អានតួអត្ថបទ
ចិន

អាជ្ញាធរ​ចិន​ឃុំ​​មនុស្ស​ ១៣នាក់​​នៅ​​ក្រោយ​គ្រោះថ្នាក់​ក្នុង​​មជ្ឈមណ្ឌល​​​អគ្គិសនី

នៅ​ប្រទេស​ចិន មួយ​ថ្ងៃ​ក្រោយ​គ្រោះថ្នាក់​បាក់​រលំ​ការដ្ឋាន​សាង​សង់​នៅ​ក្នុង​រោងចក្រ​អគ្គីសនី​មក ដែល​បណ្តាល​ឲ្យ​​ស្លាប់​មនុស្ស​រហូត​ដល់​៧៤​នាក់​ក៏​ព្រម​ទាំង​មាន​អ្នក​រង​របួស​២​នាក់​ អាជ្ញាធរ​ចិន បាន​ចាប់​ឃុំ​ខ្លួន​ជន​ចំនួន​១៣​នាក់។ នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ជន​ទាំង​១៣​នាក់នោះ អាជ្ញាធរ ពុំ​បាន​បញ្ជាក់​​ពី​មូលហេតុ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​ឬ​ក៏​អត្តសញ្ញាណ​របស់​ជន​ទាំងអស់​នោះ​ដែរ។ នេះ​បើយោង​តាម​ការ​ជូន​ដំណឹង​របស់​កាសែត​ផ្លូវការ​ចិន​នៅ​ព្រឹកមិញ។

ក្រុមអ្នកជួយសង្គ្រោះប្រតិបត្តិការនៅលើការដ្ឋានសាងសង់រោងចក្រអគ្កីសនីដែលបាក់រលំនៅស្រុក Fengcheng ថ្ងៃ២៤វិច្ឆិកា២០១៦
ក្រុមអ្នកជួយសង្គ្រោះប្រតិបត្តិការនៅលើការដ្ឋានសាងសង់រោងចក្រអគ្កីសនីដែលបាក់រលំនៅស្រុក Fengcheng ថ្ងៃ២៤វិច្ឆិកា២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

 

ក្រោយពី​ហេតុការណ៍​បាក់​រំលំ​ការដ្ឋាន​សាង​សង់​រោងចក្រ​អគ្គីសនី​មួយ​នៅ​ខេត្ត Jiangxi ក្នុង​​ភាគ​កណ្តាល​​នៃ​ប្រទេស​ចិន​មក អាជ្ញាធរ បាន​ចាប់​ឃុំ​ខ្លួន​ជន​ចំនួន​១៣​នាក់​តែ​​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ជន​ទាំង​១៣​នាក់​នោះ​ឡើយ។ លើស​ពី​នេះ រដ្ឋអំណាច​ចិន ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​​ពី​អត្តសញ្ញាណ​ឬ​ក៏​ទីកន្លែង​ឃុំ​ខ្លួន​របស់​ជន​ទាំង​នោះ​ដែរ។

ចំណែក​ប្រតិបត្ដិការ​ជួយ​សង្គ្រោះ​វិញ​ ក៏​បាន​ប្រព្រឹត្ត​ទៅ​ជិត​ចប់​សព្វ​គ្រប់​ដែរ​នៅ​វេលា​ចុង​រសៀល​នេះ។ កាសែត​ផ្លូវការ​ចិន​មួយ បាន​ជូន​ដំណឹង​ប្រាប់​ថា នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ស្លាប់​៦៨​នាក់ អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​គេ អាយុ​២៣​ឆ្នាំ រីឯ​អ្នក​វ័យ​ចំណាស់​ជាង​គេ អាយុ​៥៣​ឆ្នាំ។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ អភិបាល​ខេត្ត​រង​និង​មន្ត្រី​ចិន​ពីរ​រូប នៅ​ក្នុង​ឱកាស​សន្និសីទ​កាសែត​មួយ បាន​ធ្វើការ​ឱន​លំទោន​ដើម្បី​គោរព​​វិញ្ញាន​ខ័ន្ធ​នៃ​ជន​រង​គ្រោះ​ទាំង​អស់​និង​បាន​ថ្លែង​បញ្ជាក់​ពី​សេចក្តី​សោកស្តាយ​យ៉ាង​ជ្រៀលជ្រៅ​របស់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​នេះ។ មិន​តែ​ប៉ុណ្ណោះ អភិបាល​ខេត្ត​រង ក៏​បាន​ធ្វើការ​សុំ​ទោស​និង​សុំ​ចូល​រួម​មរណៈទុក្ខ​ដែរ​ជាមួយ​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ។

នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រជាជន​ចិន​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​បាន​នាំ​គ្នា​បរិហារ​ពី​លក្ខខណ្ឌ​ការងារ​របស់​ពួក​កម្មករ​ចិន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​អាជ្ញាធរ ពុំ​បាន​ខ្វល់​ខ្វាយ​ពី​ការ​អនុវត្ត​ច្បាប់​ការពារ​សុវត្ថិភាព​កម្មករ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។ ក្នុង​ន័យ​នេះ​ដែរ ពលរដ្ឋ​ចិន​មួយ​រូប​តាម​រយៈ​​បណ្តាញ​សង្គម​ បាន​សរសេរ​រិះគន់​ទៀត​ថា “ នៅ​លើ​ការដ្ឋាន​សំណង់​ដ៏​ធំ​ធេង​មួយ គេ​ឃើញ​មាន​តែ​កម្មករ​យ៉ាង​សន្ធឹកសន្ធាប់​​ធ្វើការ​យ៉ាង​មមាញឹក តែ​ផ្ទុយ​ទៅ​វិញ គេ​ពុំ​​ឃើញ​ទាល់​តែ​សោះ វត្តមាន​របស់​​ពួក​មេ​កម្មករ ជាអាទិ៍​ពួក​ប្រធាន​ដែល​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ។ នៅ​​ក្នុង​ស្ថានភាព​បែប​នេះ ពួក​កម្មករ​ចិន ក៏​ជៀស​ពុំ​រួច​ឡើយ​ពី​គ្រោះថា្នក់​បែប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ