អានតួអត្ថបទ
ចិន-បារាំង

លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង​ស្នើ​ឲ្យ​ចិន​បើក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​បារាំង

នៅ​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ​នេះ លោក​នាយករដ្ឋមន្រ្តី​បារាំង Bernard Cazeneuve បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ ថ្លែង​ក្នុង​ថ្ងៃទី១ នៃ​ទស្សនកិច្ច​ថ្ងៃ​នេះ លោក Cazeneuve បាន​ស្នើ​ចិន​ឲ្យ​បើក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ផលិតផល​បារាំង និង​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ លោក Cazeneuve បាន​បរិហារ​លើ​នយោបាយ​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន និង​បញ្ជាក់​ពី​អត្ថប្រយោជន៍​របស់​សកលភាវូបនីយកម្ម។

លោកនាយករដ្ឋមន្រ្តី​បារាំង Bernard Cazeneuve និង​សមភាគី​ចិន​លោក​លី ខឺជាំង ថ្ងៃទី២១ កុម្ភៈ ២០១៧
លោកនាយករដ្ឋមន្រ្តី​បារាំង Bernard Cazeneuve និង​សមភាគី​ចិន​លោក​លី ខឺជាំង ថ្ងៃទី២១ កុម្ភៈ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ថ្ងៃទី១ នៃ​ទស្សនកិច្ច លោក Cazeneuve បាន​ថ្លែង​នៅ​ចំពោះ​មុខ​វត្តមាន​សិស្សនិស្សិត​ចិន​ប្រមាណ​ជា ៣០០នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ Beida ក្នុង​ទីក្រុង​ប៉េកាំង។ នា​ឱកាស​នោះ លោក Cazeneuve បាន​ថ្លែង​ការពារ​អត្ថប្រយោជន៍​សកលភាវូបនីយកម្ម និង​តម្រូវការ​ឲ្យ​មាន​សមភាព​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​ចិន។ លោក Cazeneuve បាន​អះអាង​ថា បើ​គេ​មិន​ចង់​ឃើញ​នយោបាយ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក​ទេ ប្រទេស​មហាអំណាច​ដូច​យ៉ាង​បារាំង​ត្រូវ​តែ​ចេះ​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ស្មើ​ភាព​ជាមួយ​ប្រទេស​ផ្សេង។

លោក Cazeneuve បាន​បន្ថែម​ថា សកលភាវូបនីយកម្ម​បាន​ហុច​ប្រយោជន៍​ដល់​យើង​ច្រើន​ជា​ផលវិបាក និង​ថា គេ​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត។ នៅ​ក្នុង​ន័យ​នេះ លោក Cazeneuve បាន​បញ្ជាក់​ថា បារាំង​ទទួល​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគចិន អ្នកទេសចរណ៍​ចិន និង​និស្សិតចិន។ សូម​ជម្រាប​ជូន​ថា សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​មហាយ័ក្ស​ចិន បន្ត​ដោយ​សហរដ្ឋអាមេរិក។ តែ​តាំង​ពី​លោក​ដូណាល់ ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក ចិន​កំពុង​បារម្ភ​ពី​នយោបាយ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​ដូណាល់ ត្រាំ​ដែល​ធ្លាប់​បាន​និយាយ​វាយប្រហារ​សំដៅ​ទំនិញ​ចិន​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។

តាម​មន្រ្តីការទូត​ឲ្យ​ដឹង​ថា ចិន​បាន​ប្រើ​យុទ្ធសាស្រ្ត​ថ្មី​ទប់​នឹង​ហានិភ័យ​ជា​យថាហេតុ​របស់​អាមេរិក​ដោយ​ងាក​ទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​អឺរ៉ុប​វិញ។ ទាក់ទង​នឹង​ដំណើរ​កំសាន្ត​របស់​អ្នក​ទេសចរណ៍​ចិន​ក្នុង​ប្រទេស​បារាំង លោក Cazeneuve បាន​និយាយ​ធានា​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល និង​ធានា​សន្តិសុខ​ចំពោះ​ការ​ដំណើរ​កំសាន្ត និង​ការ​ស្នាក់នៅ។ បន្ទាប់​ពី​ទទួល​ជួប​ដោយ​សមភាគី​ចិន​លោក​លី ខឺជាំង​នា​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ លោក Cazeneuve នឹង​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ថ្ងៃ​ពុធ ទី២២ កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ