អានតួអត្ថបទ
ភូមា-ឥណ្ឌូណេស៊ី

វិបត្តិ​​​រ៉ូហីងយ៉ា​​​​៖​លោកស្រី​​ស៊ូជី​​លុប​​ចោល​​ដំណើរ​​ទស្សនកិច្ច​​មួយ​​នៅ​​ឥណ្ឌូណេស៊ី​​

ប្រមុខ​ការទូត​ភូមា​លោកស្រី អ៊ុងសាន ស៊ូជី បាន​បង្ខំ​ចិត្ត​លុប​ចោល​ដំណើរ​ទស្សនកិច្ច​មួយ​​របស់​ខ្លួន​នៅ​​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី ទើប​បាន​បំផ្លាញ​ការ​ប៉ុនប៉ង​ធ្វើ​អំពើ​​ភេរវកម្ម​មួយ​ប្រឆាំង​ទល់​នឹង​ស្ថានទូត​ភូមា​ប្រចាំ​រដ្ឋធានី​ឥណ្ឌូណេស៊ី។ ទន្ទឹមនេះដែរ​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​ជា​អ្នក​កាន់​សាសនា​មូស្លីម​​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ បាន​នាំ​គ្នា​​ធ្វើ​បាតុកម្ម​​​ទាមទារ​​​ ឲ្យ​​​​បញ្ឈប់​រាល់​​​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដ៏​ព្រៃផ្សៃ​នានា​​​​របស់​ទាហាន​ភូមា ​ប្រឆាំង​ទៅ​​លើ​​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ 

លោក​ស្រី​ អ៊ុង សាន​ស៊ូជី​​ប្រមុខ​ការទូត​ភូមា​
លោក​ស្រី​ អ៊ុង សាន​ស៊ូជី​​ប្រមុខ​ការទូត​ភូមា​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ភូមា លោកស្រី​​Aye Aye បាន​ថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ថា​មូលហេតុ​នៃ​ការ​លើក​ដំណើរ​ទស្សនកិច្ច​លោកស្រី​ស៊ូជី​នៅ​ឥណ្ឌូណេស៊ី គឺ​ដោយ​សារ​​​​ភូមាកំពុង​​​មាន​​បញ្ហា​​ខ្ទាស់​មួយ​ចំនួន​ ដូច​ជា​បញ្ហា​នៅ​រដ្ឋ​Rahine និង​នៅ​​ភាគ​ខាង​ជើង​នៃ​​រដ្ឋ​Shan។ រដ្ឋ​ Shan​ដែល​ជា​តំបន់​ជាប់​ជម្លោះ​ជាមួយ​ជាតិ​ពិន្ធុ​មួយ​ផ្សេង​ទៀត។

 
អនុ​រដ្ឋមន្ត្រី​ការបរទេស​ភូមា បាន​​បដិសេធ​ផង​ដែរ​ថា ការ​លុប​ចោល​ដំណើរ​ទស្សនិច្ច​នៅ​ទីក្រុង​ហ្សាការតា​នេះ ពុំ​មែន​ជាប់​ពាក់​ព័ន្ធ​នឹង​​បញ្ហា​សន្តិសុខ​នោះ​ឡើយ​។ ចំណែក​​ប្រមុខ​ការ​ទូត​ភូមាវិញ​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ត្រឹមតែ​សិង្ហបូរី​នៅ​ថ្ងៃ​ពុធ​​ស្អែក ​ដោយ​មិន​បង្ហួស​ចូល​ទៅ​​ឥណ្ឌូណេស៊ី​ទេ-នេះជាការ​បញ្ជាក់​បន្ថែម​របស់​អនុ​រដ្ឋមន្រ្តី​ការបរទេស​ភូមា។​

គួររំលឹកថា កាលពី​សប្តាហ៍​មុន ​ប៉ូលីស​ឥណ្ឌូណេស៊ី បាន​ជូន​ដំណឹង​ថា ខ្លួន​ចាប់​បាន​ជន​ជាប់​សង្ស័យ​​៣​នាក់​ដែល​ជាប់​ទាក់ទង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម ដោយ​ពួក​ទាំង​នោះ បាន​រៀបចំ​ផែនការ​មួយ​ដើម្បី​បង្ក​អំពើ​ភេរវកម្ម​មួួយ​ប្រឆាំង​​ទល់​នឹង​ស្ថានទូត​ភូមា​ប្រចាំ​រដ្ឋធានី​ហ្សាការតា។​​

ជន​ជាប់​សង្ស័យ​ទាំង​៣​នាក់​ គឺ​ជា​សមាជិក​នៃ​ក្រុម​តូច​មួយ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​បាន​ប្រមែ​ប្រមូល​គ្រឿង​ផ្ទុះ​សព្វ​គ្រប់ ដើម្បី​ឆ្នៃ​ធ្វើ​ជា​​គ្រាប់បែក​មួយ​ដែល​មាន​​អនុភាព​យ៉ាង​ខ្លាំង​ក្លា ដូច​គ្នា​នឹង​គ្រាប់បែក​​ដែល​ពួក​ភេរវជន​ ធ្លាប់​បាន​ប្រើ​នៅ​​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​កាល​ពី​​ឆ្នាំ ២០០២ ​នៅ​លើ​​កោះ​បាលី។ កាលណោះ ​​ជន​រង​គ្រោះ​ស្លាប់ ​ដោយ​អំពើ​ភេរវកម្ម​នៅ​បាលី​​ មាន​​ចំនួន​រហូត​ដល់ទៅ ​២០២ ​នាក់។

ម្យ៉ាងទៀត អំពើ​ហិង្សា​យ៉ាង​ពៃ្រផ្សៃ​បង្ក​ឡើង​​ទាហាន​ភូមា​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច​រ៉ូហីងយ៉ា​ដូច​ជា​ការ​ចាប់​រំលោភ​បំពាន​ផ្លូវ​ភេទ​ អំពើ​ឃាតកម្ម​នឹង​ការ​សម្លាប់​យ៉ាង​រង្គាល​នានា​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី ​ទំាងមូល​រួម​​ជាមួួយ​នឹង​​​​ប្រទេស​​ដែល​​កាន់​​សាសនា​​មួស្លីម​ជា​ច្រើន​ផ្សេង​ទៀត​នៅ​លើ​លោក  ​នាំ​គ្នាធ្វើបាតុកម្ម​​​​ប្រឆាំង​​ទល់​នឹង​អំពើ​អមនុស្សធម៌​របស់​​ទាហាន​ភូមា។ ដូច្នេះ​ហើយ បាន​ជា​នៅ​​ថ្ងៃ​សុក្រ​មុន​នេះ ប្រជាជន​អ្នក​កាន់​សាសនា​មូស្លីមនៅ​តាម​រដ្ឋធានី​នានា​នៃ​បណ្តា​ប្រទេស​អាស៊ី បាន​​នាំគ្នា​ដង្ហែរ​ក្បួន​បាតុកម្ម​រៀងៗ​ខ្លួន ​ដើម្បីទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ភូមា ​ដោះស្រាយនៅ​​លើ​បញ្ហា​នេះ ដើម្បី​​បិទ​បញ្ចប់​ការ​​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លោច​ផ្សា ​​របស់​ជន​ជាតិ​រ៉ូហីងយ៉ា​​។ អំពើ​​ហឹង្សា​កាប់​​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នេះ​​ហើយ​​ដែល​​ជា​​បញ្ហា​​ប្រឈម​​មុខ​​ដ៏​​ចំបង​​មួយ​​សម្រាប់​​លោកស្រី​​ស៊ូជី​​​និង​​រដ្ឋាភិបាល​​ស៊ីវីល​​របស់​​លោកស្រី​​ផង​​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ