អានតួអត្ថបទ

ថៃបើក​អង្កេត​រឿង​ទូរទស្សន៍​BBC សរសេរ​ប្រវត្តិរូប​ស្តេច

អាជ្ញាធរ​ថៃ មិន​សប្បាយ​ចិត្ត​សោះ​​នឹង​ខ្លឹម​សារ​អត្ថបទ​ រៀប​រាប់​អំពី​​​ប្រវត្តិរូបសង្ខេប​របស់​​ព្រះមហាក្សត្រ​ថ្មី ​ដែល​ BBC បានចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​វិបសៃត៍​របស់​ខ្លួន។ ប្រជាពលរដ្ឋ​ថៃ ដែល​មាន​ប្រពៃណី​គោរព​ស្តេច ស្ទើរ​ដូច​ព្រះ ក៏​បាន​បញ្ចេញ​កំហឹងយ៉ាង​ព្រោង​ព្រាត​លើ​ប្រព័ន្ធ​សង្គម ព្រោះ​ចាត់​ទុក​ជា​ការជេរ​​ប្រមាថ​ព្រះ​មហាក្សត្រ។ ហេតុ​​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​សឹក​ថៃសម្រេច​​បើក​ការ​ស៊ើប​អង្កេតភ្លាម។

ទីស្នាក់ការ​ធំរបស់​ BBCនៅទីក្រុង​ឡុងដ៍
ទីស្នាក់ការ​ធំរបស់​ BBCនៅទីក្រុង​ឡុងដ៍ REUTERS/Paul Hackett
ផ្សាយពាណិជ្ជកម្ម

និយាយ​ប៉ះពាល់​ដល់​របប​រាជានិយម ដល់ស្តេច​​​ គឺ​ជា​ការ​ប្រមាថព្រះ​ចេស្តា​ព្រះ​មហាក្សត្រ ដែល​អាច​មាន​ទោស ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥​ឆ្នាំ។ នេះ​ជា​ច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​ច្បាប់​ដ៏​តាន​តឹង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក !

នៅ​ថ្ងៃទី ១ ធ្នូមក  ៥០​ថ្ងៃ​គត់ ក្រោយ​ការ​សោយទិវង្គត​របស់​ព្រះចៅ​ភូមិបុល​ ​ព្រះបាទ មហា វជ្ជរ៉ាឡុងកន ឬ រ៉ាម៉ា ១០ បាន​ឡើង​សោយរាជ្យ​ស្នង​ពី​បិតា។ គ្រប់​សារព័ត៌មាន​ វិទ្យុ ទូរទស្សន៍ ជាតិ​អន្តរជាតិ បាន​នាំគ្នា​ផ្សព្វផ្សាយ​ដំណឹង​នេះ។ ទូរទស្សន៍​BBC ដែល​មាន​សេវាកម្ម​ ជាភាសាថៃ ក៏​បាន​ចុះ​ផ្សាយ​ប្រវត្តិរូប​សង្ខេប​របស់​​ព្រះ​មហាក្សត្រ​ថ្មីនេះ​ដែរ ​លើ​ប្រព័ន្ធ​វិបសៃត៍​របស់​ខ្លួន។

ប៉ុន្តែ​គេ​មិន​អាច​ចូល​ទៅ​អាន​អត្ថបទ​​ស្តី​អំពី​ប្រវត្តិរូប​សង្ខេប​ព្រះ​មហាក្សត្រ​ថៃថ្មី​នេះ​បាន​ទៀត​ទេ ព្រោះ​អាជ្ញាធរ​ថៃ​​បាន​បិទ​ខ្ទប់​​រួច​ទៅ​ហើយ​។ នៅ​ថ្ងៃពុធ​នេះ​ទៀត គេ​នៅ​តែ​មិន​អាច​ចូល​ទៅក្នុង​វិបសៃត៍​BBC ដើម្បី​អាន​អត្ថបទ​នោះ​បាន​ឡើយ គេ​ឃើញ​មាន​តែ​សារ​មួយ​ថា “បិទខ្ទប់​ព្រោះ​ខ្លឹមសារ​មិន​ត្រឹមត្រូវ”។

លោក​ ប្រាវិត វ៉ង់ស៊ូវ៉ាន់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នឹង​បើក​ការ​ស៊ើបអង្កេត​ ព្រោះ​ នេះ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ ក្នុង​ការ​ដាក់​ទោស​ប្រឆាំង​នឹង​ការ​មិន​គោរព​ច្បាប់។

ប៉ូលិស​ស៊ីវិល​ និង​ទាហាន​ថៃ​ពីរ​បី​នាក់ បាន​ចូល​ទៅ​ធ្វើ​ការ​ឆែកឆេរ ដល់​ទីស្នាក់ការ​ទូរទស្សន៍BBC​នៅ​ក្នុង​ប្រទេស​ថៃ តាំង​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ តែ​តំណាង​ទូរទស្សន៍ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ ទាក់​ទង​នឹង​សំណុំ​រឿង​នេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ