ព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល ស្វាគមន៍ជំនួបកំពូលអាមេរិក ជប៉ុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៦
កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១២មករា បានបាញ់សាកល្បងមីស៊ីល ដែលបានធ្លាក់ទៅក្នុងទឹកសមុទ្រក្បែរប្រទេសជប៉ុន។ ហេតុការណ៍នេះកើតឡើង នៅចំពេលដែលនាយករដ្ឋមន្រ្តីជប៉ុន កំពុងត្រូវទទួលស្វាគម ដោយរាក់ទាក់បំផុតពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋFloride។ លោកដូណាល់ ត្រាំ នៅប៉ុន្មានម៉ោងក្រោយ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល បានប្រកាសធានាសមភាគីជប៉ុនថា អាមេរិកនឹងគាំទ្រ ១០០ភាគរយ ជប៉ុន ដែលជាសម្ព័ន្ធមិត្ត។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល នៅប្រមាណម៉ោង ៨ព្រឹកថ្ងៃអាទិត្យនេះ ពីមូលដ្ឋានទ័ពអាកាសមួយ ដែលស្ថិតនៅប៉ែកខាងលិច ប្រទេស។ ប្រតិកម្មមានព្រោងព្រាត ជាពិសេស ពីកូរ៉េខាងត្បូង អាមេរិក ហើយនិងជប៉ុន ដែលចាត់ទុកខ្លួនជាផ្ទាំងស៊ីបនៃការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង។
តាមក្រសួងការពារជាតិកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងនៅថ្ងៃនេះ អាចជាមីស៊ីលបាញ់ចម្ងាយមធ្យម Rodong ដែលកូរ៉េខាងជើងធ្លាប់បានបាញ់កន្លងមក។ តាមធម្មតាវាអាចរត់បានចម្ងាយជាង ១ពាន់គីឡូម៉ែត្រ គឺអាចហោះហួសទឹកដីកូរ៉េខាងត្បូង ទៅដល់ទឹកដីជប៉ុន។ ប៉ុន្តែ មីស៊ីលនៅថ្ងៃនេះ រត់បានចម្ងាយតែ៥០០ គីឡូម៉ែត្រ ក៏ផ្ទុះធ្លាក់ទៅក្នុងទឹកសមុទ្រ អន្តរជាតិ ក្បែរទឹកសមុទ្រជប៉ុន។
មើលទៅលើប្រភេទមីស៊ីល ដែលកូរ៉េខាងជើងបាញ់នៅថ្ងៃនេះ ប្រទេស ដែលកូរ៉េខាងជើង សំដៅ គំរាមកំហែង គឺជប៉ុន ប៉ុន្តែ មិនមែន កូរ៉េខាងត្បូង និងអាមេរិកនោះទេ។ នៅក្នុងសន្និសីទកាសែតរួម ជាមួយប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្រ្តីជប៉ុនដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលលោកចាត់ទុកថា មានលក្ខណៈ ញុះញង់ ដែលមិនអាចអត់ឱនឲ្យបាន។
ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាប្រធានបទសំខាន់ ដែលនាយករដ្ឋមន្រ្តីជប៉ុនបានលើកនិយាយ រួចហើយ ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ នៅក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល លោកដូណាល់ ត្រាំ ដែលឈរនៅក្បែរលោកស៊្ហីនហ្សូ អាបេបាននិយាយធានាដែរថា អាមេរិក នឹងគាំទ្រ ១០០ភាគរយ ជប៉ុន សម្ព័ន្ធមិត្តចាស់ឆ្នាំ របស់អាមេរិក។
ទស្សនីយភាពដែលកូរ៉េខាងជើង បង្កើតឡើងដើម្បី តេស្តចង់ដឹងប្រតិកម្មរបស់លោកដូណាល់ ត្រាំ
នេះជាលើកទី១ ចាប់តាំងពីលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក។ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃនេះ ជារឿងដែលសេតវិមានបានទន្ទឹងទុកមុន ថានឹងអាចកើតឡើង។ ដោយបាញ់សាកល្បងមីស៊ីល កូរ៉េខាងជើង ចង់វាស់ស្ទង់ប្រតិកម្មរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក។
នៅខែមករា ប្រមុខដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនបានព្រមានថា កងទ័ពកូរ៉េខាងជើងជិតបានឈានដល់ដំណាក់កាលចុងក្រោយ នៃការផលិតមីស៊ីលបាលីស្ទីក ចម្ងាយឆ្ងាយ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែ លោកដូណាល់ ត្រាំ ធ្លាប់បានប្រតិកម្មតបវិញថា នឹងមិនឲ្យកូរ៉េខាងជើងអាចសម្រេចបាញ់មីស៊ីល ដែលមានបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរបានជាដាច់ខាត។
តាមមន្រ្តីរបស់សេតវិមាន រដ្ឋបាលលោកត្រាំ នៅរង់ចាំទទួលមតិយោបល់នៅអាមេរិកជាមុនសិន មុន ចាត់វិធានការប្រឆាំងកូរ៉េខាងជើង។ អាមេរិកអាចដាក់ទណ្ឌកម្មបន្ថែម ទៅលើកូរ៉េខាងជើង ឬមួយអាមេរិកត្រូវពង្រឹងវត្តមានយោធារបស់ខ្លួននៅកូរ៉េខាងត្បូង នៅជប៉ុន។ ចំណាត់ការចុងក្រោយ គឺការជំរុញ ការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីលTHAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង។
អាមេរិកកាន់តែមានអំណះអំណាងដើម្បី ដំឡើងប្រព័ន្ធខែលមីស៊ីល THAAD
ចិន និងរុស្ស៊ីបានចេញមុខប្រឆាំង ការដំឡើងប្រព័ន្ធខែលមីស៊ីល THAAD របស់អាមេរិក នៅកូរ៉េខាងត្បូង។ ជប៉ុនវិញ កំពុងគិតគូរផងដែរឲ្យមានប្រព័ន្ធខែលមីស៊ីល THAADក្នុងទឹកដីរបស់ខ្លួន។ សម្រាប់ចិន និងរុស្ស៊ី ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិកនឹងគំរាមកំហែង ធ្វើឲ្យយុទ្ធសាស្រ្តយោធារបស់ខ្លួនចុះខ្សោយ។ បើសិនប្រព័ន្ធខែលមីស៊ីល THAADរបស់អាមេរិកអាចទប់ស្កាត់ មីស៊ីល របស់កូរ៉េខាងជើង នោះវាក៏អាចស្ទាក់ចាប់បានមីស៊ីលដែលបាញ់ពីចិន និងរុស្ស៊ីដែរ។
ចិន និងរុស្ស៊ី ទំនងមិនអាចទៅបញ្ចុះបញ្ចូលអាមេរិកឲ្យឈប់ដំឡើងប្រព័ន្ធខែលមីស៊ីលរបស់ខ្លួន នៅអាស៊ីបានទេ។ កន្លងមក កូរ៉េខាងជើងនៅមិនទាន់ជាសត្រូវគំរាមកំហែងដោយផ្ទាល់របស់អាមេរិកនោះទេ។ អាមេរិកបានចេញមុខ ប្រឆាំងកូរ៉េខាងជើង ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី គឺកូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចាប់តាំងពីគីម ជុងអ៊ុនចូលដឹកនាំកូរ៉េខាងជើង អាមេរិកចាប់ផ្តើមខ្វល់ បារម្ភផ្ទាល់ពីសន្តិសុខរបស់ខ្លួន ព្រោះថា កូរ៉េខាងជើង ដែលបានបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរ បានអភិវឌ្ឍមិនឈប់ឈរ ការផលិតមីស៊ីលបាលីស្ទីក ចម្ងាយឆ្ងាយដែលអាចរត់ទៅដល់ទឹកដីអាមេរិក។ នៅក្នុងទស្សនកិច្ចទៅជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ការបាញ់នុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវបកវិញ ដោយការវាយបំផ្លាញទាំងស្រុងពីអាមេរិក។ នៅកូរ៉េខាងត្បូង ប្រមុខការពារជាតិអាមេរិកបានប្រកាសជំរុញការសាងសង់ប្រព័ន្ធខែលមីស៊ីល ដែលនឹងអាចធ្វើឡើងនៅចុងឆ្នាំ ២០១៧។
បើសិនចិន មិនចង់ឃើញប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តាំងនៅក្បែរមាត់ច្រមុះរបស់ខ្លួន ចិនត្រូវទៅនិយាយបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តព្យុងយ៉ាងឲ្យឈប់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរយោធា។ ប៉ុន្តែ រឿងនេះមិនអាចកើតឡើងបានទេ។ ទីមួយ អាចថា កូរ៉េខាងជើង ដែលបើទោះបីជាត្រូវពឹងផ្អែកជំនួយ ចិន ប៉ុន្តែ ចង់បញ្ជាក់អំណាចនុយក្លេអ៊ែរបស់ខ្លួន ដើម្បីចរចាជាមួយសហគមអន្តរជាតិ។ ទី២ទៀត គឺថា ចិនខ្លួនឯងមិនចង់និយាយជាមួយកូរ៉េខាងជើង និងបិទភ្នែក បណ្តោយឲ្យកូរ៉េខាងជើងផលិតមីស៊ីល ព្រោះថា ចង់ ឬមិនចង់ មានកូរ៉េខាងជើងដែលមានអំណាចនុយក្លេអ៊ែរ នៅក្បែរខ្លួន គឺធ្វើឲ្យចិន មានទឹកមាត់ច្រើនដើម្បី ចរចា ដាក់ថ្នូរ ទាមទារពីអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ