អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ជា​ឯកច្ឆ័ន្ទ​កូរ៉េខាង​ជើង តែ​ចង្អុល​មុខ​ចិន

ក្រុមប្រឹក្សា​សន្តិសុខ​អង្គកា​រ​សហប្រជាជាតិ ដែល​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​ នៅ​យប់​ថ្ងៃ​ចន្ទ ទី ១៣​ កុម្ភៈ តាម​សំណើ​របស់​អាមេរិក ជប៉ុន​និង​កូរ៉េខាង​ត្បូង បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ ថ្កោល​ទោស​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាង​ជើង និង​បាន​ស្នើ​​សុំ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​អស់​ បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ទណ្ឌកម្ម​លើ​ព្យុងយ៉ាង។ នេះ​ទំនង​ជា​សារ​ដែល​ក្រុមប្រឹក្សា​ ចង់​កើន​រំលឹក​ចិន​ សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​តែ​មួយ​គត់​របស់ព្យុងយ៉ាង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ជា​ឯកច្ឆ័ន្ទ​កូរ៉េខាង​ជើង
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ជា​ឯកច្ឆ័ន្ទ​កូរ៉េខាង​ជើង Manuel ELIAS / SC Chamber / AFP
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​សង្ស័យ​ទេ នៅ​លើក​នេះ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទាំង​អស់ រាប់​ទាំង​ចិន រុស្ស៊ី​ផង បាន​​មូលមតិ​​គ្នា​ជា​ឯកច្ឆ័ន្ទ ចេញ​សេចក្តី​ថ្លែងការណ៍ ថ្កោលទោស​របប​ព្យុងយ៉ាង​ដែល​បាន​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី កាលពី​ថ្ងៃអាទិត្យ​ទី ១២​កុម្ភៈ។ ប៉ុន្តែ​ក្រុមប្រឹក្សា​កំពុង​ចោទ​សួរថា​តើទណ្ឌកម្ម​ដែលបាន​សម្រេច​​ដាក់​លើ​កូរ៉េខាង​ជើង តាំង​ពី​ឆ្នាំ​២០០៦​មក អនុវត្ត​បាន​ត្រឹម​ត្រូវ​ដែរឬទេ ?!

ពេល​នេះ គ្រប់​ចក្ខុ​កំពុង​សំឡឹង​ទៅ​មើល​ចិន ក្រោយកិច្ចប្រជុំ​​ភ្លាម​ តំណាង​ទូត​អាមេរិក បាន​សេចក្តី​ថ្លែងការ​វាយប្រហារ​ខ្លាំងៗ ថា​ដល់​ពេលដែលត្រូវ​តម្រង់​កូរ៉េខាង​ជើង! មិន​មែន​ត្រឹម​ជា​ពាក្យ​ទេ​ តែ​ត្រូវ​ធ្វើ​ ! ដើម្បី​ប្រាប់ ព្យុងយ៉ាង​និង​អ្នក​គាំទ្រ​ថា​មិន​អាច​សាកល្បង​មីស៊ីល​បាន​ទៀតទេ។

 
​ប៉េកាំង​សម្ព័ន្ធមិត្តនិង​ដៃគូ​ពាណិជ្ជកម្ម​របស់​ព្យុងយ៉ាង​តែ​មួយ​គត់ មាន​បន្ទាត់​នយោបាយ​ផ្លូវការ ថ្កោល​ទោស​​ការ​បាញ់​មីស៊ីល ប៉ុន្តែ​មិន​ចង់​ឱ្យ​ស្ថានការណ៍​ក្នុង​ឧបទ្វីប​ធ្លាក់​ដុនដាប​ទេ។ ​​​​របាយការណ៍​វាយ​តម្លៃ​ការ​អនុវត្តទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ។ ហើយ​ពេល​នោះ គេ​នឹង​បាន​ដឹង​ច្បាស់​ថា​តើ​ចិន​អនុវត្ត​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង​ប៉ុណ្ណា។

ជប៉ុនបាន​អបអរ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា តែ​សង្ឃឹមជានិច្ច​​​លើ​ឥរិយាបថ​របស់​អាមេរិក​​ចំពោះ​ព្យុងយ៉ាង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ ​តាំងពី​​មុន​​និង​ក្រៅ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​សន្យា​ ជា​មុន​ទៅ​ហើយ ថា​ នឹង​បក​លើ​កូរ៉េខាង​ជើង​ឱ្យ​ចាស់​ដៃ​តែ​ម្តង ដែល​ព្រហើន​ហ៊ាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ទៀត។

​វ៉ាស៊ីនតោន ក៏​បាន​ធានា​រ៉ាប់​រងដែរ​ថាអាមេរិក ជប៉ុន​កូរ៉េខាង​ត្បូង មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការ​ចាប់​មីស៊ីល​កូរ៉េខាង​ជើង ប្រសិន​បើ​មាន​ការ​បាញ់​ទៀត។ ​​ប្រព័ន្ធ​ខែ​ល​មីស៊ីលអាមេរិក​នឹង​ត្រូវ​ដាក់​ពង្រាយ​ នៅ​កូរ៉េខាង​ត្បូង​ នៅ​ក្នុង​អំឡុង​ពេលសមយុទ្ធ​ប្រចាំ​ឆ្នាំ​អាមេរិក​កូរ៉េខាង​ត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ