អានតួអត្ថបទ
អូស្រ្តាលី-ឥណ្ឌូណេស៊ី

អូស្ត្រាលី និងឥណ្ឌូណេស៊ី​ស្តារ​ឡើងវិញ កិច្ច​សហប្រតិបត្តិការ​យោធា

នាយករដ្ឋមន្រ្តី​អូស្ត្រាលី លោក​ម៉ាល់ខុម ធើនប៊ុល បាន​ប្រកាស នៅថ្ងៃ​អាទិត្យ​នេះ​ថា លោក ហើយ​និង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការស្តារ​ឡើងវិញ ទំនាក់ទំនង​យោធា​រវាងប្រទេស​ទាំងពីរ។ នៅ​ដើម​ខែ​មករា ឥណ្ឌូណេស៊ី​បាន​ប្រកាស​ជាផ្លូវការ ផ្អាកព្យួរ​សហប្រតិបត្តិការ​យោធា​ជាមួយ​អូស្ត្រាលី បន្ទាប់ពី​ភាគី​ឥណ្ឌូណេស៊ី​ប្រទះ​រកឃើញ ខ្លឹមសារ​ជេរប្រមាថ​ឥណ្ឌូណេស៊ី នៅក្នុង​ឯកសារ​ហ្វឹកហ្វឺន​មួយ របស់​អូស្ត្រាលី។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​នាយករដ្ឋមន្រ្តី អូស្ត្រាលី​នៅ​ថ្ងៃទី ២៦ កុម្ភៈ ២០១៧ នៅ​ទីក្រុង​ស៊ីដនី
ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​នាយករដ្ឋមន្រ្តី អូស្ត្រាលី​នៅ​ថ្ងៃទី ២៦ កុម្ភៈ ២០១៧ នៅ​ទីក្រុង​ស៊ីដនី ©REUTERS/David Moir/Pool
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី១ ទៅ​អូស្ត្រាលី ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី លោក​ប្រធានាធិបតី​ហ្សូកូ វីដូដូ បាន​យល់ព្រមព្រៀង​ឲ្យ​មាន​ការស្តារឡើងវិញ សហប្រតិបត្តិការ​យោធា​ជាមួយ​ អូស្ត្រាលី ដែល​ឥណ្ឌូណេស៊ី​សម្រេច​ផ្អាកព្យួរ​ជិត​ពីរ​ខែ​មកហើយ។ គឺ​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ម៉ាល់ខុម ធើនប៊ុល​ដែល​បាន​ប្រកាស​ព័ត៌មាននេះ នៅក្រោយ​ជំនួប ពិភាក្សា​រយៈពេល​២​ម៉ោង​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។

 
អូស្ត្រាលី និងឥណ្ឌូណេស៊ី​ជាប្រទេស​ជិតខាង ប៉ុន្តែ កម្រ​នឹង​មាន​ទំនាក់ទំនង​រលូន​នឹងគ្នា​ណាស់។ អូស្ត្រាលី​ខឹង​នឹង​ឥណ្ឌូណេស៊ី ដែល​កាត់ទោស​ប្រហារជីវិត​ជនជាតិ​អូស្ត្រាលី ដោយសារ​គ្រឿងញៀន ចំណែក​ឥណ្ឌូណេស៊ី​អន់ចិត្ត​នឹង​អូស្ត្រាលី​ដែល​ចេះ​តែ​ចាប់បង្វែរ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ខុសច្បាប់ ទៅ​ឥណ្ឌូណេស៊ី។

ចំណុច​រកាំរកូស​ចុងក្រោយ​គឺ ឥណ្ឌូណេស៊ី​បាន​ប្រកាស នៅ​ខែ​មករា ផ្អាក​សហប្រតិបត្តិការ​យោធា រវាង​ប្រទេស​ទាំងពីរ បន្ទាប់​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ឥណ្ឌូណេស៊ី បាន​រកឃើញ​ថា ឯកសារ​ហ្វឹកហ្វឺន​មួយ​របស់​អូស្ត្រាលី​មាន​ខ្លឹមសារ​ប្រមាថ ប៉ះពាល់​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាជាតិ​ឥណ្ឌូណេស៊ី។ ក្នុង​ឯកសារ​យោធា ដែល​ឥណ្ឌូណេស៊ី រកឃើញ​នៅក្នុង​មូលដ្ឋាន​ទ័ព​អូស្ត្រាលី នៅ​ទីក្រុង​Perth ប្រទេស​អូស្ត្រាលី គេ​បាន​សរសេរ​ថា ខេត្ត​ប៉ាពូអាស៊ី របស់​ឥណ្ឌូណេស៊ី គួរ​តែ​ទទួល​ឯករាជ្យ។ សៀវភៅ​ហ្វឹកហាត់​របស់​អូស្ត្រាលី​បាន​សរសេរ​ចំអក​ផងដែរ មនោគមវិជ្ជា​ដឹកនាំ​របស់​ឥណ្ឌូណេស៊ី។ ភ្លាមៗ ប្រមុខយោធា​អូស្ត្រាលី​បាន​សំដែង​ការសុំទោស ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​អូស្រ្តាលី ដើម្បី​កែលំអ​ឲ្យ​ប្រសើរ​ឡើងវិញ ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ។

កន្លងមក យោធា​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​បាន​សហការ​គ្នា ក្នុង​ផ្នែក​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ហើយ​និង​ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត។ នៅ​មុន ដំណើរ​ទស្សនកិច្ច​ទៅ​អូស្ត្រាលី ប្រធានាធិបតី​ហ្សូកូ វីដូដូ​ធ្លាប់​បាន​បញ្ជាក់​ទៅ​កាសែត​អូស្រ្តាលី ថា លោក​ចង់​ឲ្យ​កប៉ាល់ទឹក​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី រួមគ្នា​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ខុសពី​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ឥណ្ឌូណេស៊ី​គ្មាន​ជាប់​ក្នុង​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង នោះ​ទេ ប៉ុន្តែ ឥណ្ឌូណេស៊ី​បាន​តវ៉ា​ជាច្រើន បន្ទាប់​ពី​កប៉ាល់​ចិន​បើក​ចូល​ទៅ​រំលោភ​ដែនទឹក កោះ Natunas របស់​ឥណ្ឌូណេស៊ី ដែល​ស្ថិតនៅ​ក្បែរ​ទឹកដី​ម៉ាឡេស៊ី ក្នុង​សមុទ្រ​ចិន​ខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ