អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក៖​ចិន​ជិត​បញ្ចប់​ការ​សាងសង់​កន្លែង​ដាក់​តាំង​គ្រាប់មីស៊ីល​នៅ Spratleys

នៅ​សហរដ្ឋអាមេរិក អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ពីរ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ចិន​កំពុង​បញ្ចប់​ការ​សាងសង់​ទីកន្លែង​ដាក់​តម្កល់​គ្រាប់មីស៊ីល​បាញ់​ចម្ងាយឆ្ងាយ​នៅ​លើ​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​កសាង​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ម្តុំ​ទីប្រជុំ​កោះ Spratleys។ ព័ត៌មាន​មួយ​នេះ​បាន​លេច​មក ចំ​ពេល​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចសន្ទនា​រវាង​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson និង​មន្រ្តីការទូតជាន់ខ្ពស់​ចិន​ម្នាក់​កាល​ពី​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ។

រូបភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថត​ដោយ​ផ្កាយ​រណប
រូបភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថត​ដោយ​ផ្កាយ​រណប REUTERS/CSIS's Asia Maritime Transparency
ផ្សាយពាណិជ្ជកម្ម

មាន​ទីតាំង​សម្រាប់​តម្កល់​គ្រាប់មីស៊ីល​ជាង២០កន្លែង​ដែល​ចិន​បាន​សាងសង់​នៅ​លើ​កោះសិប្បនិម្មិត​ស្ថិត​ក្នុង​តំបន់​ទីប្រជុំកោះ​ស្ព្រែតលី​នៅ​សមុទ្រចិនខាងត្បូង នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកទទួល​ខុសត្រូវ​អាមេរិក​ពីរ​រូប​មិន​បញ្ចេញ​ឈ្មោះ។ នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត​ដែល​ក្រុម​អ្នកសង្កេតការណ៍​កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ផ្លូវការ​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​ធ្លាប់​បាន​បង្ហាញ​ជំហរ​ម៉ឹងម៉ាត់​ទល់​នឹង​ចិន​ទាក់ទង​នឹង​សំណុំរឿង​នៅ​សមុទ្រចិនខាងត្បូង។

សំណុំរឿង​នៅ​សមុទ្រចិនខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​ជាមួយ​នឹង​ប្រទេស​អាស៊ី​មួយ​ចំនួន ពិសេស​ប្រទេស​សមាជិក​អាស៊ាន គឺ​ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម។ អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ហ្វីលីពីន លោក​ប្រមុខ​ការទូត​ហ្វីលីពីន​បាន​ថ្លែង​សង្ឃឹម​ថា លោក​ដូណាល់ ត្រាំ​នឹង​បង្ហាញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នូវ​គោលនយោបាយ​អាមេរិក​ពិតប្រាកដ​ចំពោះ​តំបន់ ពិសេស​ទល់​នឹង​ចិន។

ដោយឡែក ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចសន្ទនា​រវាង​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson និង​មន្រ្តី​ការទូតជាន់ខ្ពស់​ចិន​កាល​ពី​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក Tillerson បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​បង្កប់​ដោយ​សា្មរតី​ស្ថាបនា​រវាង​ចិន និង​អាមេរិក។ សូម​ជម្រាប​ជូន​ថា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​ការ​កសាង​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង​ថា​ជា​រឿង​ខុសច្បាប់។ ថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ថ្លែង​ថា អាមេរិក​បន្ត​រក្សា​ជំហរ​គ្មាន​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព​ច្បាប់អន្តរជាតិ។

រដ្ឋាភិបាល​ចិន​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ​ទាក់ទង​នឹង​ព័ត៌មាន​នេះ ហើយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ