ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

ព្យុងយ៉ាង​បាញ់​សាកល្បង​មីស៊ីល ស្វាគមន៍​ជំនួប​កំពូល​អាមេរិក ជប៉ុន

ព្យុងយ៉ាង​បាញ់​សាកល្បង​មីស៊ីល ស្វាគមន៍​ជំនួប​កំពូល​អាមេរិក ជប៉ុន
 
ទូរទស្សន៍​កូរ៉េខាងត្បូង​នៅ​ទីក្រុង​សេអ៊ូល​បង្ហាញ​ការបាញ់​មីស៊ីល​របស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យ​ទី ១២​កុម្ភៈ២០១៧ ©REUTERS/Kim Hong-Ji

កូរ៉េខាងជើង នៅ​ថ្ងៃអាទិត្យ ទី១២​មករា បាន​បាញ់​សាកល្បង​មីស៊ីល ដែល​បាន​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​ក្បែរ​ប្រទេស​ជប៉ុន។ ហេតុការណ៍នេះ​កើតឡើង នៅចំពេល​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន កំពុង​ត្រូវ​ទទួល​ស្វាគម ដោយ​រាក់ទាក់​បំផុត​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​រដ្ឋFloride។ លោកដូណាល់ ត្រាំ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល បាន​ប្រកាស​ធានា​សមភាគី​ជប៉ុន​ថា អាមេរិក​នឹង​គាំទ្រ ១០០ភាគរយ ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល នៅ​ប្រមាណ​ម៉ោង ៨ព្រឹក​ថ្ងៃ​អាទិត្យនេះ ពី​មូលដ្ឋាន​ទ័ព​អាកាស​មួយ ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច ប្រទេស។ ប្រតិកម្ម​មាន​ព្រោងព្រាត ជាពិសេស ពី​កូរ៉េខាងត្បូង អាមេរិក ហើយ​និង​ជប៉ុន ដែល​ចាត់ទុក​ខ្លួន​ជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង។

 
តាម​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង មីស៊ីល​ដែល​កូរ៉េខាងជើង​នៅថ្ងៃ​នេះ អាច​ជា​មីស៊ីល​បាញ់​ចម្ងាយ​មធ្យម Rodong ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​កន្លងមក។ តាម​ធម្មតា​វា​អាច​រត់​បាន​ចម្ងាយ​ជាង ១ពាន់​គីឡូម៉ែត្រ គឺ​អាច​ហោះ​ហួស​ទឹកដី​កូរ៉េខាងត្បូង ទៅដល់​ទឹកដី​ជប៉ុន។ ប៉ុន្តែ មីស៊ីល​នៅ​ថ្ងៃ​នេះ រត់​បាន​ចម្ងាយ​តែ​៥០០ គីឡូម៉ែត្រ ក៏ផ្ទុះធ្លាក់​ទៅក្នុង​ទឹកសមុទ្រ អន្តរជាតិ ក្បែរ​ទឹកសមុទ្រ​ជប៉ុន។
 
មើល​ទៅលើ​ប្រភេទ​មីស៊ីល ដែល​កូរ៉េខាងជើង​បាញ់​នៅថ្ងៃ​នេះ ប្រទេស ដែល​កូរ៉េខាងជើង សំដៅ គំរាមកំហែង គឺ​ជប៉ុន ប៉ុន្តែ ​មិនមែន កូរ៉េខាងត្បូង និង​អាមេរិក​នោះទេ។ នៅក្នុង​សន្និសីទ​កាសែតរួម ជាមួយ​ប្រធានាធិបតី​អាមេរិក លោកនាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ដែល​លោក​ចាត់ទុក​ថា មាន​លក្ខណៈ ញុះញង់ ដែល​មិនអាច​អត់ឱន​ឲ្យ​បាន។
 
ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាប្រធានបទ​សំខាន់ ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​លើកនិយាយ រួចហើយ ជាមួយ​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។ នៅក្រោយ​កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល លោក​ដូណាល់ ត្រាំ ដែល​ឈរ​នៅក្បែរ​លោកស៊្ហីនហ្សូ អាបេ​បាន​និយាយ​ធានា​ដែរថា អាមេរិក នឹង​គាំទ្រ ១០០​ភាគរយ ជប៉ុន សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ របស់​អាមេរិក។
 
ទស្សនីយភាព​ដែល​កូរ៉េខាងជើង បង្កើតឡើង​ដើម្បី តេស្ត​ចង់ដឹង​ប្រតិកម្ម​របស់លោក​ដូណាល់ ត្រាំ
នេះ​ជា​លើក​ទី១ ចាប់តាំង​ពី​លោកដូណាល់ ត្រាំ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង នៅថ្ងៃ​នេះ ជា​រឿង​ដែល​សេតវិមាន​បាន​ទន្ទឹង​ទុកមុន ថា​នឹង​អាច​កើតឡើង។ ដោយ​បាញ់​សាកល្បង​មីស៊ីល កូរ៉េខាងជើង ចង់​វាស់ស្ទង់​ប្រតិកម្ម​របស់​លោកដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក។
 
នៅ​ខែ​មករា ប្រមុខដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​បានព្រមាន​ថា កងទ័ព​កូរ៉េខាងជើង​ជិត​បាន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ នៃ​ការផលិត​មីស៊ីល​បាលីស្ទីក ចម្ងាយឆ្ងាយ ដែល​អាច​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែ លោកដូណាល់ ត្រាំ ធ្លាប់​បាន​ប្រតិកម្ម​តបវិញថា នឹង​មិន​ឲ្យ​កូរ៉េខាងជើង​អាច​សម្រេច​បាញ់​មីស៊ីល ដែល​មាន​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន​ជាដាច់ខាត។
 
តាម​មន្រ្តី​របស់​សេតវិមាន រដ្ឋបាល​លោកត្រាំ នៅ​រង់ចាំទទួល​មតិ​យោបល់​នៅ​អាមេរិក​ជាមុនសិន មុន ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងជើង។ អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​បន្ថែម ទៅលើ​កូរ៉េខាងជើង ឬមួយ​អាមេរិក​ត្រូវ​ពង្រឹង​វត្តមាន​យោធា​របស់ខ្លួន​នៅកូរ៉េខាងត្បូង នៅ​ជប៉ុន។ ចំណាត់ការ​ចុងក្រោយ គឺ​ការជំរុញ ការដាក់​ពង្រាយ​ប្រព័ន្ធខែល​មីស៊ីល​THAAD នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។
 
អាមេរិក​កាន់តែ​មាន​អំណះអំណាង​ដើម្បី ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល THAAD
ចិន និង​រុស្ស៊ី​បាន​ចេញ​មុខ​ប្រឆាំង ការដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ THAAD របស់​អាមេរិក នៅកូរ៉េខាងត្បូង។ ជប៉ុន​វិញ កំពុង​គិតគូរ​ផងដែរ​ឲ្យ​មាន​ប្រព័ន្ធ​ខែលមីស៊ីល THAADក្នុង​ទឹកដី​របស់ខ្លួន។ សម្រាប់​ចិន និង​រុស្ស៊ី ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក​នឹង​គំរាមកំហែង ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន​ចុះខ្សោយ។ បើសិន​ប្រព័ន្ធ​ខែល​មីស៊ីល THAADរបស់​អាមេរិក​អាច​ទប់ស្កាត់ មីស៊ីល របស់​កូរ៉េខាងជើង នោះ​វា​ក៏​អាច​ស្ទាក់ចាប់បាន​មីស៊ីល​ដែល​បាញ់​ពី​ចិន និង​រុស្ស៊ីដែរ។
 
ចិន និង​រុស្ស៊ី ទំនងមិនអាច​ទៅ​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យឈប់​ដំឡើង​ប្រព័ន្ធ​ខែល​មីស៊ីលរបស់ខ្លួន នៅ​អាស៊ី​បានទេ។ កន្លងមក កូរ៉េខាងជើង​នៅ​មិនទាន់​ជា​សត្រូវ​គំរាមកំហែង​ដោយផ្ទាល់​របស់​អាមេរិក​នោះទេ។ អាមេរិក​បាន​ចេញ​មុខ ប្រឆាំង​កូរ៉េខាងជើង ដើម្បី​ការពារ​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅអាស៊ី គឺ​កូរ៉េខាងត្បូង និង​ជប៉ុន។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺ​ចាប់តាំង​ពី​គីម ជុងអ៊ុន​ចូល​ដឹកនាំ​កូរ៉េខាងជើង អាមេរិក​ចាប់ផ្តើម​ខ្វល់ បារម្ភ​ផ្ទាល់​ពី​សន្តិសុខ​របស់ខ្លួន ព្រោះថា ​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ បាន​អភិវឌ្ឍ​មិនឈប់ឈរ ការផលិត​មីស៊ីល​បាលីស្ទីក ចម្ងាយឆ្ងាយ​ដែល​អាច​រត់ទៅដល់​ទឹកដី​អាមេរិក។ នៅក្នុង​ទស្សនកិច្ច​ទៅ​ជប៉ុន និង​កូរ៉េខាងត្បូង នៅ​សប្តាហ៍មុន រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក លោក James Mattis បាននិយាយ​ថា ការបាញ់​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​នឹង​ត្រូវ​បកវិញ ដោយ​ការវាយបំផ្លាញ​ទាំងស្រុង​ពី​អាមេរិក។ នៅ​កូរ៉េខាងត្បូង ប្រមុខការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ជំរុញ​ការសាងសង់​ប្រព័ន្ធ​ខែលមីស៊ីល ដែល​នឹង​អាច​ធ្វើឡើង​នៅ​ចុងឆ្នាំ ២០១៧។
 
បើសិន​ចិន មិន​ចង់​ឃើញ​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក តាំង​នៅ​ក្បែរ​មាត់ច្រមុះ​របស់ខ្លួន ចិន​ត្រូវ​ទៅ​និយាយ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ព្យុងយ៉ាង​ឲ្យ​ឈប់​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ ប៉ុន្តែ រឿងនេះ​មិនអាច​កើតឡើង​បាន​ទេ។ ទីមួយ អាចថា កូរ៉េខាងជើង ដែល​បើទោះបី​ជា​ត្រូវ​ពឹងផ្អែក​ជំនួយ ចិន ប៉ុន្តែ ចង់​បញ្ជាក់​អំណាច​នុយក្លេអ៊ែ​របស់ខ្លួន ដើម្បី​ចរចា​ជាមួយ​សហគម​អន្តរជាតិ។ ទី២​ទៀត គឺ​ថា ចិន​ខ្លួនឯង​មិន​ចង់​និយាយជាមួយ​កូរ៉េខាងជើង និង​បិទភ្នែក បណ្តោយ​ឲ្យ​កូរ៉េខាងជើង​ផលិត​មីស៊ីល ព្រោះថា ចង់ ឬ​មិនចង់ មាន​កូរ៉េខាងជើង​ដែល​មាន​អំណាច​នុយក្លេអ៊ែរ នៅក្បែរខ្លួន គឺ​ធ្វើ​ឲ្យ​ចិន មាន​ទឹកមាត់ច្រើន​ដើម្បី​ ចរចា ដាក់ថ្នូរ ទាមទារ​ពី​អាមេរិក៕
 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន

    អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បើក​កិច្ចប្រជុំ​ត្រីភាគី​​ដើម្បី​និយាយ​ពី​​បញ្ហា​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-អាស៊ី

    ទស្សនកិច្ច​លើក​ដំបូង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​នៅ​អាស៊ី

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-អាមេរិក-មីស៊ីលអន្តរទ្វីប

    ព្យុងយ៉ាង​​ទើប​​ប្រកាស​​ថា​​បាន​​ត្រៀម​​ជាស្រេច​​ដើម្បី​​បាញ់​​​សាកល្បង​​មីស៊ីល​​អន្តរទ្វីប​​

    ស្វែងយល់បន្ថែម

  • ទីក្រុង​​សេអ៊ូល​​ប្តេជ្ញាចិត្ត​​នឹង​​ដាក់​​ពង្រាយ​​ប្រព័ន្ធ​​ខែល​​ការពារ​​មីស៊ីល​​អាមេរិក​​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​អភិវឌ្ឍ​ខ្លាំង នៅឆ្នាំ ២០១៦​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោកដូណាល់ ត្រាំ ព្រមាន​ រិះគន់មិនថា ប្រទេស​សត្រូវ ឬសម្ព័ន្ធមិត្ត​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ