អានតួអត្ថបទ
ហ្វីលីពីន

អាមេរិក និង​ចិន​មាន​ជំហរ​ផ្ទុយគ្នា​ ទៅ​លើ​យុទ្ធនាការ​បាញ់​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន

ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​ហ្វីលីពីន នៅថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​ផ្អាក​ជំនួយ​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល នៅ​មួយថ្ងៃ​ក្រោយ ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ​បាន​អះអាង​នៅមុខ​អ្នកកាសែត​ថា លោក​ធ្លាប់​បាន​បាញ់​សម្លាប់​ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ កាលលោក​នៅ​ធ្វើ​ជា​ចៅហ្វាយខេត្ត​ដាវ៉ៅ។ អាមេរិក និង​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​រិះគន់​យុទ្ធនាការ​កណ្តាប់​ដៃដែក​របស់​លោក​ប្រធានាធិបតី ឌុយទែរតេ​ដែល​បាន​បញ្ជា​ឲ្យ​មាន​ការបាញ់​សម្លាប់​អ្នកប្រើ និង​ជួញដូរ​គ្រឿងញៀន ប្រមាណ​៥ពាន់នាក់ នៅ​ហ្វីលីពីន។ 

ប្រធានាធិបតី​ហ្វីលីពីន លោក​Rodrigo Duterte, កាលពី​ខែ​សីហា​នៅ​ទីក្រុង​ម៉ានីល
ប្រធានាធិបតី​ហ្វីលីពីន លោក​Rodrigo Duterte, កាលពី​ខែ​សីហា​នៅ​ទីក្រុង​ម៉ានីល REUTERS/Noel Celis/Pool/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រទេស​មហាអំណាច​អាមេរិក និង​ចិន​យល់ឃើញ បញ្ច្រាសទិស​គ្នា ក្នុងរឿង​បោសសម្អាត​គ្រឿងញៀន ​នៅ​ហ្វីលីពីន។ នៅថ្ងៃ​ពុធ ទីក្រុង​ប៉េកាំង ដែល​បាន​បញ្ជាក់​ជំហរ​ជាថ្មី គាំទ្រ​លោក​ប្រធានាធិបតី​ឌុយទែរតេ ក្នុង​ការបើក​យុទ្ធនាការ​បោសសម្អាត​ក្រុមជួញ​គ្រឿងញៀន​នៅហ្វីលីពីន បាន​លើកឡើង​ពីទឹកប្រាក់​ជំនួយ​ប្រមាណ ១៤​លាន​ដុល្លារ ដែល​ទីក្រុង​ប៉េកាំង​ផ្តល់ទៅ​ឲ្យ​ទីក្រុង​ម៉ានីល​សម្រាប់​សាងសង់​ពន្ធនាគារ​ដាក់​អ្នកប្រើ និង​ជួញដូរ​គ្រឿងញៀន​នៅ​ហ្វីលីពីន។

 
នៅមួយថ្ងៃ​ក្រោយ​ទីក្រុង​ប៉េកាំង​ប្រកាស​ផ្តល់​ជំនួយ​សម្រាប់​គាំទ្រ​យុទ្ធនាការ​បោសសម្អាត​ថ្នាំញៀន នៅ​ហ្វីលីពីន ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ​បាន​សម្រេច​ផ្អាក​កម្មវិធី​ផ្តល់ជំនួយ ទៅឲ្យ​ហ្វីលីពីន ដើម្បី​ឆ្លើយតប​ទៅនឹង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​ដ៏ហិង្សា ដែល​អាមេរិក​ចាត់ទុក​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ហ្វីលីពីន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ Millennium Challenge Corporation អង្គភាព​មួយ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ធ្វើការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ហ្វីលីពីន​បាន​ចេញ​សេចក្តី​ប្រកាស​មួយ បញ្ជាក់ថា ខ្លួន​បាន​ផ្អាកជំនួយ លែង​ធ្វើ​សកម្មភាព​តទៅទៀត​នៅ​ហ្វីលីពីន។ ក្នុង​ទំហំ​ទឹកប្រាក់ ជិត ៤០០​លាន​ដុល្លារ កម្មវិធី​ផ្តល់ជំនួយ ដល់​ហ្វីលីពីន​ដែល​មាន​រយៈពេល ៥​ឆ្នាំ ត្រូវ​បាន​បញ្ចប់ កាលពី​ខែ ឧសភា​កន្លងទៅ។
 

ប៉ូលិស​ហ្វីលីពីន ក្នុង​បេសកកម្ម​ប្រឆាំង​គ្រឿង​ញៀន
ប៉ូលិស​ហ្វីលីពីន ក្នុង​បេសកកម្ម​ប្រឆាំង​គ្រឿង​ញៀន REUTERS/Erik De Castro

ការសម្រេចចិត្ត​របស់​ស្ថាប័ន មាន​ជាប់ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស នៅ​ហ្វីលីពីន។ តាម​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល Millennium Challenge Corporation​កំពុង​បារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​និតិរដ្ឋ និង​សេរីភាព​បញ្ចេញមតិ​នៅ​ហ្វីលីពីន។ ចាប់តាំង​ពី​ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ​បើក​យុទ្ធនាការ​បង្រ្កាប​ក្រុមគ្រឿងញៀន ​ អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​យូរឆ្នាំ​របស់​ហ្វីលីពីន​បាន​រិះគន់ មិន​សំចៃមាត់ រដ្ឋាភិបាល​ក្រុង​ម៉ានីល ដែល​បើ​តាម​ទីក្រុង​វ៉ាស៊ីនតោន បាន​លើកទឹកចិត្ត​ឲ្យ​និទណ្ឌភាព និង​ការប្រហារ​ជីវិត ក្រៅផ្លូវតុលាការ។

សង្រ្គាម​ប្រឆាំង​ក្រុមជួញដូរ​គ្រឿងញៀនរបស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​សម្លាប់​មនុស្ស​ប្រមាណ ៥ពាន់ នាក់ ក្នុង​រយៈពេល​៦​ខែ​ចុងក្រោយ​នេះ។ លោក​ឌុយទែរតេ​បាន​ការពារ​សកម្មភាព​របស់​ប៉ូលិស​ដែល​បើតាម​លោក គឺ​ប្រើសិទ្ធិ​បាញ់​ការពារ​ខ្លួន នៅក្នុង​ចុះ​បង្រ្កាប​ក្រុមគ្រឿងញៀន។ មាត់ឆៅ ដៃឆៅ លោក​ឌុយទែរតេ​នៅ​បាន​ប្រកាស នៅ​សប្តាហ៍នេះ ទទួល​ស្គាល់​ថា ខ្លួន​លោក​ផ្ទាល់​ធ្លាប់​បាញ់​សម្លាប់​ជនសង្ស័យ ប្រព្រឹត្ត​បទឧក្រិដ្ឋ កាលលោក​នៅ​ជា​ចៅហ្វាយក្រុង​ដាវ៉ៅ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្រុម​ប៉ូលិស។ លោក​ឌុយទែរតេ​រងការរិះគន់​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ នៅក្នុង​ស្រុកវិញ ការស្ទង់មតិ​បាន​បង្ហាញ​ថា ប្រជាជន​ហ្វីលីពីន​ប្រមាណ ៧០ភាគរយ​គាំទ្រ​ចំណាត់ការ​របស់លោក ដើម្បី​ទប់ស្កាត់​ហ្វីលីពីន​កុំ​ឲ្យ​ក្លាយ​ជា​ប្រទេស​ផលិត និង​ប្រើប្រាស់​គ្រឿងញៀន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ