ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ភូមា៖​ម៉ាឡេស៊ី​បាន​ជំរុញ​អាស៊ាន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

media  
លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី Retno Marsudi (រូបឆ្វេង) និង​សមភាគី​ភូមា​លោកស្រី​អ៊ុង សានស៊ូជី REUTERS/Soe Zeya Tun

នៅ​ថ្ងៃ​ចន្ទ ទី១៩ ធ្នូ​នេះ រដ្ឋមន្រ្តី​ការបរទេស​នៃ​ក្រុម​ប្រទេស​សមាជិក​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដើម្បី​និយាយ​ពី​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អ្នក​កាន់សាសនា​អ៊ីស្លាម​រស់ក្នុង​ប្រទេស​ភូមា។ កិច្ចប្រជុំ​បន្ទាន់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អំពើហិង្សា​យ៉ាង​ខ្លាំងក្លា​នៅ​តំបន់​ប៉ែកភាគពាយព្យ​ប្រទេស​ភូមា​នា​រយៈពេល ២ខែ​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចប្រជុំ ម៉ាឡេស៊ី​បាន​ជំរុញ​អាស៊ាន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​រ៉ូហ៊ីងយ៉ា​ជា​បន្ទាន់។

សំណើ​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ប្រមុខ​ការទូត​អានីហ្វា អាម៉ាន់​ដែល​យល់​ថា បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​លែង​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ភូមា​ទៀត​ឡើយ តែ​ជា​បញ្ហា​រួម​នៅ​ក្នុង​តំបន់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ដោះស្រាយ​ទាំង​អស់​គ្នា។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង ១០ប្រទេស មាន​ប្រទេស​តិចតួច​ណាស់​ដែល​ហ៊ាន​ប្រើ​សម្តីថ្លោស​ដាក់​ភូមា​នៅ​ក្នុង​រឿង​រ៉ូហ៊ីងយ៉ា វា​លើកលែង​តែ​ប្រទេស​ម៉ាឡេស៊ី​មួយ​ចេញ។ ម៉ាឡេស៊ី​ដែល​លោក​នាយករដ្ឋមន្រ្តី​ណាហ្ស៊ីប រ៉ាហ្សាក់​ហ៊ាន​ប្រើ​ឃ្លា « អំពើ​ប្រល័យពូជសាសន៍ »លើ​ប្រជាជាន​រ៉ូហ៊ីងយ៉ា និង​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​លោកស្រី​ប្រមុខ​ការទូត​ភូមា​អ៊ុង សានស៊ូជី​ដោះស្រាយ​ជា​បន្ទាន់។

តាំង​ពី​ការ​ថ្លែង​របស់​លោក​ណាហ្ស៊ីប រ៉ាហ្សាក់​មក ភាព​តានតឹង​បាន​ឡើង​ដល់កំពូល​រវាង​ម៉ាឡេស៊ី និង​ភូមា។ នៅ​ដើម​ខែ​ធ្នូ​នេះ ម៉ាឡេស៊ី​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ថែម​ទាំង​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​អន្តរគមន៍​ដើម្បី​បិទបញ្ចប់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ភូមា។ លោក​ប្រមុខ​ការទូត​ម៉ាឡេស៊ី​បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​នេះ​ថា មាន​ព័ត៌មាន​ជា​ច្រើន​បាន​បន្ត​ធ្លាក់​មក​ដែល​បញ្ជាក់​ពី​ឃាតកម្ម និង​ចាប់ខ្លួន​ពួក​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​ទាហាន​ភូមា​ក្នុង​រដ្ឋ​អារ៉ាកន។

ក្តីបារម្ភ​របស់​អាស៊ាន គឺ​ខ្លាច​តែ​វិបត្តិ​មួយ​នេះ​ឆ្លង​រាលដាល​នៅ​ក្នុង​តំបន់​ដែល​ពិបាក​នឹង​ដោះស្រាយ។ លោក​អ៊ុង កេងយ៉ុង អតីត​អគ្គលេខាធិការ​អាស៊ាន​បាន​យល់​ឃើញ​ថា បើ​គេ​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ បញ្ហា​នេះ​នឹង​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។ អ្វី​ដែល​ម៉ាឡេស៊ី​ចង់​បាន​នៅ​ចំពោះ​មុខ គឺ​ស្នើ​អាស៊ាន​ឲ្យ​រួម​សហការណ៍​គ្នា​ផ្តល់​ជំនួយ​មនុស្សធម៌​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា និង​បើក​ការ​ស៊ើបអង្កេត​លើ​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ពួក​រ៉ូហ៊ីងយ៉ា។

គួរ​រម្លឹក​ជូន​ថា វិបត្តិ​រ៉ូហ៊ីងយ៉ា​បាន​ផ្ទុះ​ឡើង​នា​ដើម​ខែ​តុលា នៅ​ពេល​ដែល​មាន​ក្រុម​ប្រដាប់អាវុធ​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលិស​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ នៅ​ពេល​នោះ ទាហាន​ភូមា​ក៏​បាន​បើក​ប្រតិបត្តិការ​សឹក​លើ​តំបន់​រ៉ូហ៊ីងយ៉ា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជា​ច្រើន​រយ​នាក់ និង​មាន​ជិត ៣ម៉ឺននាក់​ដែល​រងការ​ធ្វើបាប និង​ចាប់​រំលោភ​ពី​ទាហាន​ភូមា​ក៏​បាន​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ម៉ាឡេស៊ី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ