ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT

បើ​ផុត​ពី​​អាមេរិក​ អាហ្វហ្កានីស្ថានអាច​រំពឹង​លើ​រុស្ស៊ី ?

បើ​ផុត​ពី​​អាមេរិក​ អាហ្វហ្កានីស្ថានអាច​រំពឹង​លើ​រុស្ស៊ី ?
 
ភេរវកម្ម​នៅ​ទីក្រុង​កាប៊ូល ថ្ងៃទី ២៨ ធ្នូ ២០១៦ REUTERS/Mohammad Ismail

ឆ្នាំ​២០១៦ ជា​ឆ្នាំ​ដែល​មាន​ជន​រងគ្រោះ​ស៊ីវិល អាហ្វហ្កានីស្ថាន​កើន​ឡើង​ខ្ពស់​បំផុត គិត​ចាប់​ពី​ឆ្នាំ​២០០៩​មក។ ភេរវកម្ម​មួយ​ហើយ​មួយ​ទៀត មិន​ថា​នៅ​តំបន់​ជាយ​ស្រុក ឬ​កណ្តាល​រដ្ឋធានី​ទេ។ ​របប​ក្រុង​កាប៊ូល កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំងឡើងៗ ខ្លាំងជាង​ពេល​ណាៗ​ទាំង​អស់ ពីសំណាក់ ពួក​អ៊ីស្លាម​ជ្រុលនិយម។ ចុះ​ប្រសិន​បើ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ ស្រាប់​តែ​សម្រេច​បិទ​បញ្ចប់​ជំនួយ​យោធា​ទៀត​ នោះតើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ពិត​ត្រូវ​ ​រាប់​​ថ្ងៃចាំ​​ស្លាប់​ឬ ? តាលីបង់​នឹង​មាន​ឱកាស​វិញ​ឬ ?

តាំង​ពី​ជាង​៤០​ឆ្នាំ​មកហើយ គេកម្រ​មាន​​ដំណឹងល្អ​​ធ្លាក់​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន! ព័ត៌មាន​ចុងក្រោយ​នៅ​តែ​មាន​ន័យ​ដដែល ​គ្មាន​អ្វី​គួរ​ប្លែក​​សោះ។ ការ​សិក្សា​ពីរ​ចុង​ក្រោយ​ ទើប​បង្ហាញ​ជា​សាធារណៈ កាលពី​ប៉ុន្មាន​ថ្ងៃ​នេះ បាន​​លាត​ត្រដាង​អំពី​ស្ថានភាព​សន្តិសុខ​ដ៏​ដុនដាប​ធ្ងន់ធ្ងរ សម្រាប់​ថ្ងៃអនាគត​ប្រសិន​បើ​ពួក​តាលីបង់ វិលមក​កាន់​អំណាច​វិញ។

ទី​មួយ​ ជា​របាយការណ៍​របស់​រដ្ឋាភិបាល​អាមេរិក​។ អាមេរិក​បាន​កត់​សម្គាល់​ឃើញ​មាន​ការ​បាត់​បង់​កម្លាំង​ទាហាន​អាហ្វហ្កានីស្ថាន ច្រើន​ខ្លាំង​នៅ​ឆ្នាំ ២០១៦ បើ​ប្រៀប​ទៅ​ឆ្នាំមុន។
 
ទាហាន​ និង​ប៉ូលិស ជិត ៧ពាន់​នាក់​បាន​ស្លាប់ ពោល​គឺ​ស្មើ​នឹង​កំណើន​៣៥% ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​។ អត្រា​បាត់​បង់​នេះ បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា ពួក​តាលីបង់ និង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ទើប​មក​ឈរ​ជើង​នៅ​ភាគ​ខាង​កើត​ប្រទេស មាន​កម្លាំង​ខ្លាំង និង​ជីវិត​រឹង​មាំខ្លាំង។
 
រឹង​មាំ​ ល្មម​នឹ​ងអាច​ធ្វើ​ឱ្យ​ទាហាន​អាហ្វហ្កានីស្ថាន ដែល​បើ​រាប់​ជា​ផ្លូវការ​ មាន​ឡើង​ដល់​ប្រមាណ​ជាង​បី​សែន​នាក់ បំពាក់​បំប៉ន​និង​ឧបត្ថម្ភ​ដោយ​អាមេរិក បាក់​ទឹក​ចិត្ត លើក​លែង​តែ​ពួក​អវត្តមាន និង​ពួក​អ៊ីស្លាម​ជ្រុល​និយម​ដែល​បន្លំ​ខ្លួនជ្រៀត​ចូល​ធ្វើ​ទាហាន។ ខាង​ប៉ូលិស​វិញ ក៏​មិន​ប្រសើរ​ កាលពី​សប្តាហ៍​មុន ប៉ូលិស​៨​នាក់ ត្រូវ​បាន​ប៉ូលិស​គ្នា​សម្លាប់ ព្រោះ​ជន​នេះ​ត្រូវ​ពួក​តាលីបង់​បង្វិល​បាន។
 
ឯកសារ​ទីពីរ ដែល​កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទៀត នោះ​គឺបើ​អង្គការ​សហប្រជាជាតិ ឆ្នាំ​២០១៦ ជា​ឆ្នាំ​មរណៈ​ខ្លាំង​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ស៊ីវិល​អាហ្វហ្កានីស្ថាន ដោយ​មាន​ចំនួន​ជន​រងគ្រោះ ៤៥០០​នាក់ និង​របួស ៨០០០នាក់។ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​តាំង​ពី​ឆ្នាំ​២០០៩​មក។ នេះ​ជា​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​ដ៏​ហិង្សា​ដែល​ផ្តុំ​គ្នា​ជា​ពិសេស​​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ប៉ុន្តែ​គ្មាន​ខេត្ត​ណា​មួយ​បាន​សុខ​ស្ងាត់​ អត់​អំពើ​ហិង្សា​ទេ។ មួយ​រយៈ​ចុងក្រោយ​នេះ ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​គ្នា​បាន​បន្ថយ​ល្បឿន ព្រោះ​មិន​មែន​ដោយសារមាន​ដំណោះស្រាយអ្វី​ទេ តែ​ដោយ​ហេតុ​តែ​អាកាសធាតុ​មិន​អំណោយ​ផល ជា​រដូវ​ត្រជាក់​មាន​ធ្លាក់​ទឹកកកផង។ នៅ​ពេល​រដូវ​ផ្ការីក​មក​ដល់ មេឃ​ក្តៅ​បន្តិច ការ​វាយប្រហារ របស់​ពួក​តាលីបង់​មក​លើ​កម្លាំង​រដ្ឋាភិបាល នឹង​ស្ទុះ​ឡើង​វិញ​ជាក់​ជា​មិន​ខាន។
 
តែ​យ៉ាង​ណា​ក៏​ដោយ ក៏រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​ទទួល​ជំនួយ​ដោយ​ចុង​ដៃ​ចុង​ជើង​ពី​អាមេរិក អាច​ទប់​ទល់​ជាប់។ តាលីបង់ មិន​អាច​ផ្តួល​រដ្ឋាភិបាល​ក្រុង​កាប៊ូល​បាន​ឡើយ​ ក្នុងពេល​ខ្លី​ភ្លាមៗ​នេះ។ អាមេរិក​គ្មាន​កម្លាំង​សន្ធឹក​សន្ធាប់​ជួយ​អាហ្វហ្កានីស្ថាន​ដូច​ពេល​មុន​មែន តែ​ក៏​បាន​រក្សា​យោធា​ជាង​៨ពាន់​នាក់ គ្រាន់​ជួយ​បង្វិក​បង្ហាត់ បំពាក់​បំប៉ន និង​ជាទន្ទល់​ទ្រទាហាន​អាហ្វហ្កានីស្ថាន ឱ្យ​ប្រឈម​នឹង​ពួក​តាលីបង់​និង​ពួក​អ៊ីស្លាម​ជ្រុលនិយម​ផ្សេង​ទៀត ដូច​ជា​ផ្តល់​ព័ត៌មាន តាមដាន​រូបភាព​ផ្កាយ​រណប យន្តហោះ​ដ្រូន ឬ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស។
 
ចុះ​បើកម្លាំង​ដ៏​តិច​តួច​នេះ ត្រូវ​ដក​ចេញ​ទាំង​ស្រុង​ទៀត ?! លោក ដូណាល់ ត្រាំ បាន​អះអាង​ប្រាប់​ប្រធានាធិបតី​អាហ្វហ្កានីស្ថានថា​នឹង​គាំទ្រ​អាហ្វហ្កានីស្ថាន ពេញ​មួយ​អាណត្តិ​លោក ប៉ុន្តែ​នរណា​អាចថា​​ត្រូវ​ បើ​ប្រធានាធិបតី​ធ្លាប់​សម្តែង​ឱ្យ​គេ​ឃើញ​ថា​លោក​អាច​ក្រលាស់​ពាក្យ​បាន​យ៉ាង​អស្ចារ្យ​ទៅ​ហើយ​នោះ ?!
 
ប្រសិន​បើ​ដូច្នេះ​មែន អាហ្វហ្កានីស្ថាន អាច​នឹង​វិល​ទៅ​រក​ស្ថានការណ៍​ដូច​កាលពី​ជាង​ពីរ​ទសវត្សរ៍​កន្លះ​មុន។ នៅ​ឆ្នាំ​១៩៨៩ យោធា​ក្រហម​សូវៀត បាន​ដក​ខ្លួន​ចេញ បន្ទាប់​ពី​បរាជ័យ​មិន​អាច​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន​។ បី​ឆ្នាំ​ក្រោយ​រដ្ឋាភិបាល​កុម្មុយ​និស្ត​ដាក់​បន្តុំ​ដោយ​ម៉ូស្គូ ក៏​ធ្លាក់ អាហ្វហ្កានីស្ថាន​ក៏​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​តាលីបង់។
 
តែ​សេណារីយោ​នេះ​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ ព្រោះផុត​ពី​អាមេរិក​ទៅ អាហ្វហ្កានីស្ថាន អាច​វិល​ទៅ​ពឹង​លើ​​រុស្ស៊ី​បាន​ជា​ថ្មី។ រុស្ស៊ី ដែល​ប្រឹង​ចេញ​មុខ​ចេញ​មាត់​ខ្លាំង ក្នុង​សំណុំ​រឿង​អន្តរជាតិ​ផ្សេង​ៗ ដូច​យ៉ាង​ស៊ីរី ក៏​កំពុង​បង្ហាញ​មុខ​ចង់​ដោះស្រាយ​វិបត្តិ​ឱ្យ​អាហ្វហ្កានីស្ថាន។ ម៉ូស្គូ​នឹង​ទទួល​រៀប​ចំ​សន្និសីទអន្តរជាតិ​ស្តី​ពី​អាហ្វហ្កានីស្ថាន នៅ​ពាក់​កណ្តាល​ខែកុម្ភៈ​ខាង​មុខ​នេះ ដោយ​បានកោះ​អញ្ជើញ​រួច​ជា​ស្រេច​ទៅ​ហើយ បណ្តា​ប្រទេស​ក្នុង​តំបន់ ដូច​ជា​រុស្ស៊ី អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ចិន អ៊ីរ៉ង់ និង​ឥណ្ឌា។ តាលីបង់​ក៏​ទំនង​ជា​នឹង​ត្រូវ​បាន​រុស្ស៊ី​ចង់​អញ្ជើញ​ឱ្យ​ចូល​រួម​ដែរតែ​គ្មាន​ឡើយ​ភាគី​បស្ចឹម​លោក។​ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​លោក​ ឡាវ្រូស ប្រមុខ​ការទូត​រុស្ស៊ី ដែល​​សង្ឃឹម​ថា​អាមេរិក​របស់​លោក​ត្រាំ ងាយ​ទាក់ទង​ជាង​រដ្ឋបាល​មុន និង​ងាយ​នាំ​ជោគជ័យ​ឱ្យ​អាហ្វហ្កានីស្ថាន៕​ 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ.ស.ប.-អាហ្វហ្កានីស្ថាន

    អ.ស.ប.៖​ចំនួន​ជនស៊ីវិល​រងគ្រោះ​មាន​កំណើន​ខ្ពស់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០១៦

    ស្វែងយល់បន្ថែម

  • អាហ្វហ្កានីស្ថាន-ភេរវកម្ម

    ថ្ងៃអង្គារទី​១០​មករា អាហ្វហ្កានីស្ថាន​រង​ភេរវកម្ម​៣​ផ្ទួន​គ្នា ស្លាប់​យ៉ាងហោច​៥៦​នាក់

    ស្វែងយល់បន្ថែម

  • អាហ្វហ្កានីស្ថាន

    អាហ្វហ្កានីស្ថាន៖​រដ្ឋាភិបាល​ចេញ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើហិង្សា​លើ​ស្រ្តី

    ស្វែងយល់បន្ថែម

  • អាហ្វហ្កានីស្ថាន​

    អង្គការ​សិទ្ធិមនុស្ស​ទាមទារ​អោយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ការពារ​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ