ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​ចន ឃេរី នៅ​វៀតណាម

media ប្រមុខការ​បរទេស​អាមេរិក លោក​John Kerry ចាប់​ដៃ​ជាមួយ​សមភាគី​វៀតណាម Bui Thanh Sonនៅ​ថ្ងៃទី ១៣​មករា ២០១៧ នៅទីក្រុង​ហាណូយ © REUTERS/Alex Brandon/Pool

ប្រមុខការបរទេស​អាមេរិក នៅថ្ងៃ​សុក្រ​ទី ១៣​មករា ២០១៧ បាន​បញ្ជាក់​ជា​ថ្មី​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​វៀតណាម និង​អាមេរិក។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក នៅ​វៀតណាម ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ចន ឃេរី បាន​អះអាងថា អាមេរិក​នឹង​នៅតែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម។

 

នៅក្នុង​ជំនួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ហាណូយ លោក​ប្រមុខការបរទេស​អាមេរិក​បាន​និយាយថា លោក​សប្បាយចិត្ត​ដែល​បាន​ត្រលប់​មកធ្វើ​ទស្សនកិច្ច​សាជាថ្មី នៅ​វៀតណាម។ វៀតណាម ដែល​បាន​ក្លាយ​ជា​ដៃគូ ជាមួយ​អាមេរិក នៅ​ច្រើន​វិស័យ។ នេះ​ជា​លើក​ទី​៤ ដែល​លោក​ចន ឃេរី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​កុម្មុយនិស្ត​វៀតណាម ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។

 
នៅ​វៀតណាម លោក​ចន ឃេរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​ថ្ងៃ​ទី ២០​មករា​ខាងមុខ បាន​បញ្ជាក់​អះអាង​ពីជំហរ​របស់​អាមេរិក​ដែល​នឹង​នៅបន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម។ ក្រៅតែ​ពី​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ប៉ាស៊ីហ្វិក TPP ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏​បាន​កើនឡើង ជាហូរហែ រហូត​ធ្វើ​ឲ្យ​អាមេរិក ក្លាយ​ជាទី​ផ្សារ​ធំបំផុត​របស់​ផលិតផល​នាំចេញ​ពី​វៀតណាម។

ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការបរទេស​អាមេរិក នៅ​វៀតណាម​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ជំហរ​របស់​ អាមេរិក​ដែល​បានចាត់ទុក​វៀតណាម​ជា​ដៃគូ​សំខាន់ នៅក្នុង​គោលនយោបាយ​អាមេរិក អាស៊ី ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។ នៅក្នុង​អាណត្តិ​របស់ខ្លួន លោក​អូបាម៉ា ដែល​បាន​ចាត់ទុក​វៀតណាម​ជា​ប្រទេស​សំខាន់ ក្នុង​យុទ្ធសាស្រ្ត​ឈរជើង​របស់​អាមេរិក នៅ​អាស៊ី បាន​ប្រកាស​លុបចោល​ទាំងស្រុង បម្រាម​លក់​អាវុធ​ឲ្យ​វៀតណាម។ ទីក្រុង​ហាណូយ​ដែល​កំពុង​ជាប់មាន​ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ចិន បាន​ស្វែងរក​ការគាំទ្រ ទាំង​ផ្នែក​យោធា និង​ការទូត ដើម្បីតតាំង​នឹង​ចិន ដែល​បាន​បង្កើន​ការសាងសង់ និង​ពង្រឹង​មូលដ្ឋាន​យោធា នៅ​លើ​កោះសិប្បនិម្មិត​របស់ខ្លួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

រហូត​មក​ដល់​ពេលនេះ អាមេរិក​នៅ​ប្រកាន់​ជំហរ​អព្យាក្រិត នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្រាន់តែ​អំពាវនាវ​ឲ្យ​គេ​គោរព​សេរីភាព​នៃការធ្វើ​នាវាចរណ៍ នៅក្នុង​ដែនទឹក​អន្តរជាតិ​តែប៉ុណ្ណោះ។ ប៉ុន្តែ អនាគត​ប្រមុខការបរទេស​អាមេរិក បន្ត​ពី​លោក​ចន ឃេរី គឺ​លោក​រ៉ិច ធីល័រសុន បាន​ព្រមាន​រួចហើយ​ថា នៅក្រោយ​ពេល​លោក​ដូណាល់ ត្រាំ ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី ២០​មករា ខាងមុខ អាមេរិក​នឹង​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់​មួយ ទៅ​ចិន ដើម្បី​ឲ្យ​ចិន​ឈប់​សាងសង់ លើ​នៅ​លើ​កោះ​ដែល​កំពុង​ជាប់មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ តើ​សញ្ញា​នោះ​គឺ​អ្វី ? លោក​ធីល័រសុន​មិន​បាន​បកស្រាយ​លម្អិតទេ នៅពេល​លោក​ត្រូវ​សួរដេញដោល ដោយ​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក កាលពី​ថ្ងៃ​ពុធ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ