អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖​រដ្ឋអំណាច​បាន​ពង្រឹង​សន្តិសុខ​នៅ​ក្រោយ​ភេរវកម្ម​បង្ហូរ​ឈាម

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន រដ្ឋអំណាច​បាន​ផ្តើម​ពង្រឹង​សន្តិសុខ​នា​ថ្ងៃ​សុក្រ ទី១៧ កុម្ភៈ ពោល​មួយ​ថ្ងៃ​ក្រោយ​កើត​មាន​អំពើ​ភេរវកម្ម​អត្តឃាដ​យ៉ាង​បង្ហូរ​ឈាម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៨៣នាក់ និង​របួស​ជាង ២៥០នាក់​ដែល​ភាគ​ច្រើន​កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ទន្ទឹម​នឹង​ការ​ពង្រឹង​សន្តិសុខ កម្លាំង​ប៉ូលិស និង​ទាហាន​ក៏​បាន​បើក​ប្រតិបត្តិការ​ក្រោម​ទ្រង់ទ្រាយ​ធំ​បង្រ្កាប​លើ​ទីតាំង​មួយ​ចំនួន​របស់​ពួក​ភេរវជន​នៅ​ទូទាំង​ប្រទេស​ដោយ​សម្លាប់​បាន​ពួក​ភេរជន​យ៉ាង​តិច​ជាង ២០នាក់។

​រដ្ឋអំណាច​​ប៉ាគីស្ថាន​បាន​​ពង្រឹង​​សន្តិសុខ​​នៅ​​ក្រោយ​​ភេរវកម្ម​​បង្ហូរ​ឈាម
​រដ្ឋអំណាច​​ប៉ាគីស្ថាន​បាន​​ពង្រឹង​​សន្តិសុខ​​នៅ​​ក្រោយ​​ភេរវកម្ម​​បង្ហូរ​ឈាម REUTERS/Akhtar Soomro
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​អត្តឃាត​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កុម្ភៈ​បាន​កើត​មាន​នៅ​ទីសក្ការៈ​សាសនា​មួយ​ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៨៣នាក់ ក្នុង​នោះ​មាន​កូនក្មេង​ប្រមាណ​ជា ២០នាក់ និង​មាន​របួស ២៥០នាក់​ផ្សេង​ទៀត។ នេះ​ជា​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សម្បើម​នៅ​ប៉ាគីស្ថាន គិត​តាំង​ពី​ភេរវកម្ម​វាយប្រហារ​លើ​សាលារៀន​មួយ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា​នា​ដំណាច់​ឆ្នាំ ២០១៤ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ១៥០នាក់។

ថ្នាក់ដឹកនាំ​នយោបាយ ស៊ីវិល និង​យោធា​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​ភេរវកម្ម​អត្តឃាត​ដោយ​សន្យា​ចាត់វិធាន​ចាស់ដៃ​ប្រឆាំង​នឹង​កម្លាំងសត្រូវ និង​ធ្វើ​ការ​សងសឹក​ជំនួស​ឲ្យ​ជនរងគ្រោះ​ស្លូតត្រង់។ តាំង​ពី​ថ្ងៃ​សុក្រ ទី១៧ កុម្ភៈ​មក​ទល់​ពេល​នេះ កម្លាំង​យោធា និង​ប៉ូលិស​ក្នុង​ទីក្រុង និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ចេញ​ប្រតិបត្តិការ​បង្រ្កាប​លើ​ទីតាំង​ជា​ច្រើន​ដោយ​សម្លាប់​បាន​ភេរវជន​យ៉ាង​តិច​ជាង ២០នាក់ និង​ក្របួច ក បាន​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ក្នុង​រដ្ឋាភិបាល​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ប្រតិបត្តិការ​ក្រោម​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​បន្ត​ធ្វើ​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត។ ចំណែក​អ្នកនាំពាក្យ​កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បិទព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយសារ​តែ​ភេរវកម្ម​ថ្មីៗ​កន្លង​ទៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​បាន​រៀបចំ​ដោយ​ក្រុមបះបោរ​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

អ្វី​ជា​ការ​កត់សម្គាល់ ភេរវកម្ម​អត្តឃាត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កុម្ភៈ​ដែល​ជា​ស្នាដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ភេរវកម្ម​អត្តឃាត​ផ្សេង​ទៀត​ក្នុង​ស្រុក​មួយ​ចំនួន​នា​ដើមសប្តាហ៍​ដែល​រៀបចំ​ឡើង​ដោយ​ចលនា​តាលីបង់​ប៉ាគីស្ថាន​ហៅកាត់​ថា TTP។ យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ប៉ាគីស្ថាន​បាន​សម្តែង​ការ​តក់ស្លុត ព្រម​ទាំង​ធ្វើ​ការ​ទិតៀន ស្តី​បន្ទោស​លើ​អសមត្ថភាព​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ និង​កម្លាំង​សន្តិសុខ ពិសេស​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ