អានតួអត្ថបទ
ហុងកុង

ហុងកុង​រៀបចំ​ការបោះឆ្នោត​ដើម្បី​ឈាន​ទៅ​ជ្រើសរើស​ចៅហ្វាយក្រុងថ្មី

ដំណើរការ​បោះឆ្នោត ដើម្បី​ឈាន​ទៅ​ជ្រើសរើស​ចៅហ្វាយក្រុង​ ថ្មី​បានចាប់ផ្តើម ហើយ នៅ​ទីក្រុង​ហុងកុង។ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ មនុស្ស​ប្រមាណ ជាង ២សែននាក់ បានទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស គណៈកម្មាធិការ​មួយ ដែល​នឹង​តួនាទី ទៅ​បោះឆ្នោត បន្ត ជ្រើសរើស​ចៅហ្វាយក្រុង​ហុងកុង។ ការបោះឆ្នោត​នៅថ្ងៃ​អាទិត្យ ធ្វើឡើង​នៅតែ​ពីរថ្ងៃ​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​ហុងកុង លោក​លឿង ជុនយីង ដែល​មាន​ទំនោរ​ទៅរក​ក្រុងប៉េកាំង​បាន​ប្រកាស​ថា លោក​នឹង​មិន​ឈរឈ្មោះ នៅក្នុង​ការបោះឆ្នោត​នាខែ​មីនា​ខាងមុខ​នោះទេ។ 

ក្រុម​អ្នកប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ដែល​រារាំង​មិន​ឲ្យ​អ្នកតំណាង​របស់ខ្លួន​ស្បថ​ចូល​កាន់​តំណែង​នៅ​សភា
ក្រុម​អ្នកប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ដែល​រារាំង​មិន​ឲ្យ​អ្នកតំណាង​របស់ខ្លួន​ស្បថ​ចូល​កាន់​តំណែង​នៅ​សភា ©REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ក្រុងហុងកុង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ថ្មី នៅ​ខែ​មីនា​ឆ្នាំក្រោយ។ ហុងកុង មាន​ប្រជាជន​ជាង ៧​លាន​នាក់ ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ មាន​ប្រជាជន​ហុងកុង​ប្រមាណ ៦ភាគរយ តែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​បោះឆ្នោត ដែល​នឹង​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើស​អនាគត​ចៅហ្វាយក្រុង​ហុងកុង នៅឆ្នាំក្រោយ។ មនុស្ស​ជាង​២សែន​នាក់ ដែល​អាច​ទៅបោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ភាគច្រើន​មក​ពី​ក្រុមអ្នកជំនួញ និង​អ្នកមាន​ឋានៈ តួនាទី​ក្នុង​រដ្ឋាភិបាល ដែល​ត្រូវ​បាន​គេ​វាយតម្លៃថា មាន​តែង​មាន​ទំនោរ​ទៅរក​ប្រទេស​ចិន។

 
ក្រុមសកម្មជន​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ហុងកុង បាន​ចាត់ទុក​ ការបោះឆ្នោត​នៅថ្ងៃ​អាទិត្យ​ថាជា​ការមើលស្រាល​លទ្ធិប្រជាធិបតេយ្យ ព្រោះថា មាន​មនុស្ស​តែ​មួយ​ក្តាប់តូច​ដែល​អាច​ទៅ​បោះឆ្នោត។ មួយវិញទៀត ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ សរុប​ប្រមាណ ១២០០​នាក់ មាន​មួយភាគបី​ទៅហើយ ដែល​នៅរក្សា​កៅអី​របស់ខ្លួន ដោយ​មិនឆ្លង​កាត់​ការបោះឆ្នោត។

បើទោះបី​ជាប្រព័ន្ធ​បោះឆ្នោត​បច្ចុប្បន្ន​ត្រូវ​តាក់តែង​ឡើង​ដើម្បី​រក្សាអំណាច​របស់​ក្រុមអ្នកមាន​និន្នាការ​ទៅរក​ក្រុង​ប៉េកាំង បក្ស​ប្រឆាំង​សង្ឃឹមថា នឹង​អាច​បង្កើន​វត្តមាន​របស់​ក្រុមខ្លួន នៅក្នុង​គណៈកម្មការ ដើម្បី​អាច​មាន​សិទ្ធិ​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​មួយ ដែល​គិតគូរ​ដល់​សេដ្ឋកិច្ច​របស់​ហុងកុង និង​មិន​សូវ​រណបខ្លាំង​នឹង​ទីក្រុង​ប៉េកាំង។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១២ ដោយមាន​សារ​មាន​សំឡេង​ច្រើន​របស់​ក្រុមប្រឆាំង ចៅហ្វាយក្រុង​បច្ចុប្បន្ន លោក​លឿង ជុនយីង​បាន​ទទួល​សំឡេងឈ្នះ យ៉ាង​ប្រភិតប្រផើយ ប្រមាណ ៦៨៩ ក្នុង​ចំណោម​សំឡេង​សរុប​១២០០។ យ៉ាងណាក៏ដោយ លោក​លឿង ជុនយីង​ក៏​នឹង​មិន​បារម្ភ​ខ្លាច​ធ្លាក់​នោះដែរ។ លោក​លឿង ជុនយីង ដែល​ធ្លាក់កូដ បាត់ប្រជាប្រិយភាព​តាំង​ពី​បាតុកម្ម​ប្រឆាំង​ប៉េកាំង នៅ​ឆ្នាំ ២០១៤ បាន​ប្រកាស កាលពីថ្ងៃ​សុក្រ ថា នឹង​មិន​ឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ក្រោយ​នោះទេ។ ក្រុមអ្នកប្រជាធិបតេយ្យ និង​អ្នកទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង វិញ ដែល​ឃើញ​ក្រុមអ្នកតំណាង​របស់ខ្លួន នៅសភា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បាន​សំដែង​ក្តី​បារម្ភថា បើ​ទោះបី​ជា​លោក​លឿង ដែល​ជា​មនុស្ស​របស់​ប៉េកាំង លែង​ឈរឈ្មោះ ប៉ុន្តែ ថ្នាក់ដឹកនាំ​ម្នាក់ទៀត ដែល​គាំទ្រចិន នឹង​ចូល​មក​ជំនួស​លោក​លឿងដដែល គឺ​នឹង​គ្មាន​អ្វីផ្លាស់ប្តូរ​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ