អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាវាដឹក​យន្តហោះ​ចម្បាំង​ចិន​នៅ​ក្បែរ​កោះតៃវ៉ាន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កោះតៃវ៉ាន់​បាន​បញ្ជូន​យន្តហោះចម្បាំង ហើយ​និង​កប៉ាល់​ល្បាត​របស់ខ្លួន ទៅ​តាមដាន​មើល​សកម្មភាព​នាវា​ដឹកយន្តហោះ​ចម្បាំង​ចិន ដែល​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​ចោទ​ថា បាន​បើក​ឆ្លងចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១១ មករា។ វត្តមាន​របស់​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​របស់​ចិន ក្បែរ​កោះ​តៃវ៉ាន់ កើតមានឡើង នៅ​បន្ទាប់ពី​ចិន​បរិហារ​ថ្កោលទោស​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវេន ដែល​បាន​ជួប​ពិភាក្សា​ជាមួយ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក​ថេត គ្រូស កាលពី​ថ្ងៃ​អាទិត្យ នៅ​រដ្ឋតិចសាស់។ 

នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​ឈ្មោះ Liaoning នៅ​ពេល​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ខែ​ធ្នូ ២០១៦
នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន​ឈ្មោះ Liaoning នៅ​ពេល​ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ខែ​ធ្នូ ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

អនុរដ្ឋមន្រ្តី​ការបរទេស​ចិន លីវ ចិនមីន បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍ថា វាជារឿង​ធម្មតា ដែល​នាវាដឹក​យន្តហោះ​ចម្បាំង​ចិន បើក​ក្នុង​សមុទ្រ​ក្បែរ​កោះតៃវ៉ាន់ ​ដែល​ស្ថិតនៅ ក្នុង​តំបន់​ទឹក​អន្តរជាតិ។

 
តាម​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ នាវា​ដឹកយន្តហោះ​ចម្បាំង​របស់​ចិន មិន​បាន​បើក​ចូល​ក្នុង​ដែនទឹក​របស់​តៃវ៉ាន់​ទេ នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​វា​បានស្ថិតនៅ​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។ នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ខ្លួន ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​អះអាងថា នាវា​ដឹកយន្តហោះ​ចម្បាំង​របស់​ចិន មិន​បាន​បង្ក​គ្រោះថ្នាក់ គំរាមកំហែង​ដល់​តៃវ៉ាន់​នោះទេ។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​អំពាវនាវ​ផងដែរ​ពលរដ្ឋ​កុំ​ឲ្យ​ភ័យខ្លាច ចលាចល ដោយសារ​វត្តមាន​នាវា​ចម្បាំង​របស់​ចិន នៅ​ក្បែរ​កោះតៃវ៉ាន់។

នាវា​ដឹក​យន្តហោះ​ចម្បាំង “លាវនីង” ដែល​ចិន​ទិញ​បន្ត​ពី​សហភាពសូវៀត យក​មកជួសជុល​ប្រើ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១២ ធ្លាប់​បាន​បើក​ឆ្លងកាត់​សមុទ្រ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ កាលពី​ខែ​ធ្នូ នៅពេល​ត្រូវ​ទៅ​ចូលរួម ក្នុង​សមយុទ្ធ​យោធា​របស់​ចិន នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ រាល់លើក ចិន​ឧស្សាហ៍​យក​ផ្លូវទឹក ដែល​ស្ថិតនៅ​ចន្លោះ​ចិន និង​កោះតៃវ៉ាន់ មក​ធ្វើ​ជា​កន្លែង​ឆ្លងកាត់ ដើម្បី​ចេញ​ទៅ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងកើត ឬ​សមុទ្រ​ចិន​ខាងត្បូងជាដើម។

តាម​អ្នកជំនាញ នាវា​ដឹកយន្តហោះ​ចម្បាំង​ចិន មាន​វត្តមាន​នៅ​ប៉ែក​ខាងលិច​តៃវ៉ាន់ គឺ​ជា​រឿងធម្មតា ព្រោះ​វា​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ទឹកដី​ចិន។ ប៉ុន្តែ  បើនាវា​ចម្បាំង​ចិន មាន​វត្តមាន​នៅ​ប៉ែក​ខាងកើត​តៃវ៉ាន់ ទើប​អាច​ជាគ្រោះថ្នាក់។ លើកនេះ នាវា​ដឹកយន្តហោះ​ចម្បាំង​របស់​ចិន មិន​គ្រោះថ្នាក់ គំរាមកំហែង​ដល់​សន្តិសុខ​របស់​តៃវ៉ាន់ ប៉ុន្តែ វា​ជា​សញ្ញា​ដែល​ចិន​ចង់​បញ្ជូនទៅ​ថ្នាក់ដឹកនាំ​ថ្មី​របស់​តៃវ៉ាន់ ជាពិសេស លោកស្រី​ប្រធានាធិបតី​ត្សៃ អ៊ីងវេន ដែល​ចិន​សង្ស័យ​ថា កំពុង​ចង់​រក​កល ទាមទារ​ឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់។

ម្យ៉ាងវិញទៀត ចិនបើក​សំញ៉ែង​នាវាដឹកយន្តហោះ​ដ៏ធំ​របស់​ខ្លួន ដាក់​កោះតៃវ៉ាន់ ក៏ព្រោះ​តែ​ចិន​ចង់​ធ្វើ​តេស្ត​សាកល្បង ចង់​មើល​ប្រតិកម្ម​របស់​អាមេរិក ដែល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នឹង​មាន​ប្រធានាធិបតី​ថ្មី ចូល​មក​ដឹកនាំ គឺ​លោក​ដូណាល់ ត្រាំ។ ចិន​ចង់​ដឹងថា តើ​លោក​ត្រាំ ដែល​បាន​ទទួល​យក​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ នឹង​មាន​ប្រតិកម្ម យ៉ាងណា នៅពេល​នាវាចម្បាំង​របស់​ចិន បើក​ទៅ​ក្បែរ​តៃវ៉ាន់​នោះ?

អាមេរិក​ធ្លាប់​បាន​បញ្ជូន​នាវាដឹក​យន្តហោះ​ចម្បាំង​របស់ខ្លួន ឈ្មោះ Nimitzទៅ​កោះតៃវ៉ាន់ នៅ​ឆ្នាំ ១៩៩៥ បន្ទាប់​ពី​មាន​ភាពតានតឹង ក្រោយ​ចិនធ្វើ​សមយុទ្ធ បាញ់​មីស៊ីល នៅក្នុង​សមុទ្រចិន។

លោក​Rex Tillerson៖​អាមេរិកនៅ​តែ​ជួយ​តៃវ៉ាន់​ដូចមុន
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ Rex Tillerson ដែល​លោក​ដូណាល់​ត្រាំ បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តីការបរទេស​អាមេរិក បាន​និយាយ​ថា អាមេរិក​នៅតែ​រក្សា​ជួយគាំទ្រ​តៃវ៉ាន់​ដូចមុន។ នៅក្នុង​សវនាការ​សួរដេញដោល​របស់​គណៈកម្មការ​ព្រឹទ្ធសភា កាលពី​ថ្ងៃពុធ អនាគត​ប្រមុខការបរទេស​អាមេរិក​បាន​អះអាងថា អាមេរិក​នឹង​នៅ​តែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ចាស់​ដែល​បាន​ចុះ​ជាមួយ​តៃវ៉ាន់ កាលពី​ឆ្នាំ ១៩៨២។ ទៅតាម​កិច្ចព្រមព្រៀង អាមេរិក​យល់ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ការពារ​ខ្លួន ដោយ​គ្មាន​កំណត់​ពេលបញ្ចប់។

អាមេរិក​នៅ​តែ​គោរព​គោលការណ៍​ចិន​តែមួយ
ចិន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចូល​ទៅ​ក្បែរ​តៃវ៉ាន់ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទីក្រុង​ប៉េកាំង​រិះគន់ ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រីត្សៃ អ៊ីងវេន ដែល​បាន​ជួប​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក​ថេត គ្រូស នៅ​រដ្ឋតិចសាស់។ ទីក្រុង​ប៉េកាំង​បាន​ហៅ​ជំនួប​រវាង​ប្រមុខដឹកនាំ​តៃវ៉ាន់​ជាមួយ​លោក​ថេត គ្រូស ថា ជា​ដើមហេតុ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ចិន និង​អាមេរិក។ ចិន​ធ្លាប់​ឆេះដុំ​ម្តងហើយ នៅពេល​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ដូណាល់ ត្រាំ នៅពេល​លោក​ទើប​ជាប់ឆ្នោត​ថ្មី។ លោក​ដូណាល់​ត្រាំ ដែល​ធ្លាប់​និយាយ​ថា លោក​អាច​មិន​ធ្វើ​ដូច​ប្រធានាធិបតី​អាមេរិក​មុនៗ ក្នុង​រឿង​គោរព​គោលការណ៍​ចិន​តែមួយ។

នៅ​ឆ្នាំ ១៩៧៩ ដោយ​ផ្លាស់ប្តូរ​ជំហរ បានសុខចិត្ត​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ។ លោក​ដូណាល់ ត្រាំ ផ្ទាល់​ធ្លាប់​បាន​និយាយ​ថា លោកគ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​ប្រធានាធិបតី​មុន ដោយ​ត្រូវ​គោរព​គោលការណ៍​ចិន​តែមួយ​នោះទេ។ សំដី​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​ម្តងហើយ។ ចិន នៅមួយរយៈ​ចុងក្រោយ​នេះ នៅមិនស្រណុកចិត្ត​ទេ ជាពិសេស នៅក្រោយ​លោកស្រីប្រធានាធិបតី​តៃវ៉ាន់ ​ត្សៃអ៊ីងវេន បដិសេធម​មិនព្រម​ទទួល​ស្គាល់​ថា តៃវ៉ាន់​ជា​ដែនដី​របស់​ចិន។ លើសពីនោះ លោកស្រីប្រធានាធិបតី​តៃវ៉ាន់ នៅ​បាន​ទាក់ទង ចង​សម្ព័ន្ធ​ជាមួយ​លោក​ត្រាំ ដែល​មាន​គំនិត​អវិជ្ជមាន​ច្រើន​ជាមួយ​ចិន។

ទីក្រុង​ប៉េកាំង​សង្ស័យថា នៅក្នុង​ពេល​ចុះចត​ក្នុង​ទឹកដី​អាមេរិក បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​អាមេរិក​កណ្តាល នៅ​ថ្ងៃទី ១៣ និង​១៤​មករា លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​រៀប​គំរោង​ចង់ជួប​ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​សង្ឃឹម​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​ថ្មី​អាមេរិក។ លោក​ដូណាល់ ត្រាំ អាច​មាត់ឆៅ និយាយ​ដើម្បី​កម្លាចិន ដើម្បី​ផលប្រយោជន៍​ប្រជាប្រិយភាព​របស់ខ្លួន។ ប៉ុន្តែ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង អាមេរិក​មិន​អាច​លាដៃ​ចាប់តៃវ៉ាន់ ដោយ​បែរខ្នង​ដាក់​ចិន ដែល​ជា​មហាអំណាច​នោះ​ទេ។ អនាគត​ប្រមុខការបរទេស​អាមេរិក លោក​Tillerson កាលពី​ថ្ងៃ​ពុធ បាន​បញ្ជាក់​ថា លោក​មិនដែល​បាន​លឺ​ពាក្យ​ថា អាមេរិក​លែង​ចង់​គោរព​គោលការណ៍​ចិន​តែមួយ​នោះទេ។ នេះ​មានន័យថា ទំនាក់ទំនង​អាមេរិក ជាមួយ​តៃវ៉ាន់ និង​ទំនាក់ទំនង​អាមេរិក​ជាមួយ​ចិន គឺ​នៅតែដដែល។អាមេរិក​នៅតែ​ចង់ រក្សា​ទំនាក់ទំនង​ល្អ​ជាមួយចិន ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ពោល​គឺមិនចង់​ប្រឈមមុខ​នឹង​ចិន ដោយ​យក​តៃវ៉ាន់ មក​ឱបក្នុង​ទ្រូងនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ