អានតួអត្ថបទ

គ្រុន​ផ្តាសាយ​បក្សី ផ្តើម​រាតត្បាត​ជា​ថ្មី ស្លាប់​ម្នាក់​នៅ ហុងកុង

បុរស​ចំណាស់​ហុងកុង​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​បាន​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី នៅ​ហុងកុង។ ចំណែក​នៅ​ជប៉ុន​វិញ សត្វ​មាន់​ទា ជាង​មួយ​លាន​ក្បាល​ត្រូ​វ​បាន​សម្លាប់​ចោល។ នៅ​បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ មេរោគ​H1N5 -H1N8 ក៏​កំពុង​បន្ត​ធ្វើ​​ការ​រាត​ត្បាត នៅ​តាម​កសិដ្ឋាន​ជា​ច្រើន​ក្នុង​ផ្ទៃ​ប្រទេស ដែល​ជំរុញ​ឱ្យ​មានការ​សម្លាប់​ចោល​សត្វ​បក្សី​រាប់​សិប​ពាន់​ក្បាល។

មេរោគផ្តាសាយបក្សី​សម្លាប់​មនុស្ស​ម្នាក់​នៅហុងកុង
មេរោគផ្តាសាយបក្សី​សម្លាប់​មនុស្ស​ម្នាក់​នៅហុងកុង
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ថ្ងៃអង្គារ​មុ​នេះ​សោះ កសិដ្ឋាន​ចិញ្ចឹម​មាន់​ទា​បារាំង ចំនួន​៤៥​កន្លែង​បាន​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​។ ភ្នាក់ងារ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​រាត​ត្បាត​ជំងឺ​សត្វ បាន​គូស​បញ្ជាក់ថា មាន​ប្រទេស​ចំនួន​ ១៣ នៅ​អឺរ៉ុប​ បាន​រង​ការ​រាតត្បាត​​គ្រុនផ្តាសាយ​បក្សី​ប្រភេទ H1N8 ដែល​សត្វ​បក្សាបក្សី​ព្រៃជាចម្លងមក។

ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​បារាំង​ក៏​ដំឡើង​កំរិត​គ្រោះ​ថ្នាក់​នៃ​ការ​ចម្លង​មេរោគ​ផ្តាសាយបក្សី នៅ​អាល្លឺម៉ង​ឯណោះ​អាជ្ញាធរ​បាន​ប្រកាស​បញ្ជា​ឱ្យ​សម្លាប់​សត្វ​មាន់​ទា ជាង​៥៥ពាន់​ក្បាល​ នៅ​ក្នុង​កសិដ្ឋាន​បី​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស បន្ទាប់​ពី​បាន​រក​ឃើញ​មាន​ដាន​មេរោគ​ H1N8 ដ៏​មហាឆ្លង។ មិន​ខុស​គ្នា​នេះ​ដែរ អង្គការ​សុខភាព​សត្វ​ពិភពលោក ក៏​បាន​ជូន​ដំណឹង​អំពី​កម្ទេច​សត្វ​មាន់ទា ក្ងាន​រាប់​សិបពាន់​ក្បាល​ដែរ​នៅ​ប្រទេស​អ៊ីរ៉ង់​​។​

តែ​គឺ​នៅអាស៊ី ដែល​ជំងឺ​នេះ​​មានទំហំ​ធំ។ នៅ​កូរ៉េខាងត្បូង គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ផ្ទុះ​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ​ដែរ តែ​ជា​ប្រភេទ​មេរោគ​ខ្លាំង​ជាង​ H1N8ទៀត។ ភាព​អាសន្ន​បាន​ដំឡើង​ដល់កំរិត​ខ្ពស់​បំផុត។ គិត​ត្រឹម​ពី​ថ្ងៃ​១៨​វិច្ឆិកា​មក សត្វមាន់ទា​ប្រមាណ២៦​លាន​ក្បាល​យ៉ាង​តិច​ត្រូវ​សម្លាប់​ចោល។

ចាប់​តាំង​ពី​បាន​ឃើញ​ខ្មោច​សត្វ​ស្លាប់​ កាលពី​សប្តាហ៍​មុន​មក រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ចាត់​វិធានការ និង​បញ្ជាក់​ព័ត៌មាន​ដែរ ពិត​ជា​មាន​ករណី​រាតត្បាត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​ក្នុង​ខេត្ត​ចំនួន​៧ របស់​ជប៉ុន ដែល​ជំរុញ​ឱ្យ​មាន​កម្ទេច​សត្វ​ចិញ្ចឹម​មាន់ទា ក្ងាន​ អស់​ជាង​មួយ​លាន​ក្បាល។

កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត គឺ​នៅ​ហុងកុង។ អាជ្ញាធរ​បាន​ប្រកាស​អំពី​ករណីទីមួយ​ នៃ​ការ​​​ស្លាប់​របស់​មនុស្ស​ ដោយ​សារ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ប្រចាំ​រដូវ​ត្រជាក់​ថ្មី។ ​អាយុ​៧៥​ឆ្នាំ​ មនុស្ស​ចំណាស់​រូប​នេះ បាន​ទៅ​លេង​ខេត្ត​ខ្វ័ងទុង និង​បាន​ទៅ​ផ្សារ​ទិញ​មាន់ ទើប​ត្រូវ​ឆ្លង​មេរោគ​H7N9 និង​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ។ សាច់​ញាតិ​ជាង​៥០​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុរស​នេះ បាន​និងកំពុង​ទទួល​ការ​ព្យាបាល និង​ស្ថិត​ក្រោម​ការ​តាមដាន​សុខភាព​ទាំង​អស់​គ្នា។ តាំង​ពី​លេច​មុខ​នៅ​ឆ្នាំ​២០១៣ នៅ​ប្រទេស​ចិន​មក​មេរោគ​H7N9 នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ បាន​សម្លាប់​មនុស្ស​អស់ជាង​២០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ