អានតួអត្ថបទ
ជប៉ុន

ជប៉ុនបន្ត​​បង្កើន​ថវិកាការពារ​ជាតិ

រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃព្រហស្បតិ៍ នេះ​បាន​អនុម័ត​សេចក្តីព្រាង​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​ក្រោយ ដែលនៅ​ក្នុង​នោះ ខ្ទង់ចំណាយ​សម្រាប់​វិស័យ​ការពារ ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​បន្ថែម​ឲ្យ​ដល់ ៤២​ពាន់​លាន​អឺរ៉ូ។ ជប៉ុន​បាន​បង្កើន​ថវិកា​កងទ័ព ក្នុង​កាលៈទេសៈ​មួយដែល​ចិនកំពុង​ពង្រីក​ឥទ្ធិពល​យោធា ក្នុង​តំបន់ ហើយ​និង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​គ្រាប់បែក និង​មីស៊ីល​ចម្ងាយ​ឆ្ងាយ ម្តងជា​ពីរដង។ 

លោក​នាយក​រដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ នៅ​ក្រសួង​ការពារ​ជាតិជប៉ុន ខែ​កញ្ញា ឆ្នាំ ២០១៦
លោក​នាយក​រដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ នៅ​ក្រសួង​ការពារ​ជាតិជប៉ុន ខែ​កញ្ញា ឆ្នាំ ២០១៦ KAZUHIRO NOGI / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​៥ឆ្នាំ ជាប់ៗ​គ្នា រដ្ឋាភិបាល​ជប៉ុន​បាន​ដំឡើង ជាបន្តបន្ទាប់ ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ។ ទៅតាម​សេចក្តី​ព្រាង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨ ថវិកា​កងទ័ព នឹង​ត្រូវ​ដំឡើង បន្ថែម ១,៤% គឺ​ប្រមាណ ៤២​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ។

 
ការដំឡើង​មិនឈប់ ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ចង់​ពង្រឹង​សមត្ថភាព​កងទ័ព ដែល​កន្លងមក​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ដាក់​កំហិត​ឲ្យ​ដើរ​តួនាទី​ត្រឹម​ស្វ័យ​ការពារជាតិ។ បច្ចុប្បន្ននេះ ជប៉ុន​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រុងប្រៀប​ខ្លួន ជានិច្ច ដើម្បី​ត្រៀម​ប្រឈម​រាល់ការវាយប្រហារ​របស់​គ្រាប់មីស៊ីល​កូរ៉េខាងជើង ដែល​នៅ​តែ​ក្នុង​ឆ្នាំ​២០១៦នេះ បាន​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​២​ពីរដង និង​គ្រាប់មីស៊ីល​ដល់ទៅ​២០​ដង។ តាម​ក្រសួងការពារ​ជាតិ​ជប៉ុន ជាមួយ​នឹង​កញ្ចប់​ថវិកាថ្មី ​ក្រសួង​ចង់​ពង្រឹង​ប្រព័ន្ធ​ខែល​មីស៊ីល តាមរយៈ​ការអភិវឌ្ឍ​ជាមួយ​អាមេរិក ដើម្បី​បង្កើត​មីស៊ីល​ដែល​មាន​សមត្ថភាព​តាមដាន​ចាប់សញ្ញា​មីស៊ីល​របស់​គូសត្រូវ។

ជាមួយ​នឹង​ការដំឡើង​បន្ថែម​ថវិកា​កងទ័ព ដល់​កម្រិត​មួយ​ខ្ពស់​មិនធ្លាប់មាន រដ្ឋាភិបាល​ជប៉ុន​ចង់​ផងដែរ ពង្រឹង​សមត្ថភាព​ការពារ​ដែនទឹក​របស់ខ្លួន ​នៅ​សមុទ្រ​ចិនខាងកើត។ តាមក្រសួងការពារ​ជាតិ​ជប៉ុន គេ​បាន​ចំណាយ​ថវិកា​សម្រាប់​ប្រតិបត្តិការ​ទ័ព​អាកាស និង​ជើងទឹក ដែល​មាន​នាទី​ការពារ​តំបន់​ដីកោះ​របស់​ជប៉ុន។ ដីកោះ​ដែល​ជប៉ុន​ចង់​សំដៅ គឺ​កោះ​គ្មាន​មនុស្ស​រស់នៅ សេនកាគូ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន ប៉ុន្តែ ដែល​ចិន​ទាមទារ​ជា​ទឹកដី​របស់​ខ្លួន។

រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រកាស​បង្កើន​ថវិកា​​១២% សម្រាប់​ពង្រឹង​សមត្ថភាព​ឆ្មាំសមុទ្រ ដើម្បី​ទប់ទល់​នឹង​ចិន ដែល​ចេះ​តែ​បញ្ជូន​កប៉ាល់​ចូល​ក្បែរ​កោះ​សេនកាគូ​របស់​ជប៉ុន។ ជាមួយនឹង​កញ្ចប់​ថវិកា​ថ្មី ជប៉ុន​គ្រោង​នឹង​ទិញ​បន្ថែម​នាវា​ល្បាត​ថ្មី ២គ្រឿង ហើយ​និង​រើសបញ្ចូល​ឆ្មាំសមុទ្រ​២០០​នាក់​បន្ថែមទៀត។

តាំង​ពី​ឆ្នាំ ២០១២ នាវា​ល្បាត​ជប៉ុន ជួប​ប្រទះ​សឹង​តែ​រាល់ថ្ងៃ កប៉ាល់​ចិន​ដែល​បាន​បើករំលោភ​ចូល​ក្នុង​ដែន​ជប៉ុន ក្បែរ​កោះ​សេនកាគូ។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន បាន​លើកឡើង​យ៉ាង​ដូច្នេះ ដើម្បី​បញ្ជាក់​ពី​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ដែល​ចង់​ដំឡើង​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ។

សូមបញ្ជាក់ថា តាំង​ពី​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ​មក​ពីក្រុម​អភិរក្ស​និយម បាន​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្លាស់ប្តូរ មុខមាត់​ថ្មី​របស់​កងទ័ព​ជប៉ុន។ ឆ្នាំ​២០១៦​នេះ ​ឆ្នាំ​លើក​ដំបូង​បង្អស់ ចាប់តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី ២ ដែល​កងទ័ព​ជប៉ុន​អាច​មាន​សិទ្ធិ​ទៅ​ធ្វើ​អន្តរាគម ប្រយុទ្ធ នៅ​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ