អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​មីស៊ីលប្រភេទ​ថ្មី ដែល​រ៉ាដា​ពិបាក​នឹង​ចាប់បាន​សញ្ញា

ក្រុមប្រឹក្សា​សន្តិសុ​របស់​អង្គការ​សហប្រជាជាតិ ទៅតាម​ការស្នើសុំរបស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់មួយ នៅ​ថ្ងៃ​ចន្ទ ដើម្បី​និយាយ​ពី​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក កាលពីថ្ងៃ​អាទិត្យ។ នៅ​ថ្ងៃ​ចន្ទនេះ ចិន បាន​ប្រតិកម្ម​ប្រឆាំង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ចំណែក​រុស្ស៊ី​វិញ បាន​បង្ហាញ​ក្តីបារម្ភ នៅក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល ដោយ​រំលោភ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

រូបភាព​របស់​ទីភ្នាក់ងារ​KCNAបង្ហាញ​មីស៊ីល​ប្រភេទថ្មី ដែល​បញ្ជា​បាញ់​ដោយ​ផ្ទាល់​ដោយ​គីម ជុងអ៊ុន នៅថ្ងៃទី ១២​កុម្ភៈ
រូបភាព​របស់​ទីភ្នាក់ងារ​KCNAបង្ហាញ​មីស៊ីល​ប្រភេទថ្មី ដែល​បញ្ជា​បាញ់​ដោយ​ផ្ទាល់​ដោយ​គីម ជុងអ៊ុន នៅថ្ងៃទី ១២​កុម្ភៈ ©KCNA/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ជាក់​ពី​ការបាញ់​សាកល្បង​មីស៊ីល​ ប្រកប​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​អាទិត្យ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA លោក​គីម ជុងអ៊ុន ដែល​ជា​អ្នកដឹកនាំ និង​បញ្ជារ​ដោយ​ផ្ទាល់ដៃ បាន​សំដែង​ការពេញចិត្ត នឹង​ប្រតិបត្តិការ​បាញ់​មីស៊ីល កាលពី​ថ្ងៃ​ម្សិលមិញ។

 
កូរ៉េខាងជើង​បាញ់​មីស៊ីល​បាលីស្ទីក ទៅ​ធ្លាក់ក្នុង​ទឹកសមុទ្រ​ក្បែរ​ប្រទេស​ជប៉ុន បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​ខ្លាំង​ពី​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង ដែល​បាន​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​កោះប្រជុំ​ជា​បន្ទាន់​នៅថ្ងៃ​ចន្ទនេះ។ គេ​នៅ​មិនទាន់​ដឹង​ថា តើ​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ នឹង​អាច​ផលិត​ចេញ​ជា​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដែរឬទេ? ចិន និង​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទនេះ បាន​បង្ហាញ​ក្តីបារម្ភ នៅក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល។ ទីក្រុង​ប៉េកាំង បើទោះបី​ជា​ប្រឆាំង​នឹង​ការបាញ់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ បានអំពាវនាវ​ឲ្យ​គ្រប់ភាគី​នៅ​ស្ងប់ស្ងាត់។

ជប៉ុន​បាន​ចាត់ទុក​ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ថា ជា​ការញុះញង់ ក្នុងពេល​កូរ៉េខាងត្បូង​ឯណោះវិញ បាន​វាយតម្លៃថា កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល ដើម្បី​សាកល្បង ចង់​ដឹង​ប្រតិកម្ម​របស់​លោកដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ KCNA មីស៊ីល​ដែល​កូរ៉េខាងជើង បាញ់​នៅថ្ងៃ​អាទិត្យ​ មាន​ឈ្មោះ ថា Pukguksong ទី២ មានន័យថា ផ្កាយ​ខាងជើង។ វាជា​មីស៊ីល​ប្រភេទថ្មី អាច​មាន​សមត្ថភាព​នាំក្បាល​គ្រាប់នុយក្លេអ៊ែរ ដែល​កូរ៉េខាងជើង​ទើប​សម្រេច​បាន សម្រាប់​ប្រព័ន្ធ​សព្វាវុធ​យុទ្ធសាស្រ្ត​របស់កងទ័ព។ នេះ​ជា​លើកទី​១ ដែល​កូរ៉េខាងជើង​និយាយ​ពី​មីស៊ីល Pukguksong។ សម្រាប់​អ្នកជំនាញ​របស់​វិទ្យាស្ថាន​កូរ៉េខាងត្បូង សម្រាប់​កិច្ចការបរទេស និង​សន្តិសុខ មីស៊ីល​ប្រភេទនេះ មានគ្រោះថ្នាក់​ខ្លាំង​សម្រាប់​គូសត្រូវ ព្រោះថា វា​កម្លាំង​រត់លឿន ខ្លាំង ដែល​ពិបាក​នឹង​ឲ្យ​រ៉ាដា​ចាប់សញ្ញា​បាន​ជាមុន។

រហូតមកដល់​ពេលនេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ ចំនួន ៥លើក និង​បាញ់​មីស៊ីល​បាលីស្ទីក​ជាច្រើន​លើក។ ដោយ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​លើក​នេះ កូរ៉េខាងជើង​បាន​រំលោភ​សេចក្តី​សម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ដែល​រហូត​មក​បាន​ហាមឃាត់ (ប៉ុន្តែ មិន​បាន​សម្រេច) កូរ៉េខាងជើង មិន​ឲ្យ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឬ​មីស៊ីល​បាលីស្ទីក។ ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ នៅ​ឆ្នាំ ២០១៦ បានធ្វើ​ឲ្យ​កូរ៉េខាងជើង​រង​ការដាក់​ទណ្ឌកម្ម ជា​លើក​ទី ៦ ដែលនៅក្នុង​នោះ គេ​បាន​ហាមឃាត់​មិន​ឲ្យ​ចិន​ទិញ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ