អានតួអត្ថបទ
ហ្វីលីពីន

អ្នកចេញ​មុខ​ប្រឆាំង​លោក​ឌុយទែរតេ ប្រឈម​នឹង​ដីកា​ចាប់ខ្លួន

តុលាការ​ទីក្រុង​ម៉ានីល នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៣​កុម្ភៈ ​បាន​ចេញ​ដីកា​ចាប់ខ្លួន សមាជិក​ព្រឹទ្ធសភា ហ្វីលីពីន លោកស្រី ឡីឡា ដឺ លីម៉ា ក្នុង​បទចោទប្រកាន់​ជួញដូរ​គ្រឿងញៀន។ ទាំង​គណបក្ស និង​អ្នកគាំទ្រ ជឿថា ដីកា​ចាប់ខ្លួន លោកស្រី លីម៉ា ជាយុទ្ធសាស្រ្ត របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​មាត់​អ្នកប្រឆាំង នឹង​លោក​ប្រធានាធិបតី ឌុយទែរតេ។

លោកស្រី លីម៉ា សមាជិក​ព្រឹទ្ធសភា​ធ្វើ​សន្និសីទ​នៅថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​តុលាការ​ចេញ​ដីកា​ចោទប្រកាន់​លោកស្រី​ពី​បទ​រៀបចំ​បណ្តាញ​ជួញដូរ​គ្រឿងញៀន
លោកស្រី លីម៉ា សមាជិក​ព្រឹទ្ធសភា​ធ្វើ​សន្និសីទ​នៅថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​តុលាការ​ចេញ​ដីកា​ចោទប្រកាន់​លោកស្រី​ពី​បទ​រៀបចំ​បណ្តាញ​ជួញដូរ​គ្រឿងញៀន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ឡីឡា ដឺ លីម៉ា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​ព្រឹទ្ធសភា​ដែល​ចេញមុខ​រិះគន់​យ៉ាងចាស់ដៃ ចំណាត់ការ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​គ្រឿងញៀន។ នៅ​សប្តាហ៍នេះ លោកស្រី​បាន​ដាក់​ឈ្មោះ​លោក​ប្រធានាធិបតី​ឌុយទែរតេ ថា ជា​ឃាតករ វិកលចរិក សម្លាប់​មនុស្ស​ជាខ្សែ។ លោកស្រី​នៅ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីន​ងើបឡើង ជាមួយ លោកស្រី ដើម្បី​ប្រឆាំង​នឹង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ។ សម្រាប់លោកស្រី​លីម៉ា លោក​ឌុយទែរតេ​មាន​បញ្ហា​ខួរក្បាល ដែល​មិនអាច​ធ្វើ​ជា​ប្រធានាធិបតី​បាន។ លោកស្រី​បាន​សុំ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ងើបឈរ​ឡើង ផ្តួលរំលំ​អំណាច​លោក​ឌុយទែរតេ ដូច​ដែល​កម្លាំង​មហាជន​ធ្លាប់​ធ្វើ​បដិវត្ត​បណ្តេញ​មេដឹកនាំ​ផ្តាច់ការ ម៉ារកូស កាល​ឆ្នាំ ១៩៨៦។

 
នៅ​ឆ្នាំមុន​សោះ លោកស្រី​លីម៉ា​បាន​ចូលរួម​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ នៅ​ព្រឹទ្ធសភា ដើម្បី ស៊ើបអង្កេត​លើ​ការសម្លាប់​ក្រៅច្បាប់ នៅក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ប្រធានាធិបតី ឌុយទែរតេ ដែល​ក្នុង​រយៈពេល ៨ខែ បានធ្វើ​ឲ្យ​មនុស្សស្លាប់​ជាង ៦ពាន់​នាក់។
 

លោកស្រី​លីម៉ា​ត្រូវ​សន្តិសុខ​ការពារ​ព្រឹទ្ធសភា​អមដំណើរ​ចេញ​ពី​ព្រឹទ្ធសភា នៅថ្ងៃ​ព្រហស្បតិ៍ទី ២៣​កុម្ភៈ
លោកស្រី​លីម៉ា​ត្រូវ​សន្តិសុខ​ការពារ​ព្រឹទ្ធសភា​អមដំណើរ​ចេញ​ពី​ព្រឹទ្ធសភា នៅថ្ងៃ​ព្រហស្បតិ៍ទី ២៣​កុម្ភៈ REUTERS/Romeo Ranoco

ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ទីក្រុង​ម៉ានីល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោកស្រី លីម៉ា​ទៅវិញ នៅក្នុង​បទ​ចោទប្រកាន់​ថា លោកស្រី​បាន​រៀបចំ ឲ្យ​មាន​បណ្តាញ​ជួញដូរ​គ្រឿងញៀន នៅ​ក្នុង​អំឡុង​ពេល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ក្នុង​អាណត្តិ​របស់លោក​អាគីណូ។ ប៉ុន្តែ ទាំង​លោកស្រី​លីម៉ា និង​អ្នកគាំទ្រ​លោកស្រី​បាន​អះអាងថា លោកស្រី​ស្មោះត្រង់ គ្មាន​ប្រព្រឹត្ត​ទោសកំហុស​អ្វីនោះទេ។ នៅក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹទ្ធសភា នៅក្រោយ​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន លោកស្រី លីម៉ា បាននិយាយ​ទាំង​ទឹកភ្នែក​ថា លោកស្រី គ្មាន​ផែនការ​នឹង​រត់គេចខ្លួន​នោះទេ។ លោកស្រី​នឹង​ត្រលប់​ទៅ​ព្រឹទ្ធសភា នៅថ្ងៃ​សុក្រ ថ្ងៃ​ដែលលោកស្រី​នឹង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។ លោកស្រី​លីម៉ា សន្យា​ចេញមុខ​ប្រឈម​នឹង​ការបទចោទ​ប្រកាន់ ដែល លោកស្រី តវ៉ា​ថា ជា​ផែនការ​របស់​លោកប្រធានាធិបតី​ឌុយទែរតេ សម្រាប់​បំបិទ​មាត់​រិះគន់​លោកស្រី។

ក្នុង​អាយុ ៥៧​ឆ្នាំ លោកស្រី ឡីឡា ដឺ លីម៉ា ជាអ្នកច្បាប់ ដែល​បានតស៊ូ អស់​ជាង ១០​ឆ្នាំ ដើម្បី​រកភស្តុតាង​ចោទប្រកាន់​លោក​ឌុយទែរតេ ក្នុង​រឿង​សម្លាប់​មនុស្ស​រង្គាល កាលលោក​នៅ​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ដាវ៉ៅ។ ទាំង​លោកស្រី​លីម៉ា ហើយ​និង​គណបក្ស​សេរី របស់លោកស្រី​បាន​សំដែង​ការបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​របស់​លោកស្រី​នៅ ក្នុង​ពន្ធនាគារ។ គណបក្ស​សេរី បាន​លើក​យក​ករណី​របស់​អ្នកនយោបាយ​ម្នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​រឿងគ្រឿងញៀន​នេះដែរ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ នៅ​ខែ​សីហា​ឆ្នាំមុន នៅ​ក្នុង​ពន្ធនាគារ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​Amnesty Intenational​ធ្លាប់បាន​ព្រមាន​ថា សកម្មភាព​ឃោឃៅ​ជ្រុល របស់​ប៉ូលិស ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន អាច​នឹង​ត្រូវ​គេ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ