អានតួអត្ថបទ
ភូមា

ភូមា៖​មេធាវី​កាន់​សាសនាអ៊ីស្លាម​ម្នាក់​ស្និទ្ធ​នឹង​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​គេ​បាញ់​សម្លាប់

នៅ​ក្នុង​ប្រទេស​ភូមា លោក​កូ នី មេធាវី​ល្បី​ឈ្មោះ​ម្នាក់​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​បាន​បុរស​ខ្មាន់កំាភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្តហោះ​ក្រុង​រ៉ង់ហ្គូន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៩ មករា។ លោក​កូ នី​ជា​ទីប្រឹក្សាច្បាប់​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី និង​ជា​មេធារី​ម្នាក់​ដែល​គ្មាន​ការ​រើសអើង​ក្នុង​ផ្នែក​សាសនា។ តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​គិត​ថា ឃាតកម្ម​លើ​លោក​កូ នី​ជា​ឃាតកម្ម​នយោបាយ និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ។

លោក​កូ នី ​មេធាវី​កាន់​សាសនាអ៊ីស្លាម​ម្នាក់​​នៅ​ភូមា​​ត្រូវ​​គេ​​បាញ់​​សម្លាប់
លោក​កូ នី ​មេធាវី​កាន់​សាសនាអ៊ីស្លាម​ម្នាក់​​នៅ​ភូមា​​ត្រូវ​​គេ​​បាញ់​​សម្លាប់ Phyo Thiha Cho/Myanmar Now via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​មេធាវី​កូ នី​ត្រូវ​បាន​បុរស​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​សម្លាញ់​នៅ​ខាង​ក្រៅ​ព្រលាន​យន្តហោះ​ក្រុង​រ៉ង់ហ្គូន​ក្នុង​ពេល​ដែល​លោក​កំពុង​តៀម​ឡើង​ឡាន​តាក់ស៊ី​ទៅ​ផ្ទះ។ ក្រៅ​ពី​បាញ់​សម្លាប់​លោក កូ នី រូប​បុរស​ខ្មាន់កាំភ្លើង​ដដែល​ក៏​បាន​បាញ់​សម្លាញ់​បុរស​អ្នក​បើក​តាក់ស៊ី មុន​នឹង​ត្រូវ​កម្លាំង​ប៉ូលិស​ក្របួច ក ជាប់។ អ្នកនាំពាក្យ​ប្រធានាធិបតី​ភូមា​បាន​ប្រាប់ AFP នៅ​ថ្ងៃ​ចន្ទ ទី៣០ មករា​នេះ​ថា លោក​កូ នី​ទើប​ត្រឡប់​ពី​បេសកកម្ម​ជាមួយ​គណៈប្រតិភូ​រដ្ឋាភិបាល​នៅ​បរទេស។ ពិធី​បុណ្យសព​លោក​កូ នី​បាន​រៀបចំ​ធ្វើ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ថ្ងៃ​ចន្ទ ទី៣០ មករា​នេះ​ដោយ​មាន​មនុស្ស​ជិតឆ្ងាយ​ចូលរួម​យ៉ាង​ច្រើន​កុះករ។

សូម​ជម្រាប​ជូន​ថា​មាន​អាយុ ៦៣ឆ្នាំ មេធាវី​កូ នី​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជា​សមាជិក​ម្នាក់​ល្បី​ឈ្មោះ​នៅ​ក្នុង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម។ លោក​កូ នី​ជា​មេធាវី​បម្រើការ​នៅ​តុលាការកំពូល ជា​មេធាវី​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី និង​ក៏​ជា​ទីប្រឹក្សាច្បាប់​របស់​លោកស្រី​អ៊ុង សានស៊ូជី​ដែរ។ ក្នុង​ឆ្នាំ ១៩៩៥ លោក​កូ នី​បាន​បង្កើត​ការិយាល័យ​មេធាវី​ជាមួយ​មិត្ត​រួម​ការងារ​ចំនួន ២នាក់​ផ្សេង​ទៀត និង​បាន​ទទួល​ការងារ​ជាង ៩០០សំណុំរឿង​ព្រហ្មទ័ណ្ឌ និង​ជាង ១ ៤០០សំណុំរឿង​ស៊ីវិល។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ថ្កោលទោស​លើ​ឃាតកម្ម​សម្លាប់​លោក​កូ នី​ដោយ​បាន​ចាត់​ទុក​ជា​ទង្វើ​ភេរវកម្ម​ប្រឆាំង​នឹង​នយោបាយ​របស់​គណបក្ស។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម ការ​បាត់បង់​លោក​កូ នី​ជា​ការ​បាត់បង់​មួយ​ធំធេង​ណាស់​សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​លោក​កូ នី​បាន​គាំទ្រ​គ្រប់​ពេល​វេលា។ គួរ​បញ្ជាក់​ថា លោក​កូ នី​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​មែន តែ​លោក​តែង​មាន​ជំហរ​អធ្យាស្រ័យ និង​គ្មាន​ការ​រើសអើង​ក្នុង​រឿង​សាសនា​ទេ។

យ៉ាង​ណា​ក៏​ដោយ ឃាតកម្ម​សម្លាប់​លោក​កូ នី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភាព​តានតឹង​រវាង​សហគមន៍​សាសនា​អ៊ីស្លាម និង​សហគមន៍​សាសនា​ព្រះពុទ្ធ​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក​ក្នុង​ប្រទេស​ភូមា។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បរិហារ​លើ​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម និង​គិត​ថា ឃាតកម្ម​សម្លាប់​លោក​កូ នី​មាន​លក្ខណៈ​នយោបាយ ព្រម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ