អានតួអត្ថបទ
ចិន

ចិន​សន្យា​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាងមុន ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស

ចិន មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទី ២ នៅ​សប្តាហ៍​នេះ​បាន​សន្យា​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយចំនួន ដើម្បី​បើកទូលាយ ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ឲ្យ​ចូល​ទៅ​វិនិយោគ​កាន់តែ​ច្រើន ក្នុង​ប្រទេស​ចិន។ សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​រដ្ឋ​ធ្វើឡើង នៅក្នុង​កាលៈទេសៈ​ដែល​គម្រោង​វិនិយោគ បរទេស​បាន​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​ជាងមុន។ 

ប្រាក់​យ័ន​ចិន
ប្រាក់​យ័ន​ចិន
ផ្សាយពាណិជ្ជកម្ម

ទៅតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​រដ្ឋ ចេញផ្សាយ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក​លី ឃឺឆាំង រដ្ឋាភិបាល​ចិន​បាន​សន្យា​នឹង​បន្ធូរបន្ថយ​គោល​នយោបាយ​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​បរទេស។ ចិន មហាយក្ស​សេដ្ឋកិច្ច​អាស៊ី បាន​សន្យា​បង្កើត​បរិយាកាស​ល្អ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុកចិន។

 
ទៅតាម​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​រដ្ឋចិន អំណើះតទៅ ក្រុមហ៊ុន​បរទេស​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​ផ្តាច់មុខ ១០០%​លើ​សាខា​របស់ខ្លួន ក្នុង​ទឹកដី​ចិន គឺ​ផ្ទុយស្រឡះ ពី​គោលនយោបាយ​មុន ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស ចាប់ដៃគូ សហការ​ជាមួយ​ក្រុមហ៊ុនក្នុង​ស្រុក បើសិន​ចង់​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន។ ទៅតាម​គោលនយោបាយ​បើកចំហរ​របស់​រដ្ឋអំណាច​ចិន ក្រុមហ៊ុន​បរទេស​នឹង​អាច​វិនិយោគ​ផ្តាច់មុខ ដោយ​មិនចាំបាច់​មាន​ភាគហ៊ុន​របស់​ចិន នៅក្នុង​ឧស្សាហកម្ម​ផលិត​ផ្លូវដែក ឬ​យានជំនិះជាដើម។

ម្យ៉ាងទៀត នេះ​ជាលើក​ទី១ ដែល​ក្រុមហ៊ុន​បរទេស​នឹង​ត្រូវ​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​វិនិយោគ​ក្នុង​ផ្នែក​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ឬ សំណង់​ស្ថាបត្យកម្ម ដែល​រហូតមក ត្រូវ​បិទ​រក្សា​ទុក​សម្រាប់​តែ​ក្រុមហ៊ុន​ក្នុង​ស្រុក។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​វាយតម្លៃថា ការណ៍​ដែល​ទីក្រុង​ប៉េកាំង​ប្រកាស​បន្ធូរបន្ថយ​គោល​នយោបាយ សេដ្ឋកិច្ច ក៏​ដើម្បី ចង់​បើកចំហរ​ទីផ្សារ ទាក់ទាញ​ក្រុមវិនិយោគ​បរទេស ដែល​បាន​ធ្លាក់​ថយចុះ នៅ​ប្រទេស​ចិន។ ក្រសួង​សេដ្ឋកិច្ច​ចិន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ​បាន​បង្ហាញថា ចំនួន​វិនិយោគ​បរទេស បាន​ថយចុះ មកនៅ ១១៣​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំនេះ គឺ​តិចជាង​ឆ្នាំមុន ដែល​មានប្រមាណ ១៣៦​ពាន់​លាន​ដុល្លារ។

ទឹកប្រាក់​វិនិយោគ​បរទេស​មិនមែន​ជា​ចលករ​សំខាន់ សម្រាប់​ជំរុញ សេដ្ឋកិច្ច​ចិន។ ប៉ុន្តែ ចិន​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខពីរ នៅតែ​ត្រូវការ​ទឹកប្រាក់​វិនិយោគ​បរទេស​ដើម្បី​ទៅ​បំពេញ​ចន្លោះ​ខ្វះខាត ដែល​បណ្តាល​មកពី​លំហូរមូលធន ទុន ចេញ​ទៅ​បរទេស ហើយនិង​ការដោះដូរ​ទុនបម្រុង​បរទេស​ដែល​បាន​ធ្លាក់ចុះ ប្រមាណ ៨%​ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៦នេះ។

សម្រាប់​អ្នកវិភាគ​មួយចំនួន ទោះ​ចិន​បន្ធូរគោល​នយោបាយ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស ចិន​នៅ​មាន​ផ្លូវដើរ​វែងឆ្ងាយ។ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ចិន ដែល​មាន​ចេតនា ដាក់​កំហិត មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​ធ្វើ​ជំនួញ​ដោយ​ស្មើភាព យុត្តិធម៌​នៅក្នុង​ទឹកដី​ចិន។ ទៅតាម​ចំណាត់ថ្នាក់​របស់​ធនាគារ​ពិភពលោក ស្តីពី​បរិយាកាស​ធ្វើជំនួញ ចិន ស្ថិតនៅ​លេខ ៨៤ គឺ​ក្រោយ​អារ៉ាប៊ី សាអូឌីត និង​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ