អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

កូរ៉េខាងជើង​រិះគន់​ចិន​ថា កំពុង​រាំតាមចង្វាក់​ភ្លេង​របស់​អាមេរិក

ជាឥរិយាបថ​ដែល​គេ​កម្រ​នឹង​ឃើញ។ ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​សុក្រនេះ​បាន​ចេញមុខ​ចោទប្រកាន់​ប្រទេស​ជិតខាង​របស់ខ្លួន ថា កំពុង​ធ្វើ​តាម​ខ្សែញាក់​របស់​អាមេរិក។ កូរ៉េខាងជើង​ទំនង​ចង់​និយាយ​ដល់​ចិន សម្ព័ន្ធមិត្ត ដែល​កាលពី​សប្តាហ៍មុន បាន​ប្រកាស​ផ្អាក លែង​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង។

កម្មករ​ចិន​នៅ​កំពង់ផែ​ស្តុក​ធ្យូង​ថ្ម ក្នុង​ប្រទេស​ចិន
កម្មករ​ចិន​នៅ​កំពង់ផែ​ស្តុក​ធ្យូង​ថ្ម ក្នុង​ប្រទេស​ចិន ©REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ រិះគន់​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់ និង​ដែល​ធ្លាប់​តែ​ការពារ​ខ្លួន​រហូតមក។ នៅ​ក្នុង​អត្ថបទ​វិចារណកថា ចេញផ្សាយ នៅ​ថ្ងៃ​សុក្រនេះ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​KCNA ទីក្រុង​ព្យុងយ៉ាង (ដោយ​មិន​បញ្ចេញឈ្មោះ) បាន​ចោទ​ប្រកាន់ ថា ប្រទេស​ជិតខាង​របស់ខ្លួន​បាន​រាំ​តាម​ចង្វាក់​ភ្លេង​របស់​អាមេរិក។ តាម​កូរ៉េខាងជើង ប្រទេសជិតខាង​មួយនេះ​ចង់​ធ្វើ​ជា​មហាអំណាច​អស្ចារ្យ ប៉ុន្តែ បែរ​ជា​មករាំ​តាម​ចង្វាក់ភ្លេង​របស់​អាំមេរិក​ទៅវិញ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី អាមេរិកាំង លោកដូណាល់ ត្រាំ បាន​បញ្ជាក់​ជាថ្មី​ថា ចិន​អាច​ប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បី​ទប់ស្កាត់​សកម្មភាព​ញុះញង់​របស់​កូរ៉េខាងជើង។

 
ទីក្រុង​ព្យុងយ៉ាង​វិញ វាយតម្លៃ​ថា ប្រទេស​ជិតខាង​របស់ខ្លួន មិន​បាន​អល់អែក​នឹង​ចាត់វិធានការ​មួយ​ដែល​គ្មាន​លក្ខណៈ​មនុស្សធម៌​នោះទេ។ គេ​បាន​បញ្ឈប់​ភ្លាមៗ រាល់​ពាណិជ្ជកម្ម​ក្រៅប្រទេស ដែល​កន្លងមក បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន។

ទោះ​ ជា​មិន​និយាយ​ចំ​ឈ្មោះ ក៏ គេ​ដឹង​ថា កូរ៉េខាងជើង​ចង់​សំដៅ​ដល់​ប្រទេស​ចិន ដែល​បាន​ប្រកាស​ផ្អាក ឈប់​ទិញ​ធ្យូងថ្ម ពី​កូរ៉េខាងជើង។ នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍មុន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើកឡើង​ថា ពេញ​មួយឆ្នាំ ២០១៧ ចិន​នឹង​ផ្អាក ឈប់​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង។ តាម​ទីក្រុង​ប៉េកាំង វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត ទៅតាម​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ មុន បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ក្នុង​រឿង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ។

នៅក្នុង​អត្ថបទ​ចុះផ្សាយ​របស់​KCNA កូរ៉េខាងជើង​នៅ​បាន​ប្រើ​ពាក្យ​ធ្ងន់​មួយទៀត ដូចជា​ថា ​គឺ​ជា​ការគិត​បែប​កូនក្មេង​សុទ្ធសាធ ដែលគេ​ជឿ​ថា ការបិទ​ខ្ទប់​ប្រភព​ចំណូល នឹង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីលនោះ។

កូរ៉េខាងជើង រិះគន់​ចិន ដែល​ជា​សម្ព័ន្ធមិត្ត និង​ជា​អ្នកការពារ​របស់ខ្លួន នៅក្នុង​ឆាក​អន្តរជាតិ។ នេះ​ជារឿង​ដែល​គេ​កម្រ​ឃើញ នៅ​ក្នុង​ទំនាក់ទំនង​ស្អិតល្មួត ចិន កូរ៉េខាងជើង។ ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ចាប់ផ្អើម​ចុះស្រអាប់ ចាប់តាំង​ពី​កូរ៉េខាងជើង​ចូល​ដឹកនាំ​ដោយ​លោក​គីម ជុងអ៊ុន ដែល​ចេះ​តែ​ផ្គើន​សហគមន៍​អន្តរជាតិ ដោយ​បាន​បាញ់​សាកល្បង​ម្តងហើយ ម្តងទៀត គ្រាប់បែក​នុយក្លេអ៊ែរ ហើយ​និង​មីស៊ីល​បាលីស្ទីក។ តាម​អ្នកជំនាញ ទីក្រុង​ប៉េកាំង​សម្រេចចិត្ត​ឈប់​ទិញ​នាំចូល​ធ្យូងថ្ម​ពីកូរ៉េខាងជើង ដោយសារ​តែ​រឿង​បាញ់​សាកល្បង​នុយក្លេអ៊ែរផង និង​ដោយសារ​តែ​ចិន​អាច​ខឹង​នឹង​កូរ៉េខាងជើង ដែល គេជឿថា ជាអ្នកនៅ​ពីក្រោយ​ឃាតកម្ម សម្លាប់​បងប្រុស​របស់​គីម ជុងអ៊ុន គឺ​គីម ជុងណាម ដែល​ធ្លាប់​ស្ថិត​ក្រោម​ការការពារ​របស់​ទីក្រុង​ប៉េកាំង។

នៅ​សប្តាហ៍នេះ មន្រ្តី​កូរ៉េខាងជើង ម្នាក់​បាន​និយាយ​ថា វិធានការ​របស់​ចិន ឈប់​ទិញ​ធ្យូងថ្ម​ពីកូរ៉េខាងជើង​នឹង​មិនប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ដែល​សព្វថ្ងៃ កំពុង​រៀនរស់ ដោយមិន​ពឹង​ជំនួយ និង​ការនាំចូល​ពី​បរទេស។ ប៉ុន្តែ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា ប្រតិកម្ម​រិះគន់​ចិន នៅថ្ងៃ​នេះ សបញ្ជាក់​ឲ្យ​ឃើញ ទណ្ឌកម្ម​របស់​ចិន ប៉ះពាល់​ខ្លាំង​ដល់​ច្រកដង្ហើម​របស់​កូរ៉េខាងជើង ដែល​រហូត​មក​ចង់បាន​សាច់ប្រាក់​សុទ្ធ​ពី​ការលក់​ធ្យូងថ្ម​ទៅ​ឲ្យ​ចិន។ គយចិន​បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៦ ចិន​បាន​ចំណាយ​លុយ​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ នាំចូល​ធ្យូងថ្ម ជាង​២២​លាន​តោន ពី​កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ