ប្រមុខការទូតបារាំងនាំក្រុមហ៊ុនបារាំងទៅបង្អួតឥណ្ឌាដល់ផ្ទះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៨
លោក ហ្សង់ម៉ាក អេរ៉ូ Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេសបារាំង កំពុងផ្តើមបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។ ក្នុងរយៈពេលបួនថ្ងៃ លោកប្រមុខការទូត ត្រូវធ្វើដំណើរទៅកាន់ក្រុងធំៗបីរបស់ឥណ្ឌា ៖ បង់ហ្កាឡរ អាម៉េដាបាដ និង ញូវដាលី ដោយមានប្រតិភូជាអ្នកវិនិយោគធំៗ ជាច្រើនរូបអមដំណើរជាមួយផង។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺ បង្កើនតួលេខពាណិជ្ជកម្មទ្វេភាគីរវាងបារាំង-ឥណ្ឌា ដែលបានកើនឡើងទ្វេដងរួចទៅហើយ ក្នុងរយៈពេល១០ឆ្នាំនេះ។
លោករដ្ឋមន្ត្រីការបរទេសបារាំង បានដឹកនាំក្រុមប្រតិភូជាថៅកែក្រុមហ៊ុនយក្សបារាំង ដល់ទៅ២៤នាក់ មានជាអាទិ៍ប្រធានក្រុមហ៊ុនអយស្ម័យយាន ប្រធានក្រុមហ៊ុនអ៊ីនធ័រនែតបារាំង Capgemini លំដាប់លេខមួយក្នុងប្រទេសនិងលេខ៦ថ្នាក់ពិភពលោក ... ទៅជាមួយ។ ពួកគេទាំងអស់គ្នានឹងចូលរួម ក្នុងជំនួបអ្នកវិនិយោគទុនVibrant Gujarat ថ្ងៃអង្គារ នៅ Ahmedabad ភាគខាងលិចប្រទេស។
នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចាប់ផ្តើមទស្សនកិច្ចដំបូង លោកប្រមុខការទូតនិងប្រតិភូ កំពុងស្ថិតនៅក្នុងក្រុងBangalore ក្រុងដែលប្រជុំសព្វទៅដោយបច្ចេកវិទ្យាជាន់ខ្ពស់របស់ឥណ្ឌា និងដែលមានStartups បារាំង ឥណ្ឌូ ជាច្រើន តាំងទីនៅ រាប់ទាំងក្រុមហ៊ុនឥណ្ឌាផលិតយានយន្តអវកាស សម្រាប់បញ្ជូនទៅឋានព្រះចន្ទផង។ ហេតុដូច្នេះហើយបានជាបារាំងចាប់អារម្មណ៍ និងបារាំងត្រូវនាំក្រុមហ៊ុនខ្លួនទៅឱ្យឥណ្ឌាចាប់អារម្មណ៍មើលវិញដែរ។ នាឱកាសជួបជាមួយនឹងប្រមុខក្រុមហ៊ុនឥណ្ឌា លោករដ្ឋមន្ត្រីត្រូវអួតបង្ហាញអំពីស្នាដៃ និងសមត្ថភាពរបស់ក្រុមហ៊ុនបារាំងផង និងអឺរ៉ុប និយាយជារួម។
ឥណ្ឌា ដែលប្រជាពលរដ្ឋដល់ទៅ១២០០លាននាក់ កំពុងមានកំណើនសេដ្ឋកិច្ច៧%។ នៅឆ្នាំ២០១៥ ការផ្តោះប្តូរពាណិជ្ជកម្មបារាំង-ឥណ្ឌាមានទំហំកើនដល់៨,៦ពាន់លាន ប៉ុន្តែនៅតិចជាជាមួយចិនឆ្ងាយណាស់។
ដៃគូយុទ្ធសាស្ត្រពិសេស
ទំនាក់ទំនងបារាំង-ឥណ្ឌា ត្រូវបានពង្រឹង ក្នុងថានៈជាដៃគូយុទ្ធសាស្ត្រ ពិសេស នឹងគ្នានៅឆ្នាំ១៩៩៨។ ជំនួបផ្លូវការជាន់ខ្ពស់រវាងអាជ្ញាធរបារាំងនិងឥណ្ឌា ក៏តែងតែមានជាញយៗ កិច្ចពិភាក្សានយោបាយក៏កាន់តែស៊ីជម្រៅ ចំណងមិត្តភាពក៏កាន់តែស្អិតល្មួត ទំនុកចិត្តក៏កាន់តែមាន និងបន្តជាយូរអង្វែងទៀត។ ប្រធានាធិបតីបារាំង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌាដល់ទៅពីរដង ក្នុងមួយអាណត្តិ (២០១៣ និង២០១៦) ឯលោកម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាវិញ ក៏បានអញ្ជើញមកបារាំងដល់ទៅពីរដងដែរ។ គឺដោយសារតែនាយករដ្ឋមន្ត្រីជាតិនិយមនេះឯង ដែលការវិនិយោគរបស់បរទេសនៅឥណ្ឌាកាន់តែបើកទូលាយ និងមានលក្ខណៈស្រួលជាងមុន។
លើវិស័យសេដ្ឋកិច្ច ការផ្តោះប្តូរពាណិជ្ជកម្មបានកើនឡើងទ្វេដង ក្នុងរយៈពេល១០ឆ្នាំ គ្រាន់តែថាពុំទាន់សូវមានសមភាពល្អ បារាំងនាំចូលពីឥណ្ឌា ច្រើនជាងឥណ្ឌានាំចូលពីបារាំង។ តែបារាំង ជាប្រទេសវិនិយោគលំដាប់ទីបី នៅឥណ្ឌា ដោយមានក្រុមហ៊ុនជាងមួយពាន់រកស៊ីបោះទុននៅទីនោះ។
ជាចុងក្រោយ ប្រទេសទាំងពីរបានចាប់ដៃគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ភាពជាដៃគូយុទ្ធសាស្ត្រពិសេស បានត្រូវពង្រឹងជាលំដាប់ និងត្រូវបានបញ្ជាក់កាន់ច្បាស់បន្ថែមទៀត នាឱកាសដំណើរទស្សនកិច្ចរបស់លោកម៉ូឌីនៅបារាំង លើវិស័យសំខាន់ៗ ដូចជា ផ្នែកប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នុយក្លេអ៊ែរស៊ីវិល កិច្ចសហប្រតិបត្តិការខាងការពារជាតិ និងអវកាស។
ឥណ្ឌាពិចារណាលើគ្រប់សំណើលក់អាវុធ
នៅក្នុងពេលជួបពិភាក្សាគ្នាថ្ងៃនេះ លោកប្រមុខការទូតបារាំង និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា បានផ្តោតកម្មវត្ថុទៅលើវិស័យពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនឹងគ្នាមែន ប៉ុន្តែប្រធានបទក្នុងវិស័យការពារជាតិ មិនត្រូវបានមើលរំលងឡើយ ! ព្រោះថាឥណ្ឌាទើបបានបញ្ជាទិញយន្តហោះចម្បាំងប្រភេទរ៉ាហ្វាល់បារាំង រហូតដល់ទៅ៣៦គ្រឿង ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៨ពាន់លានអឺរ៉ូ ឯណោះ។
ហើយក្នុងនាមជាប្រទេសទិញអាវុធច្រើនជាងគេនៅលើពិភពលោក ឥណ្ឌាដែលកំពុងត្រូវការធ្វើទំនើបកម្មអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួន ពិតមិនបដិសេធ រឿងចរចាទិញអាវុធឡើយ។ លោក ម៉ូឌី បានត្រៀមខ្លួនសិក្សាលើគ្រប់សំណើនិងគម្រោងទិញសព្វាវុធទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់លោក ហ្សង់ម៉ាក អេរ៉ូ ដែលមើលឃើញទៀតថា ឥណ្ឌាជាប្រទេសធំ មានប្រជាពលរដ្ឋច្រើនខ្លាំង សេចក្តីត្រូវការក៏ខ្លាំងនិងច្រើនដែរ ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពជូនជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ