អានតួអត្ថបទ
កូរ៉េខាងត្បូង

មនុស្ស​ជំនិត​របស់​លោកស្រី ប៉ាក់ គុនហេ​ត្រូវ​តុលាការ​ចោទប្រកាន់​ជាបន្តបន្ទាប់

បន្ទាប់ពី​ចោទប្រកាន់​មនុស្ស​ជំនិត​ពីរនាក់ របស់លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ តុលាការ​កូរ៉េខាងត្បូង បាន​សម្រេច​នៅថ្ងៃ​អាទិត្យនេះ បន្ត​ចោទប្រកាន់​អតីត​ទីប្រឹក្សា ហើយ​និង​អតីត​រដ្ឋមន្រ្តី​វប្បធម៌​ពីររូប​ផ្សេង​ទៀត របស់​លោកស្រី​ប៉ាក់ គុនហេ ក្នុង​ក្របខ័ណ្ឌ​នៃ​ការស៊ើបអង្កេត​ទៅលើ​ការឃុបឃិត ប្រព្រឹត្ត​អំពើពុករលួយ ដែល​មាន​ស្រ្តី ឆយ ស៊ុនស៊ីល​ជា​ម្ចាស់​ដើមរឿង។ 

ក្រុមបាតុករ​ពាក់​មុខ​មន្រ្តី​រដ្ឋាភិបាល និង​លោកស្រី​ប៉ាក់ គុនហេ ដែល​ជាប់ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​នៅ​កូរ៉េខាងត្បូង
ក្រុមបាតុករ​ពាក់​មុខ​មន្រ្តី​រដ្ឋាភិបាល និង​លោកស្រី​ប៉ាក់ គុនហេ ដែល​ជាប់ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​នៅ​កូរ៉េខាងត្បូង © REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវ​ពុករលួយ រំលោភ​អំណាច បាន​រីកមុខ​កាន់​តែ​ធំ នៅ​កូរ៉េខាងត្បូង។ នៅពីរថ្ងៃ​ក្រោយ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​សភា​បោះឆ្នោត​ទម្លាក់ អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច របស់​លោកស្រី ហើយ​និង​អតីត​អនុរដ្ឋមន្រ្តី​វប្បធម៌​ម្នាក់​ទៀត ត្រូវ​បាន​តុលាការ ចោទប្រកាន់​នៅថ្ងៃ​នេះ គឺ​បន្ថែម​ពីលើ​ជនសង្ស័យ​បីរូប ដែល​តុលាការ​បាន​ចោទប្រកាន់ ដែល​នៅក្នុង​នោះ​មាន​ឆយ ស៊ុនស៊ីល មិត្តជិតស្និទ្ធ​របស់​លោកស្រី​ប៉ាក់ គុនហេ។

 
តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ លោក​ឆូ វ៉ុនដុង អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោកស្រី​ប៉ាក់ គុនហេ​ត្រូវ​បាន​រដ្ឋអាជ្ញា​ចោទប្រកាន់​ថា បាន​ធ្វើតាម​លោកស្រី​ប្រធានាធិបតី​ដើម្បី​ដាក់​គំនាប​ទៅលើ​ក្រុមហ៊ុន​ឯកជន CJ groupe។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​ផងដែរ អតីត​អនុរដ្ឋមន្រ្តី​វប្បធម៌​គីម ឆុង ពីបទ​រំលោភ​អំណាច ប្រើឥទ្ធិពល​របស់ខ្លួន​ដើម្បី ជំរុញ​ឲ្យ​ក្រុមហ៊ុនរដ្ឋ​ចុះកិច្ចសន្យា​ជាមួយ​មូលនិធិ​របស់​លោកស្រី ឆយ ស៊ុនស៊ីល មិត្តជំនិត​របស់​លោកស្រី​ប៉ាក់ គុនហេ។

ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង រដ្ឋអាជ្ញា​នៅ​តែ​ដាក់​ការចោទប្រកាន់​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ថា​បាន​ដើរតួនាទី ឃុបឃិត ក្នុង​រឿងអាស្រូវ​ពុករលួយ​របស់​លោកស្រី​ឆយ ស៊ុនស៊ីល។ ប៉ុន្តែ លោកស្រី ប៉ាក់ គុនហេ ដែល​បើទោះបី​ជា​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់ អស់​អំណាច​ពីក្នុង​ដៃ កាលពី​ថ្ងៃ​សុក្រ​ក៏ពិតមែន ក៏​នៅ​តែ​មាន​ឈ្មោះ​ជា​ប្រធានាធិបតី រហូត​ដល់​ការសម្រេច​ចុងក្រោយ​របស់​តុលាការ​ធម្មនុញ្ញ។

ក្នុង​ពេលរង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ លោកស្រី​នៅ​តែ​ទទួល​បាន​អភ័យឯកសិទ្ធិ ទៅតាម រដ្ឋធម្មនុញ្ញ ដែល​បាន​ចែងថា គេមិនអាច ចោទប្រកាន់ ប្តឹងផ្តល់​ព្រហ្មទណ្ឌ​ប្រមុខដឹកនាំ ដែល​កំពុង​កាន់អំណាច​បានទេ លើកលែង​តែ​រឿង​បះបោរ ក្បត់ជាតិ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ