អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

រដ្ឋមន្រ្តីការបរទេស​អាមេរិក​សុំ​ឲ្យ​ចិន​ជួយទប់​កំរោលចូល​របស់កូរ៉េខាងជើង

ប្រមុខការបរទេស​អាមេរិក លោក​Rex Tillerson នៅថ្ងៃ​សុក្រ​ទី ១៧ កុម្ភៈ បានអំពាវនាវ ឲ្យ​សមភាគី​ចិន ជួយ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​កូរ៉េខាងជើង ដែល​ទើប​បាន​ផ្គើន បាញ់​សាកល្បង មីស៊ីល កាល​ពី​ថ្ងៃ​អាទិត្យ។ រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​ធានា ការពារ​ជប៉ុន និង​កូរ៉េខាងត្បូង ពី​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។

រដ្ឋមន្រ្តីការបរទេស​Rex Tillerson (ឆ្វេង) និង​សមភាគី​ចិន លោក Wang Yi takeនៅក្នុង​ជំនួប​​ទ្វេភាគី ក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​G20 នៅថ្ងៃ​សុក្រ​ទី​១៧កុម្ភៈ
រដ្ឋមន្រ្តីការបរទេស​Rex Tillerson (ឆ្វេង) និង​សមភាគី​ចិន លោក Wang Yi takeនៅក្នុង​ជំនួប​​ទ្វេភាគី ក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​G20 នៅថ្ងៃ​សុក្រ​ទី​១៧កុម្ភៈ © REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បានឆ្លៀត​យក​ជំនួប​លើកទី១ ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន ដើម្បី​និយាយ​ពី​កូរ៉េខាងជើង។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​ជំនួប​ទ្វេភាគី ជាមួយ​លោក​វ៉ាង យី នៅ​ក្រៅ​ក្របខណ្ឌ កិច្ចប្រជុំ​G20 ប្រមុខ​ការបរទេស​អាមេរិក លោក​Rex Tillerson បាននិយាយ​ថា ការគំរាមកំហែង និង​គ្រោះថ្នាក់ នៃ​កម្មវិធី​មីស៊ីល និង​នុយក្លេអ៊ែរ កូរ៉េខាងជើង មាន​កាន់​តែ​ខ្លាំងឡើងៗ។

 
តាម​លោក​Mark Toner អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស លោក​ Rex Tillerson​បាន​ទទូចសុំ​ឲ្យ​ប្រទេស​ចិន ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​ចរិត​ចង់​បង្ក​អស្ថិរភាព​ក្នុង​តំបន់​របស់​កូរ៉េខាងជើង។

គួររំលឹកថា ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង មិន​សូវ​តឹងតែង ដាក់​គំនាប​លើ​កូរ៉េខាងជើង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ចិនតែង​ចេញមុខ​ប្រឆាំង​នឹង​ការបាញ់​សាកល្បង​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ​ហើយ​និង ធ្លាប់​ផងដែរ បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ដាក់​ទណ្ឌកម្ម​ចំនួន​៦លើក លើ​កូរ៉េខាងជើង។

សេចក្តី​អំពាវនាវ​ទៅកាន់​រដ្ឋមន្រ្តី​ការបរទេស​ចិន ធ្វើឡើង​នៅ​តែមួយ​ថ្ងៃ​ក្រោយ ​លោក Rex Tillerson​បាន​និយាយ​ធានា​អះអាង​ទៅ​រដ្ឋមន្រ្តី​ការបទេស​ជប៉ុន និង​កូរ៉េខាងត្បូង នៅ​ក្រៅជំនួប G20ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ប្រើ​គ្រប់​សព្វាវុធ​របស់ខ្លួន ដែល​នៅក្នុង​នោះ​មានផងដែរ អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​អាស៊ី​ទាំងពីរ ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង។

រហូតមក សហគមន៍​អន្តរជាតិ នាំមុខ​ដោយ​អាមេរិក​បានប្រឹងប្រែង ប្រើ​គ្រប់មធ្យោបាយ ដើម្បី​ទប់ស្កាត់​កុំ​កូរ៉េខាងជើង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ ប៉ុន្តែ ការខិតខំ​របស់អាមេរិក និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង ហើយនិ​ងជប៉ុន ដែលរួម​មាន​ទាំង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផងដែរ​នៅតែ​មិនអាច​រារាំង​កូរ៉េខាងជើង ដែល​មាន​មហិច្ឆតា ចង់មាន​អាវុធ​នុយក្លេអ៊ែរ។ នៅថ្ងៃ​អាទិត្យ កន្លងទៅ កូរ៉េខាងជើង​ទើប​បាន​ប្រកាស​ពី​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មីស៊ីល​ប្រភេទ​ថ្មី ដែល​ខ្លួន​ទើប​អភិវឌ្ឍ​ផលិត​បាន។ តាមអ្នកជំនាញ មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង នៅថ្ងៃ​អាទិត្យ​ជា​មីស៊ីល ដែលគេ​អាច​បាញ់​បាន​ពីជើងទ្រ ដែល​ចល័ត ពោល គឺ​មិនមែន​ចេញ​ពី​ជើងទ្រ ដែល​ជាប់នៅ​នឹង​ដី​ដូចមុន​នោះទេ។  បច្ចេកវិទ្យា​ចុងក្រោយនេះ នឹងធ្វើ​ឲ្យ​ រ៉ាដា ឬ​ប្រព័ន្ធ​ខែលមីស៊ីល​ពិបាក​នឹង​ចាប់​បាន​សញ្ញា​ចល័ត​របស់​មីស៊ីល​កូរ៉េខាងជើង។ សូមបញ្ជាក់ដែរថា អាមេរិក និង​កូរ៉េខាងត្បូង គ្រោង​នឹង​ដាក់តាំង​ប្រព័ន្ធ​ខែលមីស៊ីល ក្នុង​ទឹកដី​កូរ៉េខាងត្បូង ឲ្យ​បាន​ចប់​សព្វគ្រប់ នៅ​ចុងឆ្នាំ ២០១៧។ គម្រោងការ​របស់​អាមេរិក ត្រូវ​ចិន និង​ប្រឆាំង ក្នុង​ហេតុផល​ថា ប្រព័ន្ធខែល​មីស៊ីល​របស់​អាមេរិក​នឹង​គំរាមកំហែង​ដល់​យុទ្ធសាស្រ្ត​យោធា​របស់​ចិន នៅក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ