អានតួអត្ថបទ
ហ្វីលីពីន-ភេរវកម្ម

ពួក​​អ៊ីស្លាម​​ Maute​ ​វាយ​​ឆ្មក់​​ទៅ​​លើ​​ក្បួន​​រថយន្ត​​​កង​​ការពារ​​សុវត្ថិភាព​​​ប្រធានាធិបតី​​ហ្វីលីពីន​​

នៅ​ប្រទេស​ហ្វីលីពីន កង​ការពារ​សន្តិសុខ​របស់​ប្រធានាធិបតី​ហ្វីលីពីន​៧​រូប​និង​​យោធា​ចំនួន​២​នាក់ បាន​ត្រូវ​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​អាយ​មួយ​របស់​ក្រុម​អ៊ីស្លាម​និយម​ដ៏សកម្ម Maute​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស។ អំពើ​ភេរវកម្ម​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​មុនថ្ងៃ​នៃ​ដំណើរ​​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​នៅ​ក្នុង​តំបន់។​

ទាហាន​​នាំគ្នា​សែងអ្នករងរបួសម្នាក់​ដែល​​ជា​​កង​ការពារ​សន្តិសុខ​​របស់​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ក្នុង​​ការ​​ផ្ទុះ​គ្រាប់បែក​​បង្កប់​​នៅ​​តាម​​ផ្លូវ​​នៃ​ក្យូន​​​រថយន្ត​​ថ្ងៃ​២៩​-១១-២០១៦​
ទាហាន​​នាំគ្នា​សែងអ្នករងរបួសម្នាក់​ដែល​​ជា​​កង​ការពារ​សន្តិសុខ​​របស់​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ក្នុង​​ការ​​ផ្ទុះ​គ្រាប់បែក​​បង្កប់​​នៅ​​តាម​​ផ្លូវ​​នៃ​ក្យូន​​​រថយន្ត​​ថ្ងៃ​២៩​-១១-២០១៦​ Armed Forces of the Philippines/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​​​កងទ័ព​ហ្វីលីពីន បាន​គូស​បញ្ជាក់​ប្រាប់​ថា គ្រាប់​បែក​អាយ​នោះ​ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ក្បួន​រថយន្ត​យោធា​ដែល​ទទួល​បន្ទុក​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ​បាន​ធ្វើ​​ដំណើរ​ទៅ​​ដល់​តំបន់​ភាគ​ខាង​ត្បូង​នេះ។ ​​តំបន់​នេះ​ដែល​​ក្រុម​អ៊ីស្លាម​ប្រដាប់​អាវុធ​ដ៏​សកម្ម​ឈ្មោះ  Maute ​​នៅ​ក្រោម​ឱវាទ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ តែង​តែ​បង្ក​​អំពើ​ឧក្រឹដ្ឋកម្ម​​​ដូច​​ជា​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក​ឬ​​ការ​​ចាប់​ជំរិត​​ប្រជាជន​ដើម្បី​ទាមទារ​យក​លុយ​ជាដើម។​

 
ម្យ៉ាងទៀត នៅ​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​លើ​មូលដ្ឋាន​យោធា​មួយ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ថា « ក្រុម​ការពារ​សុវត្ថិភាព​ជួរ​មុខ​របស់​លោក ត្រូវ​រង​គ្រោះ​ដោយ​ការ​​​ផ្ទុះ​គ្រាប់បែក​អាយ​របស់​ពួកអ៊ីស្លាម Maute​​ ទោះជាយ៉ាងណាក្តី លោក​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ ហើយ​បើអាចធ្វើទៅបាន​គឺ​​នៅ​តាម​ផ្លូវ​ដដែល តែ លោក​ ​ពុំ​បាន​បញ្ជាក់​ពី ​ហេតុផល​​នៃ​ដំណើរទស្សនកិច្ច​ របស់លោក នៅ​​កោះ​ Mindanao ​ភាគ​ខាង​ត្បូង​ប្រទេស​នោះ​ទេ។

គួរបញ្ជាក់ថា អំពើ​ភេរវកម្ម បាន​កើត​ឡើង​នៅ​ក្រុង​Marawi ​ប៉ែក​ខាង​ជើង​កោះ Mindanao។ ក្រៅ​ពី​កង​ការពារ​សន្តិសុខ​របស់​ប្រធានាធិបតី​ អ្នក​រងគ្រោះ​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​កាលពី​ម្សិល​មិញ ក៏​មាន​​យោធា​និង​សមាជិក​នានា​នៃ​សេវា​សាព័ត៌មាន​របស់​ប្រធានាធិបតី​ហ្វីលីពីន​ផង​ដែរ។

ទស្សនកិច្ច​របស់​លោក​ Duterte​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់ពី​អាជ្ញាធរ​ហ្វីលីពីន បាន​បើក​ប្រតិបត្តិការ​មួយ ដើម្បី​ប៉ុនប៉ង​វាយ​កំទេច​ទីកន្លែង​របស់​ក្រុម​អ៊ីស្លាម​និយម​ Maute មួយ​នៅ​សាលាក្រុង​ចាស់​ដែល​គេ​បោះបង់​ចោល​និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត​របស់​ក្រុម Maute​នៅ Butig ដែល​សុទ្ធស៊ឹង​ជា​តំបន់​ព្រៃភ្នំ​ស្ថតិ​នៅ​ចម្ងាយ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​​ពី​ក្រុង Marawi។

គួររំលឹកថា​កាលពី​ថ្ងៃ​ចន្ទ​មុន​នេះ ប៉ូលីស​ហ្វីលីពីន​ បាន​ដោះ​ឆ្នួន​គ្រាប់បែក​អាយ​​មួយ​មិន​ឲ្យ​ផ្ទុះ​ទាន់​។​គ្រាប់បែក​ដែល​គេ​លាក់​ក្នុង​ធុង​សម្រាម​មួយ​នៅ​មិន​ឆ្ងាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងម៉ានីល​និង​ដែល​អាជ្ញាធរ បាន​ទម្លាក់ទោស​ទៅ​លើ​ក្រុម​អ៊ីស្លាម​និយម Maute​ដដែល។
រីឯ ​អ្នក​នាំពាក្យ​របស់​កងទ័ព​ហ្វីលីពីន​  បាន​ចាត់ទុក​ចលនា​អ៊ីស្លាម​និយម​ Maute ​ថា​ជា​អ្នក​ធ្វើ​អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បាន​អះអាង​ទៀត​ថា បក្សព័ន្ធ​របស់​ពួក Maute កំពុង​លាក់​សម្ងំ​ខ្លួន​នៅ​ក្នុង​តំបន់​និង​បាន​ដាក់​បង្កប់​គ្រាប់បែក​នៅ​តាម​ដង​ផ្លូវ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំនួយ​កងទ័ព​អាច​ធ្វើ​ដំណើរ​មក​ដល់​ក្នុង​តំបន់​៕​​​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ