អានតួអត្ថបទ
កូរ៉េខាងត្បូង

តុលាការ​កូរ៉េខាងត្បូង​បដិសេធ​មិន​ចេញ​ដីកា​ចាប់​អគ្គនាយករង​ក្រុមហ៊ុន Samsung

តុលាការ​ក្រុង​សេអ៊ូល នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ នេះ​បាន​បដិសេធ​មិនធ្វើ​តាម​សំណើ​របស់​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ដែល​បាន​ដាក់​ពាក្យ​សុំ​ឲ្យតុលាការ​ចេញ​ដីកា​ចាប់ឃុំ​ខ្លួន អគ្គនាយក​រង​ក្រុមហ៊ុន Samsung។ លោក​Lee Jae-Yong កូនប្រុស​របស់​ម្ចាស់​ក្រុមហ៊ុន​ Samsung ត្រូវ​បាន​រដ្ឋអាជ្ញា​ចោទប្រកាន់​ក្នុង​នាម​ជាឧក្រិដ្ឋជន​សង្ស័យ ក្នុង​រឿងអាស្រូវ ពុករលួយ រំលោភអំណាច ដែល​មាន​ជាប់ពាក់ព័ន្ធ​ផងដែរ ​លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ។ 

លោក Lee Jea Yong អគ្គនាយករង Samsung Electronics មកដល់​កន្លែង​សួរ​ចម្លើយ ថ្ងៃទី​១២ មករា ២០១៧
លោក Lee Jea Yong អគ្គនាយករង Samsung Electronics មកដល់​កន្លែង​សួរ​ចម្លើយ ថ្ងៃទី​១២ មករា ២០១៧ REUTERS/Ahn Young-joon/Pool
ផ្សាយពាណិជ្ជកម្ម

ក្រោម​ហេតុផល​ថា ខ្វះ​ភស្តុតាង​គ្រប់គ្រាន់ តុលាការ​កូរ៉េខាងត្បូង​បាន​ទាត់ចោល​សំណើ​របស់​រដ្ឋអាជ្ញា​ដែល​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​អគ្គនាយករង​ក្រុមហ៊ុន Samsung លោកLee Jae-Yong។ អ្នកនាំពាក្យ​របស់​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​សំដែង​ការសោកស្តាយ នៅក្រោយ​ការបដិសេធ​របស់​តុលាការ ប៉ុន្តែ បាន​អះអាង​ថា មហាអយ្យការ​នឹង​ចាត់វិធាន​ចាំបាច់ នៅ​ពេល​ខាងមុខ ហើយ​និង​នៅ​តែ​បន្ត​ការងារ​ស៊ើបអង្កេត​ដោយ​គ្មាន​ងាករេ នៅក្នុង​អាស្រូវ​ប្រព្រឹត្ត​ពុករលួយ ដ៏ធំ​នៅ​កូរ៉េខាងត្បូង។

 
អគ្គនាយករង និង​ជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​យក្ស Samsung លោក​Lee Jae-Yong ​បាន​ស្ថិតនៅ​ក្នុង​មណ្ឌលឃុំខ្លួន អស់ ១៨ម៉ោង នៅថ្ងៃ​ពុធ​ដើម្បី​រង់ចាំ​ការសម្រេច​របស់តុលាការ។ នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រុមហ៊ុន​ Samsung​បានចេញ​សេចក្តី​ថ្លែងការណ៍​កោតសរសើរ​តុលាការ​ដែល​បាន​សម្រេច មិន​បើកផ្លូវ​ឲ្យ​មាន​ការចាប់ខ្លួន លោក​Lee Jae-Yong។

តាមអ្នកវិភាគ​មួយចំនួន តុលាការ​ក្រុង​សេអ៊ូល​មិន​បាន​អនុញ្ញាត​ឲ្យ​គេ​ចាប់ឃុំខ្លួន អគ្គនាយករង​ក្រុមហ៊ុន ដោយសារ​តែ​គេ​ខ្លាច​ថា ការចាប់ខ្លួន​អនាគត​ថៅកែ Samsung នឹង​អាច​ជះ​ផលអាក្រក់​ទៅលើ​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង។ សម្រាប់​សាស្ត្រាចារ្យ ឆយ ឆាំងយ៉ុល ចម្លើយ​បិទផ្លូវ​របស់​តុលាការ​កូរ៉េខាងត្បូង​នឹង​បង្ក​ជា​ឧបសគ្គ​ដល់​ក្រុមអ្នកស៊ើបអង្កេត​កូរ៉េខាងត្បូង ព្រោះថា បើសិន​អគ្គនាយករង​ក្រុមហ៊ុន​Samsung ត្រូវចាប់ឃុំខ្លួន គេ​នឹង​ងាយស្រួល​សួរចម្លើយ ហើយនិង​អាច​ប្រមូល​ភស្តុតាង​ដើម្បី​កសាង​សំណុំរឿង ចោទប្រកាន់​លោកស្រី​ប៉ាក់ គុនហេ ផងដែរ។ កាលពី​ដើម​ខែធ្នូ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង ដោយសារ​តែ​រឿងអាស្រូវ​ពុករលួយ រំលោភ​អំណាច ដែល​បង្កឡើង​ដោយ​ឆយ ស៊ុនស៊ីល

ក្នុង​វ័យ ៤៨​ឆ្នាំ លោក​Lee Jae-Yong កូនប្រុស​អគ្គនាយក​ក្រុមហ៊ុន Samsung​ត្រូវ​បាន​រដ្ឋាអាជ្ញា​ជាប់សង្ស័យ​ថា បាន​ផ្តល់​លុយ​ជាង ៣៦​លាន​ដុល្លារ ទៅ​ឲ្យ​មូលនិធិ​របស់​លោកស្រី ឆយ ស៊ុនស៊ីល មិត្តជិតស្និទ្ធ​របស់​លោកស្រី​ប៉ាក់ គុនហេ ជាថ្នូរ​នឹងអន្តរាគម​របស់​វិមាន​ប្រធានាធិបតី នៅក្នុង​ដំណើរការ ច្របាច់​ចូល​គ្នា ដ៏ចម្រូងចម្រាស​នៃ​ក្រុមហ៊ុន​សាខា​ពីរ​របស់​ Samsung។

អគ្គនាយករង​ Samsung​ធ្លាប់​បាន​អះអាង​ថា ដោយ​រងការដាក់​សម្ពាធ​ខ្លាំង​ពីលោកស្រី​ប្រធានាធិបតី​ប៉ាក់គុនហេ ក្រុមហ៊ុន​បាន​ផ្តល់​វិភាគទាន​មែន ទៅឲ្យ​មូលនិធិ​របស់​ឆយ ស៊ុនស៊ីល ប៉ុន្តែ ក្រុមហ៊ុន​គ្មាន​បាន គិតរំពឹង​ចង់​បាន​អ្វី​តបស្នង​វិញ​នោះ​ទេ។ តាម​អនាគត​មេដឹកនាំ​កំពូល​របស់​ Samsung ខ្លួនកំពុង​ជាប់ផុង ជា​ជនរងគ្រោះ នៃ​សង្រ្គាម​របស់​អ្នកនយោបាយ នៅ​កូរ៉េខាងត្បូង​តែប៉ុណ្ណោះ។ អំណះអំណាង​ដែល​ពិបាក​នឹង​បញ្ចុះបញ្ចូល​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ឲ្យ​ជឿ សុខចិត្ត​លះបង់​ចោល​បទចោទប្រកាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ