អានតួអត្ថបទ

ហ្វីលីពីន បង្កើត​កងពល​យោធា​ពិសេស​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​​គ្រឿង​ញៀន

យោធា​ហ្វីលីពីន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​នឹង​បង្កើត​កង​ពល​ពិសេស​សម្រាប់​ជួយ​បំពេញ​ការងារ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញ​គ្រឿង​ញៀន​ ដែល​ជា​អាទិភាព​ដ៏​សំខាន់​មួយ​នៃ​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​របស់​លោក​ប្រធានាធិបតី​ ឌុយទែរតេ។ តើ​កងពល​ពិសេស​នេះ​មាន​ភារកិច្ច​យ៉ាងណា​ខ្លះ ?

ទាហាន​ហ្វីលីពីន នៅ​ កោះ Jolo ភាគ​ខាង​ត្បូង​ប្រទេស
ទាហាន​ហ្វីលីពីន នៅ​ កោះ Jolo ភាគ​ខាង​ត្បូង​ប្រទេស REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

កងពល​យោធា​ពិសេស​ នឹង​មាន​កម្លាំង​ទ័ព​ប្រមាណ​ពី ៥០០ ទៅ ៥ពាន់​នាក់ ប្រែប្រួល​ទៅ​តាម​សេចក្តី​ត្រូវ​ការរបស់​រដ្ឋាភិបាល។ កង​កម្លាំង​ទ័ព​នេះ នឹង​ផ្តល់​ឬ​ធ្វើ​ជាទ័ព​ជំនួយ​​ឱ្យ​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន។

ប៉ុន្តែ​កង​ពលពិសេស​នេះ គ្មាន​តួនាទី​ចំបង​​ ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ឡើយ ហើយ​ក៏​គ្មាន​គម្រោង​នឹង​ចុះ​ល្បាត​ តាម​ផ្លូវថ្នល់​ដែរ។ ​នេះ​ជា​ពន្យល់​លម្អិត​របស់​ប្រមុខ​យោធា​ទៅ​កាន់​អ្នក​សារព័ត៌មាន។

តាំង​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​មក លោក ឌុយទែរតេ បាន​ដឹកនាំ​សង្គ្រាម បើក​យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​៧៧០០​នាក់ នៅ​ពេញ​ផ្ទៃ​ប្រទេស ក្នុង​នោះ​២៥០០​នាក់ ស្លាប់​ក្នុង​​ប្រតិបត្តិការ​​ដឹកនាំ​ដោយ​ប៉ូលិស។

ប៉ុន្តែកាលពី​ខែ​មុន លោក​ប្រធានាធិបតី​ប្រមើល​ឃើញ​ថា ​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ីរ៉ូង​ដល់​ឆ្អឹង ទើប​លោក​បាន​សម្រេច​ចិត្ត​ដក​ទំនុក​ចិត្ត​ និង​ទំនួល​ខុស​ត្រូវ​ផ្នែក​គ្រឿងញៀន ពីភ្នាក់ងារ​​ប៉ូលិស ចំនួន​ប្រមាណ​ជាង​មួយ​រយ​នាក់ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៧​មក។

​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ប៉ាន់​ស្មាន​ថា​ករណី​ឃាតកម្ម​​ជា​ច្រើន​​ដែលកំពុង​​ជាប់​អង្កេត​ជួញដូរ​គ្រឿង​ញៀន នៅ​ឡើយ មាន​ច្រើន​​ជា​ទង្វើ​របស់​ជនដៃដល់​ ឬ​ជន​ប្រដាប់​អាវុធ​ដែល​ជំនួយ​ពី​ប៉ូលិស។

ជា​ជំនួស​ភាព​មិន​ទុក​ចិត្ត​លើ​ប៉ូលិស ប្រធានាធិបតី​ហ្វីលីពីន បានងាក​​ទៅ​​ប្រើ​កម្លាំង​យោធា​មក​ជា​ជំនួយ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ