អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី​ជា​រង្វាស់​កម្រិត​អនុគ្រោះ​សាសនា​និង​ជាតិ​ពិន្ធុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃពុធ​នេះ ឥណ្ឌូណេស៊ី​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​​ជ្រើសរើសអភិបាល​ខេត្ត​ក្រុង។ ប៉ុន្តែ ​​បើ​តាម​អ្នក​វិភាគ ​​​ការ​បោះឆ្នោត​តំបន់ ថ្ងៃ​ទី ១៥ កុម្ភៈនេះ មិន​មែនមាន​តម្លៃ​​ត្រឹម​តែ​ជា​ការ​ជ្រើសរើស​អភិបាល​ខេត្ត​ក្រុង​ថ្មីទេ តែ​ការ​បោះឆ្នោត​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​វាស់​វែង កម្រិត​ប្រកាន់​សាសនា​អ៊ីស្លាម​ ថា​តើ​ឥណ្ឌូណេស៊ី ជា​អ្នក​​​អ៊ីស្លាម​ប្រកាន់​តឹង ឬ​ជា​អ្នក​អ៊ីស្លាម​កណ្តាល​និយម។ តើ​ឥណ្ឌូណេស៊ី​ប្រកាន់​ភាព​អនុគ្រោះ​សាសនា​ និង​ជាតិពន្ធុ​កំរិត​ណា ?

បាតុករ​អ៊ីស្លាម​នាំ​គ្នា​សូត្រធម៌ នៅ​ក្រុង​ហ្សាការតា ​អំពាវនាវ​មិន​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន​មិនមែន​អ៊ីស្លាម
បាតុករ​អ៊ីស្លាម​នាំ​គ្នា​សូត្រធម៌ នៅ​ក្រុង​ហ្សាការតា ​អំពាវនាវ​មិន​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន​មិនមែន​អ៊ីស្លាម © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​នៅ​ថ្ងៃពុធ​នេះ ប្រព្រឹត្ត​នៅ​ទូទាំង​ប្រទេស​ ក្នុង​ខេត្ត​ក្រុង​ជាង​មួយ​រយ។ ប៉ុន្តែ​គឺ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ហ្សាការតា ដែល​មាន​រំលេច​​បញ្ហា​សាសនា​និង​ជាតិ​ពិន្ធុ​ លាយ​លំ​នឹង​ការ​បោះឆ្នោត។ ឥណ្ឌូណេស៊ី ជា​ប្រទេស​ដ៏​ធំ និង​​មាន​ប្រជាជន​រស់​នៅ​ជាង ២២៥​លាន​នាក់ ក្នុង​នោះ ៩០%​ជា​អ្នក​កាន់​​សាសនា​អ៊ីស្លាម។  ប៉ុន្តែ​បេក្ខជន​​ក្រុង​ហ្សាការតា​ម្នាក់​​ក្នុងចំណោម​​​​បី​នាក់ គឺ​​​អភិបាល​ក្រុង​ផុត​អាណត្តិ លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា ដែល​ធ្លាប់​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ស្រាប់​​តែ​ត្រូវ​បាត់បង់​សំណាង​ឈ្នះ​បន្តិចម្តងៗ​ ជា​រៀង​រាល់​ថ្ងៃ​ តាំង​ពី​ខែ​វិច្ឆិកា​មក ក្រោយ​ពី​បាន​ថ្លែង​សុន្ទរកថា​ប៉ះពាល់​ដល់​សាសនា​អ៊ីស្លាម រហូត​ដល់​គូ​ប្រជែង​អាច​នាំ​ឡើង​តុលាការ​បាន។​

លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា ដែល​មាន​ឈ្មោះ​ក្រៅ អាហុក ឈ្មោះ​ចិន ហាកា មាន​ចំណុច​ខ្សោយ​ពីរ ដែល​សត្រូវ​អាច​វាយ​បក​បាន​ងាយ ៖ លោក អាហុក មាន​ដើម​កំណើត​ចិន ជនជាតិ​ភាគ​តិច​ដែល​ឥណ្ឌូណេស៊ី​មិន​ចូល​ចិត្ត និង​​កាន់​សាសនា​គ្រិស្តប្រូតេស្តង់។ ​ដើម​កំណើត​និង​សាសនា​ នេះ​ជា​ពិការភាព​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​លោក អាហុក ក្នុង​បោះឆ្នោត បើ​ទោះបី​ជា​ឥណ្ឌូណេស៊ី ជា​ដែន​ដី​អ៊ីស្លាម​ ដែល​ល្បីល្បាញ​ថា​​មិន​តឹង​តែង​ និង​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់​ជា​ផ្លូវការ​សាសនាចំនួន​៦។

ចុះ​តើ​ភាព​ជ្រុលនិយម​នេះ​ស្ទុះ​ឡើង​តាំ​ង​ពីកាលណា ? ​កាលពី​ខែ​កញ្ញា លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា បាន​ថ្លែង​សុន្ទរកថា​ចង់​អូស​ទាញ​អ្នក​អ៊ីស្លាម​ឱ្យ​បោះឆ្នោត​ជូន​លោក តែ​ពាក្យ​នោះ​ត្រូវបាន​គេ​ព្រលាត់​ថា​ប្រមាថ​សាសនា​អ៊ីស្លាម ទៅ​វិញ។ សវនការ​បាន​បើក​ កាលពី​ខែ​ធ្នូ ហើយ​សាកក្រម​នឹង​ចេញ​នៅ​រវាង​ខែ​មេសា ទំនង​ជា​ក្រោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជុំ​ទីពីរ​បន្តិច។ ការ​បោះឆ្នោត​ដែល​បើ​តាមការ​ស្ទង់​មតិ នឹង​គ្មាន​ការ​ឈ្នះ​ដាច់​ទេ ហើយលោក​​អាហុកមាន​ហានិភ័យ​ខ្ពស់អាច​​ត្រូវ​ខ្ទាតពីសង្វៀន នៅ​ថ្ងៃពុធ​នេះតែម្តង​ផង។

ចំណោទជុំវិញ​បញ្ហា​​នយោបាយ-​សាសនា​មាន​ដក់​ជាប់​ក្នុង​សតិ​ពលរដ្ឋ​ក្រុង​ហ្សាការតា។ ​គូប្រជែង​ពីរ​រូបផ្សេង​ទៀតក៏​គេង​​ចំណេញបាន​​ពី​រឿង​អាស្រូវ​តុលាការរបស់​អភិបាល​ផុត​អាណត្តិ។ គូប្រជែង​ដែល​មិន​មែន​ជា​ជនសាមញ្ញ​ឡើយ ម្នាក់​ជា​កូន​ប្រុសអតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពី​ឆ្នាំ​២០០៤-២០១៤ ​ម្នាក់ទៀត​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌របស់​រដ្ឋាភិបាល​កាន់​អំណាច និង​ជា​មនុស្ស​ជំនិត​របស់​បេក្ខជន​ប្រធានាធិបតី​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ​២០១៤។​

លោក អាហុក​ ផ្ទាល់ ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រធានាធិបតី​​ វីដូដូ។ លោក​វីដូដូ ដែល​ធ្លាប់​បាន​បង្ហាញ​ភាព​សង្ស័យ​ថា បាតុកម្ម​ម្តង​ជាពីរ​ដង​របស់​អ្នក​ជ្រុលនិយម​អ៊ីស្លាម ប្រឆាំង​លោក​អាហុក ទំនង​ជា​ឧបករណ៍នយោបាយ​តែ​ប៉ុណ្ណោះ។ ព្រោះ​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​ហ្សាការតា មាន​តម្លៃ​តំបន់​ផង​ និង​ជាតិ​ផង។ តម្លៃ​តំបន់​ គឺ​ការ​ព្រលាត់​ចោទ​ប្រកាន់​ក្នុង​ប្រមាថ​សាសនា ឯ​តម្លៃ​ជាតិ​គឺ​​តំណែង​អភិបាល​ក្រុង​ហ្សាការតា ជា​ឈ្នាន់​សម្រាប់​ឡើង​ទៅ​ប្រលូក​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៩។

ថ្វី​បើ ចរន្ត​​ជ្រុលនិយម​អ៊ីស្លាមបាន​ស្ទុះ​ឡើង​ខ្លាំង នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះមែន ​តែ​ លោក អាហុក នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុង​ចំណោម​ពលរដ្ឋ​អ៊ីស្លាម​ដដែល ព្រោះ​លោក​មាន​ស្នាដៃ​ការងារ​ល្អ បាន​កែប្រែ​មុខ​មាត់​រដ្ឋធានី​។ ប៉ុន្តែ​លោក អាហុក នៅ​តែ​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ដ៏​ស្រួល​ដដែល ព្រោះ​លោក​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន។

នៅ​ក្នុង​សម័យ​ឥណ្ឌូណេស៊ី​កុម្មុយនិស្ត នា​ឆ្នាំ​១៩៦៥ មាន​ការ​សម្លាប់​រង្គាល​ជនជាតិ​ចិន អស់​រាប់​រយ​ពាន់​នាក់។ ជនជាតិ​ចិនដែល​​បាន​រត់​ភៀស​ខ្លួន​យ៉ាង​ប្រថាប់​ប្រភីង​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពី​របប​ផ្តាច់ការ​ស៊ូហាតូ (១៩៦៦-១៩៩៨) ដឹង​ខ្លួន​យ៉ាង​ច្បាស់​ណាស់​ថា គ្រាន់​តែ​មាន​អំរែង​ភ្លើង​អ្វី​​បន្តិច​ នោះ​អណ្តាត​ភ្លើង​កំហឹងស្អប់​ចិន​នឹង​​ឆាប​ឆេះ​ឡើង​ភ្លាម។ ​ ​ស្អប់​ ព្រោះ​ច្រណែន​នឹង​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​កូន​ចៅ​ស្រឡាយ​ចិន។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ពុធ នឹង​ផ្តល់​ចម្លើយ​ជូន​​​ឥណ្ឌូណេស៊ី​បាន​ហើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ