អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើសារធាតុ​ពុល ​VX ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​ គីម ជុងណាម ជា​អ្វី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​លទ្ធផលវិភាគ​​​បឋម​ ដែល​ប៉ូលិស​ម៉ាឡេស៊ី បាន​ផ្សព្វផ្សាយ​នៅថ្ងៃសុក្រ​ទី ២៤​កុម្ភៈ គីម ជុង​ណាម បង​ប្រុសម្តាយ​ទីទៃ​របស់ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន បាន​ស្លាប់ ដោយ​ពុលសារធាតុ​​គីមី​ មហាពុលបំផុត​ឈ្មោះ VX ដែល​ជា​ពពួក​​អាវុធ​គីមីមួយ​ដ៏​សាហាវ។ អាវុធ​គីមួយនេះ មាន​កម្លាំង​​ពុល​ខ្លាំង គ្មាន​ប្រៀបឡើយ ខ្លាំង​លើ​អាវុធគីមី ដែល​របប​ដឹកនាំ​ស៊ីរី​ធ្លាប់​ប្រើ​កាលពី​ឆ្នាំ​២០១៣​ទៅ​ទៀត​។ ​

ម៉ាឡេស៊ី រកឃើញ​វត្តមាន​សារធាតុគីមី​ពុល​VX លើ​សព​គីមជុងណាម
ម៉ាឡេស៊ី រកឃើញ​វត្តមាន​សារធាតុគីមី​ពុល​VX លើ​សព​គីមជុងណាម Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប៉ូលិស​ម៉ាឡេស៊ី លទ្ធផល​នៃ​ការ​វិភាគ​កោសល្យវិច័យ​ បាន​បង្ហាញ​វត្តមាន​​ដានសារធាតុ​គីមី VX នៅ​លើ​ផ្ទៃមុខ​និ​ងក្នុង​ភ្នែក​របស់ សព គីម ជុងណាម។ VX ជា​សារធាតុ​ពុល​គីមី ដែល​ត្រូវបាន​ចាត់​បញ្ចូល​ក្នុង​ក្រុម​អាវុធ​គីមី ដូច​ឧស្ម័ន​ Sarin ដែល​របប​ដឹកនាំអាសាដ​ នៅ​ស៊ីរី បាន​ប្រើ​ដើម្បី​សម្លាប់​ពួក​ឧទ្ទាម​បះបោរ​ប្រឆាំង កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ VX មាន​កម្លាំង​ពុល​ស្លាប់​១០​ដង​លើស​Sarin​ទៀត។​

VX អាវុធ​គីមី​ គ្មាន​ក្លិន គ្មាន​ពណ៌

សារធាតុគីមី​នេះ ត្រូវ​បាន​រក​ឃើញ​ឱ្យអ្នក​វិទ្យាសាស្ត្រ​អង់គ្លេស កាលពី​ឆ្នាំ​១៩៥២។ មាន​ប្រទេស​ជា​ច្រើន​​​បាន​ទិញ ឬ​យក​ទៅ​បំផ្លែង​ប្រើ​ប្រាស់ ក្នុង​ជម្លោះ។ នៅ​ឆ្នាំ​១៩៩៤​និង​១៩៩៥ ក្រុម​និកាយ​Aun Shinrikyo ជប៉ុន​ ធ្លាប់​បាន​យកសារធាតុ​VX នេះ​​ទៅ​ប្រើដើម្បី​ប៉ុនប៉ង​ធ្វើ​ឃាត​មនុស្ស។ អង្គការ​សហប្រជាជាតិ បាន​ចាត់​បញ្ចូល VX ជា​អាវុធ​គីមី​ប្រល័យ​មនុស្ស​លោក​ជា​ទ្រង់ទ្រាយ​ធំ។ គ្រប់​ប្រទេស​ជា​សមាជិក​ត្រូវ​តែ​ធ្វើ​សេចក្តី​ប្រកាស​​រាយការណ៍​អំពី​ បរិមាណ​រក្សា​ទុក​VX ក្នុង​ឃ្លាំង និង​ត្រូវ​តែ​កម្ចាត់​វា​ចោល​បន្តិច​ម្តងៗ។​ នេះ​បើ​តាម​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ហាមឃាត់​អាវុធ​គីមី។ សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​មាន​ស្តុក​សារធាតុ​គីមី​ច្រើន​ក្នុង​សម័យ​សង្គ្រាម​លោក បាន​បំផ្លាញ​ចោល​ទាំង​ស្រុង នៅចុង​ទសវត្ស​​ឆ្នាំ​១៩៨០ ពេល​សង្គ្រាម​ត្រជាក់​ត្រូវ​បិទ​បញ្ចប់។

ប៉ុន្តែ​កូរ៉េខាង​ជើង មិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ទេ ដូច្នេះ​វា​គ្មា​ន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​ថា កូរ៉េខាង​ជើង ​ដែល​មាន​ភ្នាក់ងារ​ចារកិច្ច​សកម្ម​ខ្លាំង​នៅ​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ទំនង​ជា​មាន​ស្តុក​អាវុធ​គីមី​VX ​ដ៏​ច្រើន​តោន​នោះ។

​ស្រួល​ផលិត និង​តម្លៃ​ថោក VX ​ជា​សារធាតុ​ គ្មាន​ពណ៌ គ្មាន​ក្លិន និង​មាន​លំនឹង​គីមី​ខ្លាំងណាស់។ ក្នុង​ទម្រង់​ជាឧស្ម័ន​​រាវ សារធាតុគីមី​​ពុល​មួយ​នេះ អាច​ជ្រាប​ចូល​ក្នុង​សព៌ាង្គកាយ​ បាន​យ៉ាង​លឿន តាម​ការ​ស្រូប​ដង្ហើម ឬ​ដោយ​ជ្រាបតាម​ស្បែក ទៅ​វាយ​លុក​ប្រព័ន្ធ​ប្រសាទ និង​សាច់​ដុំ និង​បង្ក​ឱ្យ​ស្លាប់​ភ្លាមៗ​ ក្នុង​រវាង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​គ្មាន​ថ្នាំ​បន្សាប​ទាន់​ពេល​វេលា​ទេ។

បន្ថែម​ពី​លើ​វត្តមាន​ដាន​សារធាតុ​VX​ លើសព បើ​តាម​​​សាក្សី​ជា​បុគ្គលិកពេទ្យ​​នៅ​ព្រលាន​យន្តហោះ​ អាការៈ​​រោគ​សញ្ញាធ្វើ​ទុក្ខ​របស់​គីមជុងណាម មាន​ទម្រង់​ដូច​​បេះ​បិទ​ទៅ​នឹង​អ្វី​ដែល​បង្ក​ឡើង​សារធាតុ​គីមី VX ៖ ឈឺក្បាល វិលមុខ ដង្ហក់ រួច​ដាច់​ខ្យល់​មួយ​រំពេញ កណ្តាល​ផ្លូវ នៅ​ក្នុង​រថយន្ត​សង្គ្រោះ​ ​ទាំង​មិនទាន់​ដល់​មន្ទីរ​ពេទ្យ​ផង។

ចំណែក​ស្ត្រី​ពីរ​នាក់ ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​ជះអាវុធគីមីលើ​ គីមជុងណាម នៅ​ព្រលាន​យន្តហោះ​​កូឡាឡាំពួរ ដឹងច្បាស់​លាស់​អំពី​ទង្វើ​ប្រើ​ថ្នាំពុល​របស់​ខ្លួន មិន​មែន​លុង​តាម​សំដី​អូសទាញ​ថត​វីដេអូ​ឡើយ។ មេប៉ូលិស​ម៉ាឡេស៊ី​បាន​គូស​បញ្ជាក់​ថា ស្ត្រី​ទាំងពីរ​បាន​ទៅ​បន្ទប់​ទឹក ព្រោះ​ដឹង​ថា​បាន​កាន់​ជាតិ​ពុល រួច​ត្រូវ​​លាងសម្អាត​ដៃ​ ជាក្រោយ​។

VX​ ធ្វើ​ដំណើរមក​ម៉ាឡេស៊ីតាមកញ្ចប់ទូត ?
ថ្វី​បើ​អាជ្ញាធរ​ម៉ាឡេស៊ី មិន​ចេញ​ស្តី​អ្វី​ជា​ផ្លូវការ ចោទ​នរណា​ធ្វើ​ឃាត​លោក​គីម ជុងណាម​មែន​ តែ​ការ​រក​ឃើញ​សារធាតុ​​គីមីVX លើ​សាកសព បញ្ជាក់​ថា​ការ​សង្ស័យ​ពី​មុន​ខុស​ទេ ! ឃាតកម្ម​លើ​រូប​គីមជុងណាម ទំនង​ជា​គំនិត​និង​ទង្វើ​ដោយ​ផ្ទាល់​របស់​ពួក​ចារកិច្ច​ព្យុងយ៉ាង។

លោក Khalid Abu bakak មេ​ប៉ូលិស​ម៉ាឡេស៊ី បាន​ប្រកាស​ថា​ VX ជា​សារធាតុ​គីមី ខុស​ច្បាប់ ! ជា​អាវុធ​គីមី !  ក្រុម​អ្នក​អង្កេត​នឹង​សាក​ល្បង​ស្វែង​រក​ដាន និង​កំណត់​ថាតើ​អាវុធ​មួយ​នេះ អាច​ចូល​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​បាន​យ៉ាង​ដូចម្តេច ?! តាម​កញ្ចប់​ការទូត ? កាលពី​ថ្ងៃអង្គារ​ទី ២១ កុម្ភៈ មេ​ប៉ូលិសម៉ាឡេស៊ី បាន​ប្រកាស​ថា មានមនុស្ស​៤​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​សម្លាប់​គីម ជុងណាមក្នុង​នោះម្នាក់​ជា​តំណាងការទូត​ជាន់​ខ្ពស់​ម្នាក់ និង​ចង់​ហៅ​មក​សាកសួរ​ចម្លើយ។

ហេតុដូច្នេះ​ហើយ​បាន​ជា ក្រុម​អ្នក​ជំនាញ ផ្នែក​សន្តិសុខ ជឿជាក់​ថា ​  អាវុធ​គីមី​ប្រភេទ​នេះ ត្រូវ​បាន​នាំ​ចូល​មកពី​កូរ៉េខាង​ជើង។ ព្រោះ​​តាមការ​ពិត​ទៅ ការ​យក​អាវុធ​គីមី VX ចូល​ ម៉ាឡេស៊ី គ្មាន​អ្វី​លំបាក​សោះ ! ​ក្នុង​នាម​ជា​អ្នក​ការទូត គេ​​អាច​កាន់សារធាតុ​គីមី​​មួយ​នេះ ក្នុង​វ៉ាលី ក្នុង​កាបូប ជិះយន្ត​ហោះ​បាន​ដោយ​ស្រួល ដោយ​គ្មាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​អ្វី​ទាំង​អស់។ កូរ៉េខាង​ជើង ធ្លាប់​មាន​ប្រវត្តិ​ផលិត​អាវុធ​គីម VX នេះ​ផង និង​ធ្លាប់​មាន​ប្រវត្តិ​ដឹកជញ្ជូន​​វត្ថុ​ខុស​ច្បាប់ ចេញ​ចូល​ តាម​រយៈផ្លាក​ការទូតផង។ ជា​មួយ​នឹ​ងវិធានការ​សន្តិសុខ​តាម​អាកាសយានដ្ឋាន​នាពេល​បច្ចុប្បន្ន គេ​អាច​ចាប់ជន​សាមញ្ញជា​អ្នកកាន់ ​សារធាតុគីមី VXនេះបាន​យ៉ាង​ស្រួលណាស់ តែ​បើ​​​អ្នកការទូត​ជា​អ្នក​កាន់ ភ្នាក់ងារ​មាន​សមត្ថកិច្ចពិត​ជា​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។ ហើយ​នៅ​ពេល​សង្ស័យ ដូច​ករណី​​ប៉ូលិស​ម៉ាឡេស៊ី​​ចង់​សាកសួរ​តំណាង​ការទូត​កូរ៉េខាង​ជើង ក៏គេ​​មិន​អាច​កោះ​ហៅ​មក​តំណាង​នោះ​មក​សួរ​ចម្លើយ​បាន​ឡើយ ដោយ​ពួក​គេ​មាន​អភ័យឯកសិទ្ធិ​ការទូត។

ស្ថានទូត​កូរ៉េ​ខាង​ជើង ប្រចាំ​ទីក្រុងកូឡាឡាំពួរ មិន​ទាន់​បាន់​ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ មក​ទល់​នឹង​រសៀល​ថ្ងៃ​សុក្រ​នេះ។ ប៉ុន្តែ​តាំង​ពី​ដើម​សប្តាហ៍​មក ប្រមុខ​ការ​ទូត​កូរ៉េខាង​ជើង បាន​ប្រកាស​រិះគន់​ការងារ​របស់​ប៉ូលិស​ម៉ាឡេស៊ី ថា​ធ្វើ​អ្វី​ជា​ឯកតោភាគី ដែល​មិន​អាចទទួល​យក​បាន និង​ចោទ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ត្រូវ​រ៉ូវ​ជា​មួយ​​កូរ៉េខាង​ត្បូង​បង្កើត​រឿង​ទម្លាក់​កំហុស​ដាក់​ព្យុងយ៉ាង។ ហើយ​កាលពី​ថ្ងៃព្រហស្បតិ៍ ជា​លើក​ទី​មួយ សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង បាន​ចេញផ្សាយ​ដំណឹង​បង្ខំ​​ម៉ាឡេស៊ី ឱ្យ​ប្រគល់​សាកសព​ ​ ​ជនជាតិកូរ៉េជើង​ស្លាប់​នៅ​កូឡាឡាំពួរ ដោយ​រោគ​គាំងបេះដូង មក​ឱ្យ​អាជ្ញាធរ​ព្យុងយ៉ាង។

តែ​ប្រតិកម្ម​ថ្កោល​ទោស​មាន​ធ្លាក់​មក​ច្រើន មុន​គេ ​តែ​ពី​ខាង​កូរ៉េខាង​ត្បូង​ទេ។ សេអ៊ូល​យល់​ថា​កូរ៉េខាងជើង រំលោភច្បាប់​​គ្រប់​បែប​យ៉ាង គ្រប់​សន្ធិសញ្ញា​អន្តរជាតិ និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​កន្តើយ​នឹង​ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងជើង ប្រសិន​បើ​របប​នេះ​ជា​អ្នក​នៅ ពីក្រោយ​ឃាតកម្ម​សម្លាប់ គីម ជុងណាម​មែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ