អានតួអត្ថបទ
អូស្រ្តាលី-ជប៉ុន

អូស្រ្តាលី-ជប៉ុន៖​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​មិន​ទាន់​ស្លាប់​ទេ

បន្ទាប់​ពី​ប្រទេស​ហ្វីលីពីន លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ លោក​ស្ហ៊ីហ្សូ អាបេ និង​សមភាគី​អូស្រា្តលី​ម៉ាល់ខូម ថឺនប៊ុល​បាន​លើក​យក​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ទៅ​ជជែក​នា​ឱកាស​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង Sydney នា​ថ្ងៃ​សៅរ៍ ទី១៤ មករា​នេះ។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ត្រូវ​បាន​ឥស្សរជន​ទាំង​ពីរ​បាន​យល់​ឃើញ​ដូច​គ្នា​ថា មិន​ទាន់​ស្លាប់​ទេ និង​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​រួសរាន់​ឲ្យ​សច្ចាប័ន្រ។

លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ Shinzo Abe និង​សមភាគី​អូស្រា្តលី​​លោក Malcolm Turnbull
លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ Shinzo Abe និង​សមភាគី​អូស្រា្តលី​​លោក Malcolm Turnbull REUTERS/Brook Mitchell/Pool
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​អាបេ និង​សមភាគី​អូស្រា្តលី​ថឺនប៊ុល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ក្តីសង្ឃឹម​របស់​ខ្លួន​ដែល​ចង់​ឃើញ​ឲ្យ​មាន​ការ​អនុវត្តន៍​នា​ពេល​ឆាប់ៗ​នូវ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក TPP ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​សមាជិក​ចំនួន ១២ កាល​ពី​មួយ​ឆ្នាំ​មុន។ លោក​អាបេ និង​លោក​ថឺនប៊ុល​បាន​យល់​ឃើញ​ដូច​គ្នា​ថា TPP មិន​ទាន់​ស្លាប់​ទេ និង​ថា TPP មាន​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​សមាជិក និង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទាំង​មូល។

ចំណាប់​អារម្មណ៍​លាយ​ឡំ​នឹង​ក្តីបារម្ភ​លើ TPP របស់​លោក​អាបេ និង​លោក​ថឺនប៊ុល​ពេល​នេះ​បាន​ធ្វើ ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ថ្មី​ដូណាល់ ត្រាំ​មាន​បំណង​សើរើ​ឡើង​វិញ​នូវ​រាល់​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា។ លោក​ត្រាំ​បាន​បញ្ជាក់​ថា លោក​គាំទ្រ​លើ​កិច្ចព្រមពៀង តែ​មាន​កិច្ចព្រមពៀង​ខ្លះ​មិន​បាន​ផ្តល់​ផលចំណេញ​ឲ្យ​អាមេរិក​ទេ តែ​បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់ និង​ផ្តល់​ផលចំណេញ​ឲ្យ​អ្នកផ្សេង។ ខុស​ពី​លោក​ត្រាំ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដែល​នឹង​អស់​អាណត្តិ​នៅ​ថ្ងៃទី២០ មករា​បាន​ចេញ​មុខ​ការពារ TPP ដោយ​លោក​យល់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដើម្បី​ប្រឈម​ទប់​នឹង​មហិច្ឆិតា​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្នុង​តំបន់។

ក្រៅ​ពី​បន្ត​ឲ្យ​តម្លៃ​ខ្លាំង​លើ TPP លោក​អាបេ និង​លោក​ថឺនប៊ុល​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិ​លើ​វិស័យ​ការពារ​រវាង​ជប៉ុន និង​អូស្រ្តាលី​ដែរ។ ទាក់ទង​នឹង​ជម្លោះ​នៅ​ក្នុង​តំបន់ លោក​អាបេ និង​លោក​ថឺនប៊ុល​បាន​ថ្កោលទោស​លើ​កូរ៉េខាងជើង​ពី​ការ​ដែល​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ ចុង​ក្រោយ លោក​អាបេ និង​លោក​ថឺនប៊ុល​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​ដោយ​បាន​ស្នើ​ឲ្យ​មាន​ភាព​អត់ធ្មត់​ពី​គ្រប់ភាគី​ជម្លោះ។ បន្ទាប់​ពី​អូស្រា្តលី លោក​អាបេ​នឹង​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ