អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​ជប៉ុន​ក្រាល​កម្រាល​ព្រំ​ទទួល​ប្រធានាធិបតី​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ជប៉ុន។ នៅ​ជប៉ុន ប្រមុខ​ដឹកនាំ​រុស្ស៊ី ត្រូវ​ចូលរួម​ក្នុង​ជំនួប​កំពូល​រុស្ស៊ី ជប៉ុន ដែល​ផ្តោតទៅ​លើ​ជម្លោះ​ប្រជុំ​កោះគូរីល ដែល​បាន​បំពុល​ទំនាក់ទំនង​រុស្ស៊ី ជប៉ុន រហូត​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មិនអាច​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា។ 

នាយក​រដ្ឋមន្រ្តី​ជប៉ុន និង​ប្រធានាធិបតី​រុស្ស៊ី នៅ​ក្នុង​ជំនួប​កំពូល​រុស្ស៊ី ជប៉ុន នៅ​ថ្ងៃទី ១៥ និង​១៦​ធ្នូ ២០១៦
នាយក​រដ្ឋមន្រ្តី​ជប៉ុន និង​ប្រធានាធិបតី​រុស្ស៊ី នៅ​ក្នុង​ជំនួប​កំពូល​រុស្ស៊ី ជប៉ុន នៅ​ថ្ងៃទី ១៥ និង​១៦​ធ្នូ ២០១៦ 路透社
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​១១​ឆ្នាំ​ចុងក្រោយ នេះ​ជា​លើក​ទី ១ ដែលប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ដាក់ជើង​ជាន់​ទឹកដី​ជប៉ុន។ ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​ប្រមុខ​ដឹកនាំ​រុស្ស៊ី នៅជប៉ុន ជា​លទ្ធផល​នៃ​នយោបាយ​ស្រទន់​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ធ្លាប់​ជួបពិភាក្សា ​យ៉ាងតិច ១៥​ដង ជាមួយ​ប្រមុខដឹកនាំ​កំពូល​របស់​ក្រេមឡាំង ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយនេះ។ ចង់​ដោះស្រាយ​ជម្លោះ​ដណ្តើម​ដីប្រជុំកោះ​គូរីល​ជាមួយ​រុស្ស៊ី។

 
នៅ​មុន​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ធ្លាប់​បាន​សន្យា​ថា នឹង​ខំប្រឹង​ដោះស្រាយ​ជម្លោះ​ប្រជុំកោះគូរីល ដើម្បី​ទុក​ជា​ដាន​ក្នុង​ប្រវត្តិសាស្រ្ត​ទំនាក់ទំនង​រុស្ស៊ី និង​ជប៉ុន។ កាលពី​ខែ​កញ្ញា លោក​អាបេ​ដែលបានទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ម៉ូស្គូ​ធ្លាប់បាន​និយាយ​ទៅកាន់​លោកប្រធានាធិបតី​រុស្ស៊ី​ថា លោក​បាន​កំណត់​ខ្លួន​ឯង​ហើយថា នឹង​ខំប្រឹង​ប្រើ​អស់​កម្លាំង​កាយចិត្ត ដើម្បី​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​រុស្ស៊ី និង​ជប៉ុន។ ដើម្បី​ចាក់គ្រឹះ ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី លោកនាយក​រដ្ឋមន្រ្តី​អាបេ បាន​ដើរផ្ទុយស្រឡះ​ពី​នយោបាយ​ជា​ប្រពៃណី​របស់​ជប៉ុន ដោយ​សុខចិត្ត​ធ្វើ​សម្បទាន ទាមទារ​យកកោះតែ​ពីរ ប៉ុណ្ណោះ ក្នុង​ចំណោម​កោះ៤​នៃ​ប្រជុំកោះ​គូរីល ពី​រុស្ស៊ី។ លើសពីនោះ លោកអាបេ​បាន​បង្ហើប​ពី​សហការ​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ មួយពាន់ ពាន់​លាន​យេន ស្មើ​នឹង ៨,១៥​ពាន់​លាន​អឺរ៉ូ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​អាបេ​បាន​ទទួល​លោក​ពូទីន​នៅ​ខេត្ត​ណាហ្កាតាវ ដែលមាន​ផ្ទះ​គ្រួសារ​របស់លោក។ 

នៅមុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ជប៉ុន លោក​វ្លាឌីមៀរ ពូទីន​បាន​និយាយ​ប្រាប់​អ្នកកាសែត​ជប៉ុន​ថា លោក​ចាប់អារម្មណ៍​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី ជប៉ុន ប៉ុន្តែ ជាមួយ​គ្នានោះ លោក​ក៏មិន​ចង់​រំលោភ​ការទុកចិត្ត​របស់​ប្រជាជន​រុស្ស៊ី។ ពាក្យ​មួយឃ្លា​បង្ហាញថា លោក​ពូទីន​ច្បាស់​ជា​នឹង​មិនធ្វើ​សម្បទាន យល់ព្រម​ចែកដីប្រជុំកោះ​គូរីល​ទៅ​ឲ្យ​ជប៉ុន​វិញដែរ។

២៥​ឆ្នាំ​មកហើយ ដែល ជប៉ុន និង​រុស្ស៊ី​បាន​ចរចា​គ្នា ដើម្បី​រកដំណោះស្រាយ​ឲ្យ​ជម្លោះ​ដណ្តើម​ទឹកដី​រវាង​ប្រទេស​ទាំងពីរ ពោល​គឺ​ចាប់តាំង​ពី​សហភាព​សូវៀត ដួលរលំ ម្ល៉េះប៉ុន្តែ ការចរចា​រាល់លើក​ត្រូវ​បរាជ័យ។

នៅឆ្នាំ ១៩៥៦ ថ្នាក់ដឹកនាំ​រុស្ស៊ី​ធ្លាប់​បាន​សន្យា​យល់ព្រម​ប្រគល់​កូនកោះ ពីរ របស់​ប្រជុំកោះ​គូរីល(កោះShikotan និង​Habomai)ទៅ​ឲ្យ​ជប៉ុន​វិញ ជាថ្នូរ​ជាមួយ​នឹងការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ជប៉ុន។ ប៉ុន្តែ ជប៉ុន​មិនព្រម គឺ​ចង់​បាន​ប្រជុំកោះ​គូរីល​ទាំង​៤​ដែលជប៉ុន​បាន​ចោទ​រុស្ស៊ី​ថា បាន​រឹបអូស​យក​ទៅ​គ្រប់គ្រង​ខុសច្បាប់ នៅពេល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើក​ទី២។

សម្រាប់​អ្នកជំនាញ​ខាង​ទំនាក់ទំនង​រុស្ស៊ី និង​ជប៉ុន កិច្ចព្រមព្រៀង​ស្តីពី​ប្រជុំកោះ​គូរីល​ជារឿង​ដែល​ពិបាក​នឹង​ចេញរួច។ ប៉ុន្តែ រុស្ស៊ី និង​ជប៉ុន​ទំនង​អាច​និយាយ​ត្រូវរ៉ូវគ្នា ដោយ​ដាក់​ប្រជុំកោះ គូរីល ក្នុង​ការអភិវឌ្ឍ​រួមគ្នា ដូចជា​បង្កើត​តំបន់​សេដ្ឋកិច្ច​ជប៉ុន នៅលើ​ប្រជុំកោះ​គូរីល​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​រុស្ស៊ី។

រុស្ស៊ី​បច្ចុប្បន្ន រឹតតែ​មិន​ចង់​បាត់បង់​ដីកោះ​គូរីល​មួយជម្រៀក​ណាទេ។ ក្នុង​ពេល​ប្រឈមមុខ​ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក ប្រជុំកោះ​គូរីល​ជា​តំបន់​យុទ្ធសាស្រ្ត យោធា និង​សេដ្ឋកិច្ច​សម្រាប់​ទីក្រុង​ម៉ូស្គូ។ ប្រជុំកោះ​គូរីល មិនត្រឹម​តែ​ជា​តំបន់​សម្បូរ​ឧស្ម័ន លោហៈកម្រ និង​ត្រី​សម្រាប់​អ្នកនេសាទ​រុស្ស៊ី​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ជា​ទីតាំង​យុទ្ធសាស្រ្តយោធា​សំខាន់​សម្រាប់​នាវា​មុជទឹក​រុស្ស៊ី ដែល​ចង់​គេចចេញ​ពីរ៉ាដា អាមេរិក និង​ចង់​ធ្វើដំណើរ​ចូល​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ជម្លោះ​ប្រជុំដីកោះ​គូរីល ដែល​ជាឆ្អឹង​ទទឹងក មិន​ឲ្យ​ប្រទេស​ជិតខាងទាំងពីរ អាច​ចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយគ្នា។ លោកប្រធានាធិបតី​រុស្ស៊ី​ធ្លាប់​បាន​និយាយ​ហើយថា គ្មាន​សន្ធិសញ្ញា​សន្តិភាព ជាមួយគ្នា ប្រទេស​ទាំងពីរ​មិនអាច​ទុកចិត្ត និង​ចាប់ដៃ​ធ្វើការ​ជាមួយគ្នា​បាន​ទេ។

ជប៉ុន​ត្រូវការ​ចងដៃគូ​ជាមួយ​រុស្ស៊ី ដើម្បី​បន្សាប​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់
នៅក្នុង​កាលៈទេសៈ បច្ចុប្បន្ន ដែល​ភូមិសាស្រ្ត​នយោបាយ​ប្រែប្រួល ប្រទេស​ទាំងពីរ​ត្រូវការ​គ្នា​ទៅវិញ ទៅមក។ បើទោះបី​កំពុង​ជាប់ឈ្លោះ​ជាមួយ​រុស្ស៊ី​ក្នុង​រឿង​ប្រជុំកោះគូរីល ប៉ុន្តែ ជប៉ុន ត្រូវបង្ខំចិត្ត ងាក​ទៅ​រក​ចាប់ដៃ ជាមួយ​រុស្ស៊ី ដើម្បី អាច​ប្រឈម​មុខ​ជាមួយ​ចិន ដែល​ចេះ​តែ​ពង្រីក​ឥទ្ធិពល​ទាំង​យោធា និង​សេដ្ឋកិច្ច​របស់ខ្លួន នៅក្នុង​តំបន់។ ជប៉ុន​ត្រូវ​ងាក​ទៅ​ត្រូវរ៉ូវ​ជាមួយ រុស្ស៊ី ក្នុង​កាលៈទេសៈ​ដែល​អនាគត ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​ជំហរ​ចង់​ដោះដៃ បោះបង់​ចោល​យុទ្ធសាស្រ្ត​អាមេរិក​នៅ​អាស៊ី។

ជប៉ុន​ចាប់ដៃ​ជាមួយ រុស្ស៊ី គឺ​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី ក្លាយ​ជា​មិត្ត​ផ្តាច់មុខ របស់​ចិន។ ជប៉ុន​បារម្ភថា ចិន​នឹង​អាច​ប្រើ ខ្ចីដៃ រុស្ស៊ី ដែល​ត្រូវការចិន ដើម្បី​ដង្ហើម​សេដ្ឋកិច្ចរបស់ខ្លួន យក​មក​គំរាម ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ដាក់​ជប៉ុន។ ដោយ​សម្រាល​ភាពតានតឹង​ជាមួយ​រុស្ស៊ី ជប៉ុន​ក៏​នឹង​អាច​ជៀសផុត​ពីការដាក់គំនាប​ផ្នែក​យោធា ទាំងពី​ជើង និង​ពី​ខាងត្បូង ពោល​គឺ​ទាំង​ពី​ខាងរុស្ស៊ី និងចិន ក្នុង​ពេល​តែមួយ ព្រោះថា រឿង​នេះ​ធ្លាប់​មាន​ម្តងហើយ នៅពេល​ដែល​ចិន និង​រុស្ស៊ី​ដែល​ចងសម្ព័ន្ធភាព​ជាមួយគ្នា បាន​ធ្វើ​សមយុទ្ធ​រួមគ្នា និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវា​ល្បាត​ចូល​ក្នុង​ដែនទឹកជប៉ុន ទាំង​ពី​ខាងជើង និង​ខាងត្បូង​ជប៉ុន។

មួយវិញទៀត ជប៉ុន​ត្រូវ​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​ត្រៀមជៀសវាង កុំ​ឲ្យ​ការដឹកជញ្ជូន​ផ្នែក​ថាមពល​របស់ខ្លួន ត្រូវ​អាក់ខាន នៅ​ចិន​ធ្វើ​ព្យុះ ធ្វើ​ផ្គ​នៅ​សមុទ្រ​ចិន​ខាងត្បូង។
ងាក​មកមើល​រុស្ស៊ីវិញ បើ​ប្រៀបធៀប​នឹង​ជប៉ុន​ដែល​ទន្ទឹង​រង់ចាំ​ច្រើន​ពី​ជំនួបកំពូល​រុស្ស៊ី ជប៉ុន រុស្ស៊ី​វិញ គឺ​សង្ឃឹម​ចង់​បាន​តិចតួច​ពី​ជំនួប​កំពូល​ជាមួយ​ជប៉ុន។ រុស្ស៊ី​ចង់​បាន​តែម្យ៉ាង​គឺ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន ដែល​កំពុង​រងការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច ដោយសារ​រឿងរុស្ស៊ី​ភ្ជាប់ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន។ គេ​រំពឹងថា នឹង​មាន​កិច្ចព្រមព្រៀង​ជាង​៣៥ ដែល​ផ្តោត​សំខាន់​ទៅលើ​ការដោះដូរ​ផ្នែក​ថាមពល និង​បច្ចេកវិទ្យា​នឹង​ត្រូវ ប្រទេស​ទាំងពីរ​ចុះ​ហត្ថលេខា​នៅក្នុង​ជំនួបកំពូល​រុស្ស៊ី និង​ជប៉ុន នៅ​ទីក្រុង​តូក្យូ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ