អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ ​Pearl Harbor

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ​ អាបេ ដែល​ល្បី​ថា​ជាមេ​ដឹកនាំ​​អ្នក​ជាតិ​និយមបំផុត​នោះ កំពុង​​បំពេញ​ទស្សនកិច្ច ​នៅ​កោះ​ហាវៃ សហរដ្ឋ​អាមេរិក រយៈ​ពេល​ពីរ​ថ្ងៃ ពី​​ថ្ងៃ​ទី​២៦ និង​ ២៧​ធ្នូ​។ ជា​ដំណើរ​ទស្សនកិច្ចប្រកប​ដោយ​និម្មិត្តរូប និង​ដើម្បី​ផ្សះផ្សា ដោយ​នៅ​ថ្ងៃ​ស្អែក លោក​អាបេ និង​ លោក អូបាម៉ា នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ នៅ Pearl Harbor ផ័លហាប័រ ដែល​ជប៉ុន​បាន​វាយប្រហារ​លើ​ទ័ព​អាមេរិក​ កាលពី​ថ្ងៃទី ៧ ធ្នូ ១៩៤១។

មូលដ្ឋាន​ទ័ព​អាមេរិក​ Wheeler Army Airfieldនៅ Pearl Harbor ដែល​រង​ការ​វាយប្រហារ​ជប៉ុន នៅ​ថ្ងៃទី ៧ ធ្នូ ១៩៤១embre 1941.
មូលដ្ឋាន​ទ័ព​អាមេរិក​ Wheeler Army Airfieldនៅ Pearl Harbor ដែល​រង​ការ​វាយប្រហារ​ជប៉ុន នៅ​ថ្ងៃទី ៧ ធ្នូ ១៩៤១embre 1941. Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​ ស្ហ៊ីនហ្សូ អាបេ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទី​មួយ ដែល​បាន​អញ្ជើញ​ទៅ​ដល់​ Pearl Harbor​ ដែល​ធ្លាប់​ជា​សមរភូមិ​ កាលពី​៧៥​ឆ្នាំ​មុន ដោយ​កងទ័ព​អធិរាជ​ជប៉ុន បាន​ធ្វើ​ការ​វាយប្រហារ​ ដ៏​ភ្ញាក់ផ្អើលលើ​មូលដ្ឋាន​ទ័ព​អាមេរិក។ នៅ​ព្រលឹម ថ្ងៃទី ៧ ធ្នូ ឆ្នាំ​១៩៤១ មេទ័ព​ជប៉ុន ប្រកាស​បញ្ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​លើ​បន្ទាយ​អាមេរិក​ ដែល​ទាហាន​កំពុង​លង់លក់​នៅ​ឡើ ប្រតិបត្តិការ​ ​មួយ​ប្រាវ​ដំបូង បាន​​សម្លាប់​ទាហាន​អាមេរិកអស់​ជិត ២៥០០នាក់។ គឺ​ដោយ​សារ​ការ​វាយប្រហារ​ដល់​ផ្ទះ​នេះ​ហើយ ដែល​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ចូល​ប្រលូក​ក្នុង​សង្គ្រាម​លោកលើក​ទីពីរ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​បានទៅ​​ទម្លាក់​គ្រាប់​បែក​បរមាណូ​​នៅហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាវ៉ាហ្សាគី ដើម្បី​បិទ​បញ្ចប់​សង្គ្រាម។

លោកអាបេ បាន​ចាត់​ទុក​ដោយ​ផ្ទាល់​មាត់​លោកថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការ​សន្យា​សម្រាប់​អនាគត ជា​ការ​ផ្សះផ្សាការទូត​ រវាង​អតីតគូសត្រូវ​ក្នុង​សង្គ្រាម​ដែល​ក្លាយ​មក​ជា​មិត្ត​ដ៏​ស្និទ្ធល្មួត។

នៅ​ថ្ងៃអង្គារ​ស្អែក លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​ត្រូវជួប​ជាមួយ​​លោក​ប្រធានាធិបតី​អាមេរិក​ នៅ​មុខ​កន្លែង​តម្កល់​សព​ទាហាន​អាមេរិក​ ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ ​ទាហាន​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​វាយប្រហារ​របស់​ជប៉ុន។ កាយ​វិការ​នេះ បាន​កើត​ឡើង​ក្រោយ​តែ​ប៉ុន្មាន​ខែ ពី​លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក បាន​អញ្ជើញ​ទៅហ៊ីរ៉ូស្ហ៊ីម៉ា។

​គោរព​វិញ្ញណក្ខន្ធ​ តែមិន “សុំ​ទោស” !

គ្មាន​ទេ ពាក្យ​ថា "សុំទោស” ! សហរដ្ឋ​អាមេរិក​ក៏​ហាក់​បី​ដូច​ជា​មិន​ទាមទារ និង​ចង់បាន​ឬ​ចង់​ឮ​ពាក្យ​សុំ​ទោស​ ដែរទេ។ ត្រឹម​បាន​​​គោរព​វិញ្ញណាក្ខន្ធ​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ក្នុង​សង្គ្រាម ដល់​កន្លែង​ដ៏​ឈឺចាប់​ ម្តង​ម្នាក់ អាច​ចាត់​ទុក​បាន​ថា​ជា​និម្មិត្តរូប​ខ្ពស់​​បំផុតទៅ​ហើយ សម្រាប់​បង្ហាញ​ពិភពលោក​ អំពី​អំណាច​នៃ​ការ​ផ្សះផ្សា​គ្នា​។ ប្រធានាធិបតី​អាមេរិក​អញ្ជើញ​ទៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រមុខ​រដ្ឋាភិបាល​ជប៉ុន មក​Pearl Harbor តើ​រូបភាពនេះ​មិន​មែន​ជា​​គំរូ​ល្អ​សម្រាប់ពិភពលោក​ទេឬ ?!

​ជប៉ុន​បាន​ចូល​ទៅ​វាយប្រហារអាមេរិក​ដល់​មូលដ្ឋានកងទ័ព​ ហើយ​អាមេរិក​តប​ស្នង​មក​វិញ​ ជា​សង្គ្រាម​នុយក្លេអ៊ែរ​នៅហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាវ៉ាហ្សាគី សម្លាប់​ជន​ស៊ីវិល​ ! ជា​ទង្វើ​ពីរ​ដែល​មិន​អាច​ប្រៀប​ធៀប​នឹង​គ្នា​បាន​ទេ ! ទាំង​អាមេរិក ទាំងជប៉ុន សុទ្ធ​តែ​មាន​ហេតុផល​សំអាង​របស់​ខ្លួន​រៀង​ៗ​ខ្លួន ប៉ុន្តែអតីត​គូសត្រូវ​ស៊ីសាច់​ហុត​ឈាម​គ្នា​នេះ ចេះ​ប្រែក្លាយ​ចំណុច​ចាប់​ផ្តើម​នៃ​សង្គ្រាម Pearl Harbor និង​ចំណុច​បញ្ចប់​សង្គ្រាមហ៊ីរ៉ូស្ហ៊ីម៉ា ឱ្យទៅ​ជា​កន្លែង​សម្រាប់​​ពង្រឹង​​សម្ព័ន្ធភាព​ ជប៉ុន-អាមេរិក និង​ការ​ពឹង​ពំនាក់​គ្នា។

​សូម​រំលឹក​ថា ក្រៅ​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​និង​និម្មិត្ត​រូប ទស្សនកិច្ច​របស់​លោក​អាបេ នៅ​ហាវៃ​ក៏​មាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​ជា​យុទ្ធសាស្ត្រ​ខ្លាំង​ណាស់ ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​លើ​ភាព​រឹង​មាំ​នៃ​ចំណង​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន ! លោក​អាបេ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ ក្នុង​បរិបទ​មិន​ប្រាកដ​ប្រជា នៅ​តំបន់​អាស៊ី ​តាំង​ពី​លោក​ដូណាល់ ត្រាំ បាន​ជាប់​ឆ្នោត​មក។ ស្ថិរភាព​អាស៊ី ត្រូវ​រំពឹង​លើ​កំណើន​របស់​ក្រុម​សមាគមប្រជាជាតិ​នៅ​អាស៊ី​អាគ្នេយ៍​ លើ​ចិន លើ​ការ​ពឹង​ពំនាក់គ្នា​ទៅ​វិញ​ទៅ​មក​នៃ​សេដ្ឋកិច្ច​តំបន់ និង​លើ​អំណាច​យោធា​របស់​អាមេរិក។ សម្រាប់​​ប្រទេស​មួយ​ចំនួននៅ​ក្នុង​តំបន់ ដូច​យ៉ាង​​ជប៉ុន​ គឺ​មាន​អាមេរិក​ជា​អ្នក​ការពារ។ ​តែ​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត បាន​បង្ហាញ​ឆន្ទៈ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​​នៅ​អាស៊ី​ទេ។

ទស្សនកិច្ច​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ជប៉ុន​-អាមេរិក

តាំង​ពី​ដើម​មក រហូត​មក​ដល់​មុន​ពេល​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ជប៉ុន​ជឿ​ស៊ុប​លើ​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ! ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ក៏​ជប៉ុន​ហាក់​មាន​ការ​ធានារ៉ាប់​រង​ខ្ពស់​ដែរ... ប៉ុន្តែ​សំណួរ​ ថា​តើ​អាមេរិក​អាច​ជួយ​ការពារ​ជប៉ុន​ដល់​កំរិត​ណា និង​ពេល​ណា ទើប​តែ​ត្រូវ​ចោទ​ឡើង​នៅ​ពេល​លោក​ដូណាល់ត្រាំ បាន​បន្ទោស​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ឱ្យ​ចេះ​​ត្រូវ​ទទួល​ខុស​ត្រូវ​ចាយ​ថវិកា​ខ្លះ​ អាមេរិក​សព្វថ្ងៃ​បង់​ឱ្យ​ច្រើន​ជ្រុល​។

អញ្ចឹង​ហើយ​បាន​ជា​ជប៉ុនរបស់​លោក អាបេ ​ត្រូវ​តែ​ធ្វើ​គ្រប់​យ៉ាង ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​អាមេរិក បើ​ទោះ​បី​ជា​ត្រូវធ្វើ​ដំណើរ​មក​Pearl Harbor​ គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​សង្គ្រាម ក៏​មិន​ថ្វី។ លោក អាបេ នឹង​ត្រូវ​វិល​មក​ជួប​អនាគត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ជា​ថ្មី​ នៅ​ខែ​ក្រោយទៀត។ មាន​តែ​សម្ព័ន្ធភាព​រឹងមាំជប៉ុន-អាមេរិក​ទេ ដែល​ជា​គ្រឹះ​ ជាមូលដ្ឋាន​នៃ​ស្ថិរភាព​សម្រាប់​តំបន់​អាស៊ី​ទាំងមូល​ផង និង​សម្រាប់​ប្រទេស​ជប៉ុន​ផ្ទាល់​ផង។ ទង្វើ​របស់​លោក​អាបេ បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ ថា​ អ្នក​ជាតិ​និយម​បំផុត​អាបេ កំពុង​ធ្វើ​ជា​ខ្លួន ជា​អ្នក​ការពារ​សិ្ថរភាព​ពិភពលោក​ដ៏​មុះមុត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ