អានតួអត្ថបទ

អាមេរិក​ប្រកាស​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀសខ្លួន​ជាប់​ឃុំ​នៅ​អូស្ត្រាលី

អស់​រយៈ​ពេល​បួនឆ្នាំ​ហើយ ដែល​ពួក​គេ​ត្រូវ​ជាប់​ក្នុងមណ្ឌល​ឃុំឃាំង ! ​​ជនភៀស​ខ្លួន ​ ដែល​អូស្ត្រាលី បាន​ដាក់​ទោស​ឱ្យ​ជាប់​នៅ​លើ​កោះ​កណ្តាល​មហាប៉ាស៊ីហ្វិក ជិត​បាន​រួច​ខ្លួនហើយ។ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា នៅ​តែ​មិនព្រម​ទទួល​យក​ពួក​ឱ្យ​ចូល​ទឹក​អូស្ត្រាលី​ដដែល​ ប៉ុន្តែ​គឺ​​អាមេរិកជា​អ្នក​ផ្តល់​សំណាង​ឱ្យ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ។ នៅ​ថ្ងៃ​អាទិត្យ​ទី ១៣​វិច្ឆិកា​នេះ អាមេរិក​ ​បាន​ចុះ​ប្រកាស​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​​អូស្រ្តាលីទទួល​យក​ជនភៀស​ខ្លួន។ គិត​ត្រឹម​ថ្ងៃ​នេះ មាន​ជនជាប់​ទោស​១៦១៦​នាក់ ក្នុង​ចំណោម​ពីរ​ពាន់​ជាប់​ឃុំ​នៅ​កោះ​ណូរ៉ុ និង​ម៉ានុស បាន​សិទ្ធិ​ជា​ជនភៀស​ខ្លួន។

​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរឹង​របស់​អូស្ត្រាលី​នៅ​ក្រុង​​ស៊ីដនី
​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរឹង​របស់​អូស្ត្រាលី​នៅ​ក្រុង​​ស៊ីដនី REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​មាន​នយោបាយ​អន្តោប្រវេសន៍​ដាច់​ខាត​បំផុត មិន​ខ្វល់​នឹង​ការ​រិះគន់​ណា​ទាំងអស់ ! រដ្ឋាភិបាល​ចម្រុះ​កាន់​អំណាច​បាន​ស្បថ​ថា​នឹង​មិន​ឱ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ណា​ម្នាក់​ រត់​តាម​ទូក​ឆ្លង​សមុទ្ទ​អាច​ដាក់​ជើង​ជាន់​ដី​អូស្ត្រាលី​បាន​ឡើយ។ ពាក្យ​សន្យា​ដែល​អូស្ត្រាលី​ធ្វើ​បាន​សម្រេច​មែន ! នៅ​ឆ្នាំ​២០១២ ក្រុង​កង់បេរ៉ា បានដាក់​ពង្រាយ​នាវា​យោធា ដើម្បី​ចាំ​ចាប់​និង​រុញ​​ទូករត់​ពន្ធ​អន្តោប្រវេសន៍កុំ​ឱ្យ​ចូល​ដែន​ទឹក​អូស្ត្រាលី និង​ចាប់​បាន​អន្តោប្រវេសន៍​ប្រមាណ​២ពាន់​នាក់ ទៅ​ដាក់​ឃុំ​នៅ​លើ​កោះ​តូចៗ​ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។

ក្នុង​ពេល​ជាប់​លើ​កោះ ជនអន្តោប្រវេសន៍​ទាំង​នោះ ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ទោស​ ! សំណុំ​នេះ​ត្រូវ​នាំ​ទៅ​ដល់​អង្គការ​សហប្រជាជាតិ​ជា​ញយ​ដង ដែល​ជំរុញ​ឱ្យ​អូស្ត្រាលី​ត្រូវ​ ​រក​ដំណោះស្រាយ។ កាលពី​កន្លង​ឆ្នាំ​ទៅ អូស្រ្តាលីរក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា តែ​ពេល​នោះ​មាន​ជន​អន្តោប្រវេសន៍​តែ​បី​នាក់​ប៉ុណ្ណោះ​ព្រម​ទៅ​កម្ពុជា។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ ​គឺ​​សហរដ្ឋ​អាមេរិក​ជា​អ្នក​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី​ទាំង​នោះ​ បើ​មិន​ទាំង​អស់ ក៏​មួយ​ភាគ​ធំ​ដែរ។

 
ជាមួយ​កិច្ចព្រមព្រៀង​អូស្ត្រាលី-​អាមេរិក​នេះ មជ្ឈមណ្ឌល​ឃុំឃាំង​ជនភៀស​ខ្លួន នៅ​កោះ​ម៉ានុស នៃ​ប្រជុំ​កោះ​ប៉ាពូអាស៊ីនូវែលហ្គីណេ នឹង​ត្រូវ​បិទ ប៉ុន្តែ​មណ្ឌល​លើ​កោះណូរ៉ុ នៅ​រក្សា​ដដែល។ ដំណឹង​នេះ​ជា​ក្តី​សង្ឃឹម​ដ៏​ធំ​ធេង​សម្រាប់​ជន​ភៀសខ្លួន​ លើក​លែង​តែ​អ្នក​ខ្លះ​ដែល​មិន​អាច​មាន​សំណាង​បាន​ទៅ​ជួប​ជុំ​គ្រួសារឡើយ ព្រោះ​អូស្ត្រាលី​បដិសេធ​ដាច់​ខាត​និង​ជា​រហូត​ការ​សុំ​រស់​នៅ​ជួបជុំ​គ្រួសារ។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អូស្ត្រាលី​បាន​ព្រមាន​ទុក​ជា​មុនហើយ​​ស្រេច​ ប្រឆាំង​នឹង​​ចរន្ត​អន្តោប្រវេសន៍​ខុស​ច្បាប់ថ្មី​ កុំ​ឱ្យ​សង្ឃឹម​ថា​រត់​ភៀសខ្លួន​មក​ឱ្យ​អូស្រ្តាលី​ចាប់ ​អាច​​នឹង​បាន​ទៅ​រស់​នៅ​អាមេរិកឱ្យ​សោះ។ ក្រុង​កង់បេរ៉ា បាន​ប្រមូល​នាវា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ពុំ​ធ្លាប់​យក​មក​ដាក់​ត្បាត​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ងាយ​រុញ​ច្រាន​ពួក​គេ​ត្រលប់​ទៅ​វិញ។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា​ជនភៀសខ្លួន​ថ្មីៗ មិន​ត្រូវ​បាន​រាប់​បញ្ជូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ទទួល​អន្តោប្រវេសន៍​ជាមួយ​នឹង​ក្រុង​វ៉ាស៊ីនតោន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ