អានតួអត្ថបទ
អសប

អសប៖ សំរាម​អេឡិចត្រូនិក​នៅ​អាស៊ី កើនឡើង​ខ្លាំងគួរ​ឲ្យ​បារម្ភ

កាកសំណល់​អេឡិចត្រូនិក​កើនឡើង​ខ្លាំង​នៅ​អាស៊ី។ តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ​នៅថ្ងៃ​អាទិត្យនេះ សំរាម​អេឡិចត្រូនិក​កើនឡើង​ខ្លាំង ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង​ពី​ផលប៉ះពាល់​របស់​វា​ទៅ​លើ​សុខភាព​មនុស្ស ហើយ​និង​បរិស្ថាន។ 

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍ ទូទឹកកក ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត ត្រូវ​បាន​ប្រើ​កាន់តែច្រើន នៅ​បណ្តា​ប្រទេស​អាស៊ី​ដែល​កំពុង​ស្គាល់​ការរីកចម្រើន។ សំភារៈ​អេឡិចត្រូនិក​ទាំង​អស់នេះ​ជា​កត្តា​បញ្ជាក់​ពី​ជីវភាព​ធូរធា​ជាងមុន​របស់​ប្រជាជន​នៅ​អាស៊ី។ ប៉ុន្តែ ជាមួយ​គ្នានោះ អាស៊ី​ដែល​នៅ​ខ្វះខាតច្រើន ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ ហើយ​និង​មធ្យោបាយ​ដើម្បី កែច្នៃ​ឡើងវិញ ក៏កំពុង​ប្រឈម​ខ្លាំង​ផងដែរ​នឹង​ជាតិពុល បំផ្លាញ​បរិស្ថាន​ដែល​ចេញ​ពី​សំរាម​អេឡិចត្រូនិក

 
តាម​របាយការណ៍​របស់អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល​៥​ឆ្នាំ បរិមាណ​សំរាម​អេឡិចត្រូនិក ហើយ​និង​សំរាម​ដែល​ជា​ឧបករណ៍​អគ្គិសនី បាន​កើន​ឡើង គួរ​ឲ្យ​ព្រួយ​បារម្ភ ប្រមាណ ៦៣ភាគរយ។ កាលពី​មុន ប្រទេស​ចិន និង​ប្រទេស​អាស៊ី​មួយចំនួន​ទៀត បាន​ក្លាយ​ជាកន្លែង​ចាក់​សំរាម​របស់​ប្រទេស​អ្នកមាន ដែល​លែងប្រើ​ឧបករណ៍​អេឡិចត្រូនិក​ចាស់ៗ។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អាស៊ី​បាន​ក្លាយ​ជា​ប្រភព​បញ្ចេញ​សំរាម​អេឡិចត្រូនិក ដោយសារ​កត្តា​ជីវភាព​អំណោយផល ហើយនិង​កំណើន​សេដ្ឋកិច្ច បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​អាស៊ី​កាន់​តែច្រើន មាន​ទូរទស្សន៍ កុំព្យូទ៍រ មាន​ទូរស័ព្ទ ពីរ បី​ក្នុង​ដៃ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ឲ្យ​ឃើញថា ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៥ បរិមាណ​សំរាម​អេឡិចត្រូនិក​របស់​ចិន​បាន​កើនឡើង ទ្វេរ​ដង។ ហុងកុង ជាប់​ចំណាត់​ថ្នាក់​មុនគេ ដោយ​ប្រជាជន​ហុងកុង​ម្នាក់ បញ្ចេញ​សំរាម​អេឡិចត្រូនិក​ប្រមាណ ២១​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ ២០១៥។ បន្ទាប់មក ពី ប្រជាជនសិង្ហបុរី និង​តៃវ៉ាន់។ កម្ពុជា ហ្វីលីពីន និង​វៀតណាម បញ្ចេញ​សំរាម​អេឡិចត្រូនិក​តិចជាងគេ គឺ​តិចជាង ១គីឡូក្រាមកន្លះ ក្នុង​ប្រជាជន​ម្នាក់។

ឧបករណ៍​អេឡិចត្រូនិក​នឹង​ជួយសម្រួល​កត្តារស់នៅ​របស់​មនុស្ស ប៉ុន្តែ ជាមួយគ្នានេះ គេ​ក៏​ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់​របស់​វា ទៅក្នុង​បរិស្ថានដែរ។ នៅក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ អ្នកនិពន្ធ​បាន​អំពាវនាវ​ផងដែរ ឲ្យ​បណ្តា​ប្រទេស​អាស៊ី បង្កើន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ សម្រាប់​កែច្នៃ សំរាម​អេឡិចត្រូនិក ដើម្បី​ជៀសវាង​ផលប៉ះពាល់ ទៅលើ​បរិស្ថាន និង​សុខភាព​មនុស្ស។ ជាក់ស្តែង នៅ​ខេត្ត​ក្វាងទុង ជាទី​ដែល​សំបូរ​រោងចក្រ​កែច្នៃ​សំរាម​អេឡិចត្រូនិក មក​ពី​បរទេស ដោយសារ​តែ​រោងចក្រ​ធ្វើឡើង​មិន​តាម​ស្តង់ដា គេ​រកឃើញ​មាន​លោហៈ​ធ្ងន់​ជាច្រើន​បាន​ឆ្លងចូល​ទៅក្នុង​ខ្យល់ និង​ទឹក។ តាម​ការសិក្សា​របស់​សកលវិទ្យាល័យ​ក្នុង​ស្រុក ឈាម​របស់​កុមារ​រស់នៅខេត្ត​ក្វាងទុក មានសំបូរ​ទៅដោយ​ជាតិសំណរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ