អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ម៉ាឡេស៊ី​ចាប់​បាន​ស្រ្តីជាប់​សង្ស័យ​បំពុល​សម្លាប់​បងប្រុសលោក​គីម ជុងអ៊ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​គីម ជុងណាម បងប្រុស ម្តាយទីទៃ របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​ត្រូវ​បាន​គេ​លបធ្វើ​ឃាត កាលពី​ថ្ងៃ​ចន្ទ នៅ​ព្រលាន​យន្តហោះ​គូឡាឡាំពួរ។ តាមប្រព័ន្ធ​ផ្សព្វផ្សាយ កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី លោក​គីម ជុងណាម ទំនង​ស្លាប់​ដោយសារ​ថ្នាំបំពុល។ ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​បាន​និយាយ​ថា នៅ​ព្រឹកថ្ងៃ​ពុធទី ១៥​កុម្ភៈ គេ​ចាប់បាន​ស្រ្តី​ម្នាក់ ជាប់​សង្ស័យ​​​ក្នុង​បទ​ធ្វើ​ឃាត ​សម្លាប់​លោក​គីម ជុងណាម។ សាកសព​របស់​លោកគីម ជុងណាម​ត្រូវ​បាន​បញ្ជូន ទៅ​ធ្វើ​កោសល្យវិច្ច័យ នៅ​ថ្ងៃ​ពុធនេះ នៅ​​មន្ទីរពេទ្យ​នៅ​កូឡាឡាំពួរ។

ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញ​រូប​លោក​គីម ជុងណាម ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ថ្នាំពុល នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី នៅថ្ងៃ​ចន្ទទី ១៣ កុម្ភៈ ២០១៧
ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញ​រូប​លោក​គីម ជុងណាម ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ថ្នាំពុល នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី នៅថ្ងៃ​ចន្ទទី ១៣ កុម្ភៈ ២០១៧ Lim Se-young/News1 via REUTERS
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​បាន​អះអាង​នៅថ្ងៃ​ពុធនេះថា គេ​ទើប​ចាប់​បាន​ស្ត្រី​ម្នាក់ ដែល​គេ​សង្ស័យថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ការធ្វើ​ឃាតកម្ម​លើ​លោក​គីម ជុងណាម បងប្រុស ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ ស្រ្តី​ដែល​ប៉ូលិស​ម៉ាឡេស៊ី ចាប់​ខ្លួន មាន​ឈ្មោះថា Doan Thi Huong អាយុ ២៨​ឆ្នាំ កាន់​លិខិត​ឆ្លងដែន វៀតណាម។ ប៉ូលិស​បាន​ឃាត់ខ្លួន​ស្រ្តីជាប់សង្ស័យ នៅ​ព្រលាន​យន្តហោះ ម៉ាឡេស៊ី គឺ​នៅ​ពីរថ្ងៃ​ក្រោយ​កើតមាន​ឃាតកម្ម។

 
តាម​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង ដែល​បាន​ធ្វើ​សន្និសីទ​កាសែត នៅថ្ងៃ​ពុធនេះ មានស្រ្តី​អាស៊ី​ពីររូប ត្រូវ​គេ​សង្ស័យថា ជា​ឃាតករ ដែល​បាន​បំពុល​សម្លាប់ បងប្រុស​របស់​លោក គីម ជុងអ៊ុន។

តាម​ប្រធាន​ប៉ូលិស​ម៉ាឡេស៊ី ដែល​ដកស្រង់​សំដី​ដោយ​កាសែត​ម៉ាឡេស៊ី The Star នៅ​ថ្ងៃ​ចន្ទ លោក​គីម ជុងណាម​បាន​និយាយ​ប្រាប់​បុគ្គលិក​ព្រលាន​យន្តហោះ ថា មាន​គេ​លួច​ពីក្រោយខ្នង ដាក់​ក្រណាត់ គ្រប​លើ​ក្បាល​របស់គាត់។ នៅពេល​នោះ លោក​ឈឺក្បាល រកកល​សន្លប់ និង​បាន​សុំរក​ជំនួយ។ គេ​បាន​បញ្ជូន​គាត់​ទៅ​គ្លីនិក ក្នុង​ព្រលាន​យន្តហោះ ជាទីដែល​បេះដូង​របស់គាត់​គាំង ឈប់​លោត​ទៅហើយ។ លោក​គីម ជុងណាម​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្លាប់ នៅក្នុង​រថយន្ត​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅ​គូឡាឡាំពួរ។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ លោក​គីម ជុងណាម ក្នុង​វ័យ ៤៥​ឆ្នាំ ស្លាប់​ដោយសារ​ការចាក់​ដោយ​ម្ជុល​ដែល​មាន​ថ្នាំពុល ចំណែក​កាសែត​ខ្លះ​សរសេរ​ថា លោក​ស្លាប់​ដោយសារ​ទឹក ឬ​ក្រណាត់​គ្របមុខ ដែល​មាន​ថ្នាំពុល។ ប៉ូលិស​ម៉ាឡេស៊ី​វិញ​បាន​និយាយ​ថា គេ​កំពុង​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព​របស់​លោក​គីម ជុងណាម​ដើម្បី​កំណត់​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​លោក​គីម ជុងណាម ស្លាប់ យ៉ាង​ទាន់ហន់ កាលពី​ថ្ងៃ​ចន្ទ​នោះ។

នៅ​ថ្ងៃ​ចន្ទ ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយ​ថា មាន​បុរស​ជាតិ​កូរ៉េខាងជើង​បាន​ស្លាប់​នៅ​ព្រលាន​យន្តហោះ ប៉ុន្តែ គេ​មិនទាន់​ហ៊ាន​អះអាងថា ជនរងគ្រោះ​នោះ​ជា​លោក​គីម ជុងណាមទេ ដោយសារ​តែ​លិខិត​ធ្វើដំណើរ​របស់​ជនរងគ្រោះ គ្មាន​ឈ្មោះ​របស់​លោក​គីម ជុងណាមទេ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ម៉ាឡេស៊ី ជនរងគ្រោះ​មាន​ឈ្មោះ នៅក្នុង​លិខិត​ឆ្លងដែន ថា គីម ឆុល កើត​ថ្ងៃ​ទី ១០​មិថុនា ឆ្នាំ ១៩៧០។ ព័ត៌មាន​នេះ គឺ​ខុសពី​លោក​គីម ជុងណាម ដែល​កើត​នៅ​ថ្ងៃទី ១០​ឧសភា ឆ្នាំ ១៩៧១។ ប៉ុន្តែ នៅ​ទីបំផុត នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ នេះ​តែ​ម្តង បន្ទាប់​ពី​មន្រ្តីស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា ជនរងគ្រោះ​គឺ​ពិតជា​លោក​គីម ជុងណាម ទើប​ព័ត៌មាន​ស្តីពី​ឃាតកម្ម លោក​គីម ជុងណាម ត្រូវ​បាន​ចុះផ្សាយ យ៉ាងព្រោងព្រាត។

គីម ជុងណាម​រិះគន់​ការផ្ទេរតំណែង​ពី​ឪពុកទៅកូន នៅកូរ៉េខាងជើង
តាម​ប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន គេ​ជឿថា ស្រ្តី​ឃាតករ​បំពុល​សម្លាប់​លោក​គីម ជុងណាម ទៅ​តាម​ការបញ្ជារ​របស់​របបកុម្មុយនិស្ត​ព្យ៉ាង ដែល​ដឹកនាំ​ដោយ​គីម ជុងអ៊ុន ដែល​ជា​ប្អូនប្រុស ម្តាយទីទៃ​របស់​លោកគីម ជុងណាម។ អ្នកជំនាញ​កូរ៉េខាងត្បូង​វាយតម្លៃថា មេដឹកនាំគីម ជុងអ៊ីល​បញ្ជារ​ឲ្យ​គេ​សម្លាប់​គីម ជុងណាម ដោយសារ​តែ​មាន​លេចលឺ​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​នេះ ដែល​ថា គីម ជុងណាម ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​និរទេស ចល័ត នៅ​បរទេស ដូចជា ចិន សិង្ហបុរី ហើយ​និង​ម៉ាកាវ កំពុង​មាន​ផែនការ​ចង់​រត់គេ​ទៅ​នៅ​អាមេរិក ឬ​អឺរ៉ុប។
 
ការប៉ុនប៉ង​សម្លាប់​លោក​គីម ជុងណាម មិនមែន​ទើប​មាន​ជាលើក​ទី១​ទេ។ រហូតមក លោក​គីម ជុងណាម​រួចផុត​ពីការលប​ធ្វើឃាត ដោយសារ​មានជំនួយ ការពារ​ពី​ប្រទេស​ចិន។ នៅ​ឆ្នាំ ២០១២ អតីតចារកិច្ច​របស់​កូរ៉េខាងជើង​ម្នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េខាងត្បូង ចាប់ខ្លួន បាន​សារភាព​ថា គេ​ធ្លាប់​បាន​ទទួល​បញ្ជារ​ឲ្យ​រៀបចំ​ផែនការ សម្លាប់​លោក គីម ជុងណាម នៅ​ឆ្នាំ ២០១០ ប៉ុន្តែ មិន​បាន​សម្រេច។

លោក​គីម ជុងណាម ដែល​ធ្លាប់​គេ​មើលឃើញថា ជាអ្នកអាច​ស្នងតំណែង​ពី​ឪពុក គឺ​លោក​គីមជុងអ៊ីល ធ្លាប់បាន​និយាយ​ប្រាប់​កាសែត​ជប៉ុន​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​អំណាច​ដឹកនាំ​នៅ​កូរ៉េខាងជើង។ លោក គីម ជុងណាម កូនប្រុស​ច្បង​របស់លោក​គីម ជុងអ៊ីល ត្រូវ​គេ​ចាប់​ស្គាល់​មុខ នៅ​ឆ្នាំ ២០០១ នៅពេល​លោក​ត្រូវ​ប៉ូលិស​ជប៉ុន​ចាប់ខ្លួន នៅ​ព្រលាន​យន្តហោះ ជប៉ុន ក្នុង​បទ​ប្រើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ។ កាលណោះ លោក​គីម ជុងណាមនិយាយថា លោក​ប្រើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ ដោយសារ​តែ​លោក​ចង់​ទៅ​មជ្ឈមណ្ឌល​កំសាន្ត​អាមេរិកាំង Disney land។

រឿងអាស្រូវ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខ្ទាត​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកស្នង​ត្រកូល ក្រោយ​លោក​គីម ជុងអ៊ីល​ទទួល​មរណភាព​នៅ​ឆ្នាំ ២០១១។ នៅ​ឆ្នាំ ២០១២ នៅ​មួយឆ្នាំ ក្រោយ​គីម ជុងអ៊ុន​ត្រូវ​តែងតាំង​ជា​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងណាម ដែល​រស់នៅ និរទេស​នៅ​ម៉ាកាវ បាន​រិះគន់ នយោបាយ​ផ្ទេរតំណែង​ពី​ឪពុកទៅកូន នៅ​កូរ៉េខាងជើង។ ទៅ​អ្នកកាសែត​ជប៉ុន លោក​និយាយ​ថា លោក​មិនជឿ​ថា ប្អូនប្រុស ម្តាយ​ទីទៃ​របស់លោក គឺ​លោក​គីម ជុងអ៊ុន អាច​ដឹកនាំ​ប្រទេស​បាននោះទេ។

សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​Hwang Kyo-Ahn បើសិន​គេ​រកឃើញថា លោកគីម ជុងអ៊ុន ជាអ្នកបញ្ជារ​ឲ្យ​គេ​សម្លាប់​បងប្រុស​របស់ខ្លួនមែន នោះ គេយល់​កាន់តែ​ច្បាស់​ពី​ភាពសាហាវ ព្រៃផ្សៃ​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការចង់​ពង្រឹង​អំណាច​ផ្តាច់ការ​របស់​គីម ជុងអ៊ុន។

លោក​គីម ជុងណាម ជា​មនុស្ស​សំខាន់​ទី ២ ក្នុង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​របបកុម្មុយនិស្ត កូរ៉េខាងជើង ដែល​ត្រូវ​បាន​គេ​បញ្ជារ​ឲ្យ​សម្លាប់ ក្រោម​ការដឹកនាំ​របស់​លោក​គីម ជុងអ៊ុន។ ជនរងគ្រោះ​ទី ១ គឺ​ឪពុកមាថ្លៃ ដែល​លោក​គីម ជុងអ៊ុន ទើប​បាន​បញ្ជារ​ឲ្យ​គេ​កាត់ទោស​ប្រហារ​ជីវិត ក្នុង​បទ​ប៉ុនប៉ង​ផ្តួលរំលំ​អំណាច។

ឃាតកម្ម​នេះ កើតនៅ​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​កូរ៉េខាងជើង​ធ្វើ​បុណ្យ​រំលឹក​ខួបកំណើត​របស់​លោក​គីម ជុងអ៊ីល ដែល​ជា​ឪពុក​របស់​លោក​គីម ជុងណាម ហើយ​និង​លោក​គីម ជុងអ៊ុន។ លោក​គីម ជុងណាម សំរាម​ក្នុង​កែវភ្នែក​របស់​មេដឹកនាំ​កូរ៉េខាងជើង អាចស្លាប់​ដោយសារ​តែ​មាត់ឆៅ រិះគន់​របបដឹកនាំ​របស់​លោកគីម ជុងអ៊ុន ដែល​កំពុង​ចង់​ពង្រឹង​អំណាច​ផ្តាច់ការ​នៅ​កូរ៉េខាងជើង។

ការលប​ធ្វើឃាត ទៅលើ​ជនជាតិ​ខ្លួនឯង ឬ​លើ​គូសត្រូវ​កូរ៉េខាងត្បូង នៅ​លើ​ទឹកដី​បរទេស ជា​ទម្លាប់​ដែល​កូរ៉េខាងជើង ធ្លាប់​ធ្វើ កន្លងមក និង​ជា​សកម្មភាព​ដែលល​គេ​ទម្លាប់ធ្វើ​ច្រើន​នៅ​សម័យ​សង្រ្គាម​ត្រជាក់។ នៅ​ឆ្នាំ ១៩៦៨ កូរ៉េខាងជើង​ធ្លាប​បាន​បញ្ជូន​ក្រុម​កងកុម្មង់ដូរ​ពិសេស​ទៅ​សម្លាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ជា​ឪពុក​របស់​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ។ នៅ​ឆ្នាំ ១៩៨៣ ចារកិច្ច​របស់​កូរ៉េខាងជើង​បានលួច​បង្កប់​គ្រាប់បែក ដើម្បី​ប៉ង​សម្លាប់ ប្រធានាធិបតី​កូរ៉េខាងត្បូង​ម្នាក់ទៀត នៅ​ក្នុង​ទឹកដី​ភូមា ប៉ុន្តែ មិន​បាន​សម្រេច ដោយ​សម្លាប់​បាន​តែ​រដ្ឋមន្រ្តី​កូរ៉េខាងត្បូង​ចំនួន ៤នាក់។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ