អានតួអត្ថបទ
ហ្វីលីពីន

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅក្រោយ​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន

ប្រជាជន​ហ្វីលីពីន​រាប់​ម៉ឺននាក់ នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ បាន​ចូលរួម​ក្នុង​ក្បួន​បាតុកម្ម ​ដឹកនាំ​ដោយ លោក​អតីត​ប្រធានាធិបតី អាគីណូ ដើម្បី​ប្រឆាំង​នឹង​សង្រ្គាម​សម្លាប់​មនុស្ស​ដ៏​ហិង្សា​របស់លោក​ប្រធានាធិបតី​ឌុយទែរតេ។ បាតុកម្ម​របស់​ប្រជាជន​ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ សមាជិក​ព្រឹទ្ធសភា លោកស្រី ឡីឡា ដឺ លីម៉ា ដែល​ជាអ្នកចេញមុខ​ប្រឆាំង​ខ្លាំង​នឹង​លោក ប្រធានាធិបតី ឌុយទែរតេ ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំខ្លួន ទៅតាម​ដីការ​របស់​តុលាការ។

A protester displays an anti-Marcos slogan during a protest in front of the heroes' cemetery in Manila on February 25, 2017, to coincide with the anniversary of the "People Power" revolution.
A protester displays an anti-Marcos slogan during a protest in front of the heroes' cemetery in Manila on February 25, 2017, to coincide with the anniversary of the "People Power" revolution. ©Ted ALJIBE / AFP
ផ្សាយពាណិជ្ជកម្ម

តើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ជាចម្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​លោកស្រី​ឡីឡា ដឺ លីម៉ា​ឬ​យ៉ាងណា? លោកស្រី សមាជិក​ព្រឹទ្ធសភា ហ្វីលីពីន​ទើប​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំ​ខ្លួន នៅថ្ងៃ​សុក្រ ទៅ តាម​​ដីកា​ចាប់ខ្លួន​របស់​តុលាការ ក្នុង​បទ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន។ នៅ​មុន​ត្រូវ ប៉ូលិស​ចាប់ខ្លួន លោកស្រី ឡីឡា ដឺ លីម៉ា ដែល​រិះគន់​ខ្លាំង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ បាន​សុំ​ឲ្យ​ចលនា​ប្រជាជន​ងើប​ឡើង​ធ្វើបដិវត្ត ដូចដែល​គេ​ធ្លាប់​បាន​ធ្វើម្តង នៅ​ឆ្នាំ ១៩៨៩ ដើម្បី​ផ្តួល​រំលំ មេដឹកនាំ​អំណាច​ផ្តាច់ការ ម៉ារកូស។ ថ្ងៃ​សៅរ៍​ទី ២៥ កុម្ភៈ ក៏​ថ្ងៃ​រំលឹក​ដល់​ជ័យជំនះ​របស់​ចលនា​បដិវត្ត​មហាជន ទៅលើ​របប​ផ្តាច់ការ​ម៉ារកូស​នេះដែរ។

 
នៅ​ថ្ងៃ​សៅរ៍ ក្រុមបាតុករ ដែល​រួមគ្នា​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ប៉ូលិស​ហ្វីលីពីន បាន​បរិហារ​ការសម្លាប់​ក្រៅច្បាប់ នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ។ ពួកគេ​មួយចំនួន​បាន​ព្រមាន​ផងដែរ​ពីការ​ដែល​ហ្វីលីពីន​អាច​ត្រលប់​ទៅ​ដឹកនាំ​ដោយ​មេអំណាច​ផ្តាច់ការ។ លោក​អាគីណូ អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​ស្ថិតនៅក្នុង​ក្បួន​បាតុកម្ម​បាន​ថ្កោលទោស​ការចាប់ខ្លួន លោកស្រី​ឡីឡា ដឺលីម៉ា ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​យុត្តធម៌​ក្នុង​អាណត្តិ​របស់លោក។ លោក អាគីណូ​បាន​រុញច្រាន​ចោល​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​របស់ប្រធានាធិបតី ដែល​ថា អតីត​មន្រ្តី​របស់​លោក កំពុង​ឃុបឃិត​រួមគ្នា ចង់​ផ្តួល​រំលំ​អំណាច​របស់លោក​ឌុយទែរតេ។ “តើ​យើង​អាច​បង្ក​អស្ថិរភាព​យ៉ាងម៉េច បើ​យើង​កំពុង​ស្នើ​ចង់​ជួយ​រដ្ឋាភិបាល​នោះ ?” នេះ​ជា​ប្រសាសន៍​របស់​លោក​អាគីណូ។

លោក​ឌុយទែរតេ​ដែល​ឈ្នះ​ឆ្នោត ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​បាន​បើក​ធ្វើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។ លោក​ឌុយទែរតេ​ដែល​បាន​កោត​សរសើរ​​ម៉ារកូស​ថា ជាប្រធានាធិបតី​ដ៏ល្អ​ជាងគេ បាន​ព្រមាន​ផងដែរ​ថា នឹង​អាច​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​​បញ្ជៀស​ហ្វីលីពីន​កុំ​ឲ្យ​ធ្លាក់លង់​ខ្លួន​ជា​ប្រទេស​គ្រឿងញៀន។ សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​បាន​ទទួល​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ក្នុង​ស្រុក ដែល​នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ បាន​ ដង្ហែរក្បួន ដាច់​ដោយ​ឡែក​​មួយ ដើម្បី គាំទ្រ​លោក​ប្រធានាធិបតី​ឌុយទែរតេ។

យ៉ាងណាក៏ដោយ យុទ្ធនាការ​ប្រឆាំង​បណ្តាញ​គ្រឿងញៀន នៅ​ហ្វីលីពី របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ បាន​រងការរិះគន់​ច្រើន ពី​ក្រុមអ្នកច្បាប់ ក្នុង​ស្រុក ហើយ​និងអង្គការ​ការពារ​សិទ្ធិមនុស្ស អន្តរជាតិ ដែល​វាយតម្លៃថា កំពុង​បើកផ្លូវ​ លើកទឹកចិត្ត​ឲ្យ​មាន​ការសម្លាប់​ក្រៅផ្លូវច្បាប់។ សង្រ្គាម​ប្រឆាំង​គ្រឿងញៀន រយៈពេល​៨ខែ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦ពាន់​នាក់ ដែលនៅក្នុង​នោះ ជនសង្ស័យ ជាង ២ពាន់​នាក់ ត្រូវបាន​ប៉ូលិស​បាញ់​សម្លាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ