែលី​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ព្រួយបារម្ភ​ខ្លាំង​ពី​មហិច្ឆតា​យោធា​របស់​ចិន​នៅ​អាស៊ី ពិសេស​កំណើន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង សមុទ្រចិន​ខាងកើត និង​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ