អានតួអត្ថបទ
តៃវ៉ាន់-អាមេរិក

ប្រធានាធិបតី​តៃវ៉ាន់​នឹង​ទៅ​ចុះ​សំចត នៅ​អាមេរិក នៅ​ដើម​ខែ​មករា

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវេន នឹង​ចុះ​សំចត នៅក្នុង​ទឹកដី​អាមេរិក មុន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​អាមេរិកខាង​កណ្តាល។ នេះ​បើតាម​ការអះអាង​របស់​វិមាន​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃ​សុក្រ។ ទីក្រុង​ប៉េកាំង​វិញ​បាន​អំពាវនាវ​សុំ​ទីក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​អនុញ្ញាត​ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់​ចុះចត​ក្នុង​ទឹកដី​អាមេរិក។ ប៉េកាំង​បានព្រមាន​ផងដែរ​កុំ​ឲ្យ​អាមេរិក​ផ្តល់​សញ្ញា​លើកទឹកចិត្ត​ដល់​ក្រុមទាមទារ​ឯករាជ្យ​តៃវ៉ាន់។ 

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ដូណាល់ ត្រាំ នៅថ្ងៃទី ៣​ធ្នូ ២០១៦
លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ដូណាល់ ត្រាំ នៅថ្ងៃទី ៣​ធ្នូ ២០១៦ Taiwan Presidential Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប៉េកាំង​សំឡឹង​តាមដាន មិនដាក់​ភ្នែក​ជំហាន​នយោបាយ​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់។ បន្ទាប់ពី ខឹង ថ្នាំងថ្នាក់​នឹង​អនាគត​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​ដែល​បាន​និយាយ​ឆ្លើយឆ្លង​ទូរស័ព្ទ ជាមួយ លោកស្រី​ត្សៃ អ៊ីងវេន ប្រធានាធិបតី​តៃវ៉ាន់ ទីក្រុង​ប៉េកាំង​បាន​និយាយ​ប្រាប់​រដ្ឋាភិបាល​អាមេរិក កុំ​ឲ្យ​ទទួល​ស្វាគម​លោកស្រី​ត្សៃ អ៊ីងវេន ឬ​សូម្បី ការចុះចត មួយរយៈ​ខ្លី ក្នុង​ទឹកដី​អាមេរិក។

 

ទោះមាន​អំពាវនាវ​ពី​ប្រទេស​ចិនក្តី វិមាន​ប្រធានាធិបតី​តៃវ៉ាន់ នៅថ្ងៃ​សុក្រ​បាន​បញ្ជាក់ថា លោកស្រី ត្សៃ អ៊ីងវេន​នឹង​ធ្វើដំណើរ​ទៅ​ចុះសម្រាក​មួយយប់ ក្នុង​ទីក្រុង​Houston របស់​អាមេរិក គឺ​នៅ​ថ្ងៃ​ទី ៧ មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់ នៅ​អាមេរិក​កណ្តាល ដែល​មាន​ដូចជា នីការ៉ាហ្កា ក្វាតេម៉ាឡា ហុងឌូរ៉ាស អេលសាល់វ៉ាឌ័រ។ តាម Alex Huang អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តៃវ៉ាន់ នៅពេល​ត្រលប់​មក​វិញ លោកស្រី​ត្សៃ អ៊ីងវេន ក៏​នឹង​ចុះសំចត​ម្តងទៀត នៅ​ថ្ងៃទី ១២​មករា នៅ​ទីក្រុង​សាន់ហ្រ្វាន់ ស៊ីស្កូ ដែល​នៅទីនោះ លោកស្រី​នឹងជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​តៃវ៉ាន់ និងធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ឧស្សាហកម្ម ក្នុង​ទឹកដី​អាមេរិក។

 

អ្នកនាំពាក្យ​ដដែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ទៅលើ​ការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​តៃវ៉ាន់ ដែល​ថា លោកស្រី​ត្សៃ អ៊ីងវេន​អាច​នឹង​ជួប​ជាមួយ​ក្រុម​អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។ តាម​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់ វត្តមាន​របស់លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​នៅ​អាមេរិក ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ឯកជន គឺ​មិន​បាន​ប៉ះពាល់ អ្វី​នឹងគោលការណ៍​ចិនតែមួយ​នោះទេ។

 

នៅក្រោម​ការដឹកនាំ​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​មាន​និន្នាការ​ឯករាជ្យ​និយម តៃវ៉ាន់ កំពុងស្គាល់​ភាពតានតឹង​ជាមួយ ចិន​ដីគោក ដែល​បាន​ចោទ​ថ្នាក់ដឹកនាំ​ថ្មី​របស់​តៃវ៉ាន់ ថា​កំពុង​មាន​ចេតនា​ចង់​ទាមទារ​ឯករាជ្យ តាមរយៈ ការស្វែងរក​ការទទួល​ស្គាល់ នៅ​ឆាក​អន្តរជាតិ។ ដោយ​ចាត់ទុក​តៃវ៉ាន់ ជាដីកោះ​របស់ខ្លួន និង​គំរាម​វាយប្រហារ​តាម​ផ្លូវ​យោធា​បើសិន​តៃវ៉ាន់​ចង់​ទាមទារ​ឯករាជ្យ ចិន ធ្លាប់​បាន​សំដែង​ការខឹងសម្បារ នឹង​តៃវ៉ាន់ ម្តង​រួចហើយ បន្ទាប់ពី លោកស្រី​ត្សៃ អ៊ីងវេន​បាន​ទូរស័ព្ទ​ទៅ​អបអរ លោកដូណាល់ ត្រាំ ដែលទើប​ឈ្នះឆ្នោតប្រធានាធិបតី​អាមេរិក។ លោក​ដូណាល់ ត្រាំ ផ្ទាល់​ធ្លាប់​លើកឡើង​ថា គ្មាន​ចំណង​អ្វី​ដែល​មក​ចង​លោក​ឲ្យ​ទទួលស្គាល់​គោលការណ៍​ចិន​តែ​មួយនោះទេ។ គោលការណ៍​ចិនតែមួយ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ទទួលស្គាល់ តាំងតែ​ពី​ឆ្នាំ ១៩៧៩មក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ