អានតួអត្ថបទ
ចិន-សិង្ហបុរី

ចិន​ចាប់​រថក្រោះ​សិង្ហបុរី​​ដែល​ដឹក​ចេញពី​តៃវ៉ាន់​ ជា​ការ​ព្រមាន​

ថ្មីៗនេះ អាជ្ញាធរ​គយចិន​នៅ​កំពង់ផែ​ហុងកុង​បាន​ចាប់ឃាត់​រថក្រោះ​៩គ្រឿង ព្រមទាំង​សម្ភារ​យោធា​មួយចំនួន​ទៀត​ដែលជា​របស់​សិង្ហបុរី។ រថក្រោះ​និង​សម្ភារ​ទ័ព​ទាំងនេះ​គឺត្រូវ​បាន​ដឹក​ចេញ​ពី​កោះ​តៃវ៉ាន់ ឆ្ពោះទៅ​សិង្ហបុរី​ហើយ​ត្រូវ​ឆ្លងកាត់​ហុងកុង។ ហេតុការណ៍​ចាប់ឃាត់​នេះ បាន​​កើតឡើង​តាំងតែ​ពី​ថ្ងៃទី​២៣​វិច្ឆិកា​ម្ល៉េះ តែ​មកទល់​ពេលនេះ ចិន​នៅតែ​ប្រកែក​មិនព្រម​ប្រគល់​​រថក្រោះ​នឹង​សម្ភារ​ទាំងនេះ​ទៅឲ្យ​​សិង្ហបុរី​ទេ។ សម្រាប់​អ្នក​ជំនាញ នេះ​គឺជា​ចេតនា​របស់​ចិន ដែលចង់​គម្រាម​សិង្ហបុរី​ឲ្យឈប់​ទាក់ទង​ផ្នែក​យោធា​ជាមួយ​កោះ​តៃវ៉ាន់​ត​ ទៅ​ទៀត។ 

សម្ភារ​យោធា​របស់​សិង្ហបុរី ដែល​គេឃើញ​នៅ​ហុងកុង ថ្ងៃ​២៤វិច្ឆិកា​២០១៦
សម្ភារ​យោធា​របស់​សិង្ហបុរី ដែល​គេឃើញ​នៅ​ហុងកុង ថ្ងៃ​២៤វិច្ឆិកា​២០១៦ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

រថក្រោះ​៩គ្រឿង​និង​សម្ភារយោធា​មួយ​ចំនួន​ធំ​ ដែលជា​កម្មសិទ្ធិ​របស់​សិង្ហបុរី​ត្រូវបាន​អាជ្ញាធរ​ចិន​ នៅ​កំពង់ផែ​ហុងកុង​ចាប់ឃាត់​ទុក។ សម្ភារ​យោធា​ទាំងនោះ​ត្រូវ​បាន​ដឹកចេញ​ពី​កោះ​តៃវ៉ាន់​​ត្រលប់ទៅ​សឹង្ហបុរី​វិញ​ក្រោយពេល​ដែល​កងទ័ព​សឹង្ហបុរី​បាន​បញ្ចប់​ការ​ហ្វឹកហាត់​របស់​ពួកគេ។

កាលពី​ថ្ងៃសៅរ៍​ទី៣ធ្នូ សិង្ហបុរី​បាន​បញ្ជូន​គណ​ប្រតិភូ​ពិសេស​ទៅដល់​ហុងកុង ដើម្បី​ចរចា​សុំ​ឲ្យគេ​ប្រគល់​រថក្រោះ​និង​សម្ភារ​យោធា​ទាំងនោះ តែអ្វី​ដែល​មិននឹក​ស្មានដល់ គឺ​អាជ្ញាធរ​ហុងកុង​បាន​រុញ​គណប្រតិភូ​សឹង្ហបុរី ឲ្យ​ទៅជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន​​ដោយផ្ទាល់​ទៅវិញ។ មាន​ន័យថា ចិន​ចាត់ទុក​បញ្ហានេះ​គឺជា​បញ្ហា​ការទូត។

ខាង​ភាគីចិន​បាន​យកលេស​ថា រថក្រោះ​និង​សម្ភារ​យោធា​ទាំងនោះ​ពុំមាន​ក្រដាសស្នាម​អនុញ្ញាត​​ត្រឹមត្រូវ។ តែ​យ៉ាងណា​ក៏ដោយ បណ្តាញ​សារព័ត៌មាន​បាន​លើកឡើង​ថា វា​មិនមែន​ជា​ទំលាប់​របស់​សឹង្ហបុរី​ទេ ដែល​ធ្វើ​ការ​ដឹក​ជញ្ជូន​សម្ភារធំៗ​ប្រភេទនេះ ដោយ​គ្មាន​ក្រដាស​ស្នាម​​នោះ។ នេះ​គ្រាន់តែ​ជា​លេស​របស់​ចិន​ ដើម្បី​ចង់​ធ្វើបាប​សិង្ហបុរី​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា រថក្រោះ​និង​សម្ភារ​យោធា​ទាំងនោះ គឺ​ដឹក​ត្រលប់​មកពី​កោះ​តែវ៉ាន់ ព្រោះ​ទាហាន​​សិង្ហបុរី​មាន​ជំរំ​ហ្វឹកហាត់​នៅ​ទីនោះ។ ការ​ពិត​សឹង្ហបុរី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តៃវ៉ាន់​តាំងតែ​ពី​ឆ្នាំ១៩៧៤​ម្ល៉េះ​ដើម្បី​បង្កើត​បន្ទាយ​ហ្វឹកហាត់​មួយ​សម្រាប់​ទាហាន​សិង្ហបុរី ដោយសារតែ​សិង្ហបុរី​មាន​ដី​តូចពេក មិនអាច​រក​កន្លែង​ធ្វើបាន។​ ដូច្នេះ ការ​ដឹកជញ្ជូន​រថក្រោះ​ក៏​ដូចជា​សម្ភារ​ទ័ព​រវាង​តៃវ៉ាន់​និង​សិង្ហបុរី ដោយ​ឆ្លងកាត់​ហុងកុង គឺ​បាន​ធ្វើជា​ច្រើនលើក​អស់​រយៈពេល​ជាង៤០ឆ្នាំ​មកហើយ មិនមែន​ទើបតែ​លើក​នេះ​ទេ។

តាម​ការ​វិភាគ​លើកនេះ ចិន​បាន​ចាប់ឃាត់​រថក្រោះ​និង​សម្ភារ​យោធា​របស់​សិង្ហបុរី ព្រោះ​ចិន​មាន​ចេតនា​ចង់​ដាក់​គំនាប​លើ​សិង្ហបុរី​ឲ្យ​បិទបញ្ចប់​ទំនាក់ទំនង​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​​កោះ​តៃវ៉ាន់។ សម្រាប់​ចិន ការដែល​សិង្ហបុរី​និងតៃវ៉ាន់​មាន​ទំនាក់ទំនង​យោធា​នឹងគ្នា គឺ​​មិនមែន​ជា​រឿងល្អ​ទេ។ ជាងនេះ​ទៅទៀត តៃវ៉ាន់​និង​សិង្ហបុរី​សុទ្ធតែ​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក។ ទង្វើ​របស់​ចិន​នា​ពេលនេះ គឺ​ដើម្បី​ចាប់​បង្ខំ​ឲ្យ​សិង្ហបុរី​ធ្វើការ​ជ្រើសរើស​ថា​ត្រូវ​យក​ចិន​​រឺ​យក​តៃវ៉ាន់?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ