ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

អ.ស.ប.​អំពាវនាវ​ឲ្យ​លោកស្រី​ អ៊ុងសាន ​ស៊ូជី​អន្តរាគម​នៅ​ក្នុង​វិបត្ត​​ជនជាតិ​ភាគ​តិច​​រ៉ូហ៊ីងយ៉ា​

media  
ជន​ជាតិ​​ភាគតិច​​រ៉ូហ៊ីងយ៉ា​​យក​​ស្បែកជើង​​គប់​​រូបភាព​​របស់​​លោក​ស្រី​​​​ស៊ូជី​​​​ក្នុង​​​​​ពេល​​បាតុកម្ម​​​ប្រឆាំង​​​​នឹង​​ការ​​ធ្វើ​​បាប​​លើ​​ជនជាតិ​​ភាគ​តិច​​រ៉ូហ៊ីងយ៉ា​​​​​​​នៅ​​ភូមា​​ថ្ងៃ​​​២៥​​វិច្ឆិកា​​២០១៦​​ AFP

ទីប្រឹក្សា​ពិសេស​របស់​អ.ស.ប.ទទួល​បន្ទុក​បញ្ហា​ភូមា ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ពី​ទីក្រុង​ញូវយក លោក Vijay Nambiar បាន​អំពាវនាវ​សុំ​ឲ្យ​​លោកស្រី ​អ៊ុងសាន​ស៊ូជី​ ជួយ​អន្តរាគម​នៅ​លើ​វិបត្តិ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ ទីប្រឹក្សា​ពិសេស​របស់​អ.ស.ប. ថែម​ទាំង​បាន​អញ្ជើញ​លោកស្រី ស៊ូជី​​ឲ្យ​ចុះ​ទៅ​មើល​សភាពការណ៍​ដោយ​ផ្ទាល់​ភ្នែក​នៅ​តំបន់​ពាយ័ព្យ​ភូមា​ដែល​នៅ​ទីនោះ ជន​ជាតិ​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​កងទ័ព​ភូមា​ធ្វើ​ទុក្ខ​បុកម្នេញ​ឥតល្ហែរ។​

 

នៅ​ក្នុង​វិបត្តិ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ ទីប្រឹក្សា​ពិសេស​របស់​អ.ស.ប.ទទួល​បន្ទុក​បញ្ហា​ភូមា បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​ ​ពី​ការ​ខ្វល់ខ្វាយ​ព្រួយ​បារម្ភ​របស់​លោក​​ចំពោះ​ស្ថានការណ៍​​នៅ​រដ្ឋ​Rakhine ក្នុង​ប៉ែក​ពាយ័ព្យ​ភូមា។ ក្នុង​ន័យ​នេះ លោក Vijay Nambiar បាន​អំពាវនាវ​សុំ​ឲ្យ​លោកស្រី ស៊ូជី​ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ធ្វើ​អន្តរាគម​ដើម្បី​បើក​ច្រក​ឲ្យ​ក្រុម​អង្គការ​មនុស្សធម៌​នានា អាច​ចូល​ទៅ​ជួយ​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប៉ែក​ពាយព្យ​ភូមា។​

 
មួយវិញទៀត បន្ទាប់ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​នានា ប្រឆាំង​ទៅ​លើ​ប៉ុស្តិ​ប៉ូលីស​ភូមា​ជា​ច្រើន​កន្លែង​កាលពី​ដើម​ខែ​តុលា​កន្លង​ទៅ កងទ័ព​ភូមា បាន​បើក​ការ​វាយ​ប្រហារ​​​យោធា​មួយ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​ធេង​នៅ​ក្នុង​តំបន់ ដែល​អ្នក​តំណាង​អ.ស.ប.​ប្រចាំ​ប្រទេស​បង់ក្លាដែស​មួយ​រូប វាយ​តម្លៃ​ថា​”ជា​យុទ្ធនាការ​បោស​សំអាត​ជាតិ​ពិន្ធុ”។

ពីព្រោះ យោធា​ភូមា ​​បាន​វាយ​រុញ​ច្រាន​ជន​ជាតិ​រ៉ូហីងយ៉ា​ចំនួន ២​ម៉ឺន​នាក់​​​ ឲ្យ​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​សង្គ្រាម​និង​រត់​ទៅ​ជ្រក​កោន​​នៅ​បឹងក្លាដែស​ប្រទេស​ជិត​ខាង​ភូមា។

ចំណែក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​វិញ បាន​និយាយ​រៀបរាប់​ពី ទុក្ខវេទនា​របស់​ពួក​គេ​និង​“អំពើ​ឃោឃៅ​ដែល​​កងទ័ព​ភូមា បាន​បង្ក​ធ្វើ​ឡើង​ប្រឆាំង​ទៅ​លើ​ពួក​គេ ដូច​ជា​ការ​ចាប់​រំលោភ​ជា​ក្រុម ការ​ធ្វើ​ទារុណកម្ម ឃាតកម្ម​និង​ការ​សម្លាប់​រង្គាល ល និង ល។

នៅ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​ប្រឆាំង​ទៅ​លើ​សហគមន៍​ជាតិ​ពិន្ធុ​រ៉ូហ៊ីងយ៉ា ​នាយក​រដ្ឋមន្រ្តី ប្រទេស​ម៉ាឡេស៊ី នៅ​ចំពោះ​មុខ​បណ្តាជន​ប្រមាណ​៥០០០​នាក់ ​កាលពី​ថ្ងៃ​អាទិត្យ​មុន បាន​ទាម​ទារ​ឲ្យ​ លោកស្រី​ស៊ូជី ចាត់​វិធានការ​ដើម្បី​កុំ​ឲ្យ​មាន​​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ត​ទៅ​មុខ​ទៀត​។

លោក Nafib Razak នាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី ថែម​ទាំង​បរិហារ​ថា​សហគមន៍​អន្តរជាតិ នៅ​ស្ងាត់​ស្ងៀម​​គ្មាន​បញ្ចេញ​សកម្មភាព​អ្វី​សោះ​នៅ​ក្នុង​ការ​ទប់ស្ងាត់​អំពើ​ប្រល័យ​ពូជសាសន៍លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ថែម​ទាំង​និយាយ​ដៀមដាម​ដាក់​ផ្លែ​ឲ្យ​លោកស្រី ស៊ូជី​ដែរ​ថា “តើ​ពាន​រង្វាន់​ណូបែល​សន្តិភាព​របស់​លោកស្រី ស៊ូជី​នោះ វា​បាន​ប្រយោជន៍​ស្អី​ទៅ ?”។

គួររំលឹកថា សហគមន៍​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា គឺ​ប្រជាជន​អត់​ស្រុក​ទេស​និង​ត្រូវ​បាន​ប្រជាជន​ភូមា​ចាត់​ទុក​ជា​មនុស្ស​ក្រៅ​ស្រុក ទោះបី​ជា​ពួក​គេ​បាន​រស់​នៅ​ក្នុង​ប្រទេស​ភូមា​អស់​រយៈ​ពេល​​ជាច្រើន​ជំនាន់​ក្តី៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ