ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

ជប៉ុនប្រមូល​​ទូតនៅ​សេអ៊ូល​​​ចូល​ស្រុក​វិញ​ ដើម្បី​​ប្រឆាំងនឹង​រូបសំណាក​ទាសករផ្លូវភេទ

ជប៉ុនប្រមូល​​ទូតនៅ​សេអ៊ូល​​​ចូល​ស្រុក​វិញ​ ដើម្បី​​ប្រឆាំងនឹង​រូបសំណាក​ទាសករផ្លូវភេទ
 
រូបសំណាក​រំលឹក​ពីស្ត្រី​រង​ទាសភាពផ្លូវភេទ នៅ​មុខ​ស្ថានកុងស៊ុល​ក្រុង​ប៊ូសាន់ កូរ៉េខាង​ត្បូង © Reuters

ភាព​តាន​តឹង​រវាង​កូរ៉េខាង​ត្បូង និង​ជប៉ុន បាន​ឡើ​ងតាន​តឹង​ជា​ថ្មី ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ជប៉ុន​បាន​ប្រកាស​ហៅ​ឯកអគ្គរដ្ឋ​ទូត​ខ្លួន​ប្រចាំ​ក្រុង​សេអ៊ូល​ឱ្យ​ត្រលប់​មក​ស្រុក​វិញ និង​ដោយ​ប្រកាស​ផ្អាក​កិច្ចចរចា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់ទ្វេ​ភាគី​មួយ​ចំនួន​ធំ​ទៀត។ ជប៉ុន​ធ្វើ​បែប​នេះ​ ដើម្បី​សម្តែង​ការ​ប្រឆាំង នឹង​ការ​ដាក់តាំង​រូប​ចម្លាក់​ស្ត្រី​កូរ៉េ​ជា​ទាសករ​ផ្លូវភេទ​របស់​ពួក​ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​ នៅ​មុខ​ស្ថាន​កុងស៊ុល​ជប៉ុន​នា​ក្រុង​ប៊ូសាន់ ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េខាង​ត្បូង។

រូប​សំណាក​ស្ត្រី ធ្វើ​អំពី​សំរិទ្ធ ​អង្គុយ​ មាន​បក្សី​មួយ​ទំ​លើ​ស្មា ជា​ចម្លាក់​ដ៏ពេញ​និយម នៅ​កូរ៉េខាង​ត្បូង និង​មាន​ដាក់​តាំង​នៅ​ជា​ច្រើន​កន្លែង ពេញ​ផ្ទៃ​ប្រទេស​ ប្រមាណ​ជាង​២០ រូប​សំណាក និង​ជាង​១០ នៅ​លើ​ពិភពលោក ជាក់​ស្តែង​នៅ​អាមេរិក​និង​នៅ​កាណាដា។

រូប​សំណាក​បែប​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​ជា​ជនរងគ្រោះ ដែល​ទាហាន​ជប៉ុន​ចាប់​បង្ខំ​ យក​ទៅ​បំរើ​ផ្លូវភេទ​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​។ បើ​តាម​​ប្រវត្តិវិទូ គេ​រាប់​ឃើញ​ថា ក្នុង​អំឡុង​ពី​ឆ្នាំ​១៩១០-១៩៤៥ ​មាន​យុវតីរងគ្រោះ​ ប្រមាណ​២០ម៉ឺន​នាក់ បាន​ធ្លាក់​ខ្លួន​ជា​ស្រី​ពេស្យា ជា​ទាសករ​ផ្លូវភេទរបស់​ទាហាន​អធិរាជ្យជប៉ុន។ ពួក​គេ​ ភាគ​ច្រើន​ជា​ស្ត្រី​កូរ៉េខាង​ត្បូង និង​ក៏​មាន​ដែរ​ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន ព្រមទាំង​ស្ត្រី​អាស៊ី​នៅក្នុង​​តំបន់​ជាច្រើននាក់ផ្សេង​​ទៀត។

 
ផលវិបាក​ធ្ងន់ធ្ងរ

សំណុំ​រឿង​ទាសករផ្លូវភេទ ជា​ប្រភព​បំពុល​​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន​និង​កូរ៉េខាង​ត្បូង តាំង​ពី​រាប់ទសវត្សរ៍​មក​ហើយ។ ហើយ​ប្រទេស​ទាំងពីរ​ទើប​តែ​នឹង​បាន​ព្រមព្រៀង​គ្នា​ ឈប់​សើរើ​រឿង​នេះ​កាលពី​២០១៥។ ប៉ុន្តែ​ ភាព​តាន​តឹងបាន​ផ្ទុះឡើង បន្ទាប់​ពី​កូរ៉េខាង​ត្បូង បាន​សម្រេច​ដាក់​តាំង​ឡើង​វិញនូវ​​រូប​សំណាក​ស្ត្រី​​ជា​តំណាង​ទាសករផ្លូវភេទ​មួយ​ នៅ​មុខ​ស្ថានកុងស៊ុល​ជប៉ុន​ប្រចាំ​ក្រុង​ប៊ូសាន់ កាលពី​ថ្ងៃទី ២៨​ធ្នូ។

ជា​សារប្រឆាំង ​​ជប៉ុន​ប្រកាស​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូតជប៉ុន​ប្រចាំ​ក្រុង​សេអ៊ូល និង​កុងស៊ុល​ប្រចាំ​ក្រុង​ប៊ូសាន់ ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ​ ជា​បណ្តោះ​អាសន្ន ព្រមទាំង​​ប្រកាស​ព្យួរ​ការ​ចរចា​ពាណិជ្ជកម្មជាន់​ខ្ពស់​និង​ការ​ចរចា​ដោះប្តូរ​រូបិយបណ្ណ ជាមួយ​កូរ៉េខាងត្បូង។ រដ្ឋាភិបាល​ជប៉ុន បាន​ថែម​ទាំង​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ និង​ទាមទារ​ឱ្យ​កូរ៉េខាង​ត្បូង ដក​រូប​សំណាក​នេះ​ចេញ​វិញ​ ព្រោះ​ការ​សម្ពោធ​រូប​សំណាក​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ចព្រមព្រៀង​ជប៉ុន​​-​កូរ៉េ​ខាង​ត្បូង។ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ បាន​ថែម​ទាំង​ពាំពាក្យ​​ទៅ​ប្រាប់​អនុប្រធានាធិបតី​អាមេរិក​ ដែល​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នាឱ្យ​មហាអំណាច​នៅ​អាស៊ី​ទាំងពីរ គោរព​កិច្ចព្រមព្រៀង​ ដើម្បី​ឱ្យ​សម្ព័ន្ធមិត្ត​ទាំងពីរ​រក្សា​ទំនាក់ទំនង​ទ្វេ​ភាគី​ល្អ​ ទើប​ងាយ​ទប់​ទល់​នឹង​ចិន និង​កូរ៉េខាង​ជើង។

​ទាសករផ្លូវភេទ និង​ ​យ៉ាស៊ូគូនី

សម្រាប់​ សេអ៊ូល កូរ៉េខាង​ត្បូង​មិន​បាន​ល្មើស​​លើ​កិច្ចព្រមព្រៀង​ទេ ! រូប​សំណាក​ស្រ្តី​ទាសករផ្លូវភេទនេះ ជា​រូប​ចម្លង​ពី​ចម្លាក់​ដែល​កូរ៉េខាង​ត្បូង​ដាក់​តាំង​នៅ​មុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​សេអ៊ូល​។ រូប​នេះ​ពិត​ជា​បាន​ដក​ចេញ​ម្តង​ហើយ តាំង​ពី​មាន​កិច្ចព្រមព្រៀង​នឹង​គ្នា​មក ប៉ុន្តែ​អាជ្ញាធរ​តំបន់ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុម​សកម្មជន​យក​ទៅ​ដាក់​តាំង​ ជា​ថ្មី​ឡើង​វិញ នៅ​ថ្ងៃ​ទី ២៨​ធ្នូ ក៏​ព្រោះ​តែ​ទង្វើ​របស់​ជប៉ុន​ប៉ុណ្ណោះ។ កាលពី​ថ្ងៃទី ២៩​ធ្នូ រដ្ឋមន្ត្រី​ក្រសួង​ការពារ​​ជាតិ​​ជប៉ុន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​ យ៉ាស៊ូគូនី ដែល​​មានកប់សព​​ឧក្រិដ្ឋ​ជន​សង្គ្រាមដែរ។ ដូច្នេះ​សម្រាប់​ក្រសែ​ភ្នែក​កូរ៉េខាង​ត្បូង និង​ចិន​ ជា​ជន​រង​គ្រោះ​ ការ​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី គឺ​ជាការ​​ផ្តល់​កិត្តិយស​ដល់​ឧក្រិដ្ឋជន ដែល​ជា​ទង្វើ​បង្ក​ហេតុ​មិន​អាច​ទ្រាំ​បាន​ឡើយ។

ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​ជប៉ុន​បានស្នើ​សុំ​ឱ្យ​មាន​ការ​ដក​រូប​សំណាក​នេះ​ចេញ ​ក្រោយ​កិច្ចព្រមព្រៀង​កាលពី​ចុង​ឆ្នាំ​២០១៥​មែន ប៉ុន្តែ​សេអ៊ូល​បាន​ត្រឹម​ទទួល​យល់​ព្រម​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ដករូប​សំណាក​​ប៉ុណ្ណោះ មិន​បាន​សន្យា​ដក​ចេញទេ​។ ហេតុដូច្នេះ​ហើយ​បាន​ជារដ្ឋាភិបាល​កូរ៉េខាង​ត្បូង សោកស្តាយ​ណាស់​ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​តូក្យូ​ថ្ងៃ​នេះ។​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលកូរ៉េខាង​ត្បូង បាន​អះអាង​ថា​រដ្ឋាភិបាល​ខ្លួន នៅ​តែ​បន្ត​​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន-កូរ៉េ​ខាងត្បូង ឱ្យ​ល្អ​ប្រសើរ និង​ប្រកប​ដោយ​ទំនុក​ចិត្ត​នឹង​គ្នា​រហូត។

កូរ៉េខាង​ត្បូង និង​ជប៉ុន បាន​ចុះ​កិច្ចព្រមព្រៀង​ “បិទ​បញ្ចប់​ទាំង​ស្រុង និង​គ្មាន​ត្រលប់ក្រោយ” សើរើ​សំណុំរឿង​ទាសភាព​ផ្លូវភេទ កាលពី​ឆ្នាំ​២០១៥ បន្ទាប់​ពី​ជប៉ុន​បាន​ធ្វើ​ការ​សុំ​ទោស​ដោយ​​ស្មោះត្រង់ និង​បានបង្កើត​​មូលនិធិ ៨,៨​លាន​អឺរ៉ូ ជា​សំណង​ជំងឺ​ចិត្ត​ សម្រាប់​ជួយ​ដល់​ស្រ្តី​រងគ្រោះដែល​នៅ​មានជីវិត។ តាំង​ពី​មាន​ការ​ចុះកិច្ចព្រមព្រៀង​ភ្លាម សកម្មជន​កូរ៉េខាង​ត្បូង បាន​ផ្លាស់​វេន​គ្នា​ទៅ​យាម​កន្លែង​សាងសង​រូប​សំណាក​នោះ ដើម្បី​​​ការពារ​មិន​ឱ្យរដ្ឋាភិបាល​​ដក​រូប​សំណាក​ស្ត្រី​ទាសករ​ផ្លូវភេទបាន​៕ 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ជប៉ុន-ចិន-កូរ៉េខាងត្បូង

    វត្តមាន​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​នៅ​វិហារ​យ៉ាស៊ូគូនី​បាន​បញ្ឆេះ​កំហឹង​ចិន និង​កូរ៉េខាងត្បូង

    ស្វែងយល់បន្ថែម

  • ជប៉ុន-កូរ៉េខាងត្បូង

    ជប៉ុន និង​កូរ៉េខាងត្បូង​រកឃើញ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​ស្រ្តីទាសករ​ផ្លូវភេទ

    ស្វែងយល់បន្ថែម

  • ជប៉ុន

    លោក​អាបេ ទទួល​គំនាប​ ក្នុង​រឿង​ទាសករ​ផ្លូវភេទ​ក្នុងសម័យត្រួតត្រា​របស់​ជប៉ុននៅ​អាស៊ី

    ស្វែងយល់បន្ថែម

  • ចិន-ជប៉ុន-កូរ៉េខាងត្បូង

    ចិន និង​កូរ៉េខាងត្បូង​តវ៉ា​ប្រឆាំង​នឹង​ជប៉ុន​ដែល​បាន​សើរើ កែប្រែ​ប្រវត្តិសាស្ត្រ នៅក្នុង​សៀវភៅ​សិក្សា​អប់រំ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ