អានតួអត្ថបទ
ហ្វីលីពីន​-ក្រុម​អ៊ីស្លាម​​​ជ្រុលនិយម​​

ជនជាតិ​​​​អាល្លឺម៉ង់​​​មួយ​​រូប​​​​ត្រូវ​​​​​​ក្រុម​​​Abou Sayyaf​ ​​អាករ​​​សម្លាប់​នៅ​​ភាគ​ខាង​ត្បូង​ហ្វីលីពីន​​​

ក្រុម​អ៊ីស្លាម​ជ្រុល​និយម​Abou Sayyaf ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ហ្វីល្លីពីន ​បាន​​បង្ហោះ​​វីដេអូ​​​ បង្ហាញ​ពី​​ការ​​ធ្វើ​ឃាត​​ទៅ​លើ​ជន​ជាតិ​អាល្លឺម៉ង់​មួយ​រូប​ដែល​ជា​អ្នក​បើកនាវា​ក្តោង​ដោយ​អាករ​​សម្លាប់​យ៉ាងព្រៃផ្សៃ​-នេះ​បើ​យោង​តាមប្រភព​រដ្ឋាភិបាល​នៅ​ទីក្រុង​ម៉ានីល។

រូបថត​របស់​​បណ្តាញ​​ Intelligence Group ​កាលពីថ្ងៃទី​២៣កញ្ញា​​បង្ហាញ​​រូបថត​​​ពួក​​ Abou Sayyaf​ ​ចាប់​ប្តី​ប្រពន្ធ​មួួយ​គូ​​សញ្ជាតិ​អាល្លឺម៉ង់​​​ជា​ចំណាត់​ខ្មាំង​​​
រូបថត​របស់​​បណ្តាញ​​ Intelligence Group ​កាលពីថ្ងៃទី​២៣កញ្ញា​​បង្ហាញ​​រូបថត​​​ពួក​​ Abou Sayyaf​ ​ចាប់​ប្តី​ប្រពន្ធ​មួួយ​គូ​​សញ្ជាតិ​អាល្លឺម៉ង់​​​ជា​ចំណាត់​ខ្មាំង​​​ AFP PHOTO / SITE INTELLIGENCE GROUP
ផ្សាយពាណិជ្ជកម្ម

យោងតាមបណ្តាញ​ Intelligence Group ​ដែល​​ជំនាញ​​ខាង​​តាម​​​ឃ្លាំ​មើល​​បណ្តាញ​អ៊ីនធឺនែត​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម បាន​ជូន​ដំណឹង​អំពី​វីឌីអូ​មួយ​ដែល​បង្ហោះ​ដោយ​ពួក​អ៊ីស្លាម​ជ្រុល​និយម។ រូបភាព​​​វីឌីអូ​ ​ដែល​បង្ហាញ​​រូបភាព​​សមាជិក​ម្នាក់​នៃ​ក្រុម​អ៊ីស្លាមជ្រុលនិយម Abou Sayyaf  កំពុង​តែ​អាករ​សម្លាប់​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ​Jürgen Kantner ដោយ​កាំបិត។

 
ក្រោយពី​ការ​ផ្សព្វផ្សាយ​រូបភាព​វីឌីអូ​បាន​បន្តិច​មក ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក៏​បាន​ថ្លែង​បញ្ជាក់ដែរ​​ពី​មរណៈភាព​របស់​បុរស​ជនជាតិ​អាល្លឺម៉ង់​ដែល​មាន​អាយុ​​៧០​ឆ្នាំ។ ក៏​ប៉ន្តែ​មន្ត្រី​យោធា​ហ្វីលីពីន​​នៅ​ភាគ​ខាង​ត្បូង​ប្រទេសវិញ​ បាន​​អះអាង​​ថា គេ​នៅតែ​ពុំទាន់​រក​ឃើញ​សាកសព​របស់​លោក​​ Jürgen Kantner ​នៅ​ឡើយ​ទេ។

ម្យ៉ាងទៀត​កាលពី​ថ្ងៃ​ពី​៧​វិច្ឆិកា​ឆ្នាំ​មុន កងទ័ព​ហ្វីល្លីពីន ធ្លាប់​បាន​ជូន​ដំណឹង​ដែរ​ពី​​ការ​រក​ឃើញ​​នាវា​ក្តោង​ឈ្មោះ​ le Rockall របស់​លោក Kantner ដែល​បាន​រសាត់​ទៅ​ដល់​ប៉ែក​ខាង​ត្បូង​​កោះ​ហ្វីលីពីន។ រីឯ សាកសព​ភរិយា​របស់​លោក​ Kantner វិញ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​នាវា​ក្តោង​របស់​ជន​រងគ្រោះ​ដោយ​​មាន​​មុខ​ស្នាម​របួសដោយ​គ្រាប់​កាំភ្លើង។

គូស្វាមី​ភរិយា​សញ្ជាតិ​អាល្លឺម៉ង់​នេះ ធ្លាប់​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​សញ្ជាតិ​ម៉ាលី​​ចាប់​ជម្រិត​ម្តងមកហើយ​កាលពី​ឆ្នាំ​២០០៨ នៅ​ក្នុង​ឈូង​សមុទ្រ​ Aden នឹង​​ត្រូវពួកខ្មាំងចាប់ទុក​អស់​រយៈ​ពេល ៥២​ថ្ងៃ។ កាលពីឆ្នាំ ២០០៩​ គូស្វាមី​ភរិយា​នេះ​ ធ្លាប់​ត្រូវ​បាន​ទីភ្នាក់ងារ​សាព័ត៌មាន​បារាំង​​ AFP​​​សម្ភាសន៍ ម្តងមកហើយ អំពី​ការ​ប្រឈម​ទុក្ខ​លំបាក​របស់​ពួក​គាត់​នៅ​ក្នុង​ពេល​ជាប់​ឃុំឃាំង​របស់​ពួកខ្មាំង។  ​លោក Kantner ​នៅតែពន្យល់​ប្រាប់​ថា លោក​ពុំ​បោះបង់​ចោល​ជា​ដាច់ខាត​ការ​បើក​បរ​នាវាក្តោងរបស់គាត់។​

គួររំលឹកថា​ក្រុម​​Abou Sayyaf កាលពី​ខែ​មេសា​និង​មិថុនា​កន្លង​ទៅ ធ្លាប់​បាន​ប្រហារជីវិត​ជន​ជាតិ​កាណាដា ២ រូប​ដោយ​សារ​តែ​រដ្ឋាភិបាល​កាណាដា​ពុំ​ព្រម​​បង់​ប្រាក់​ដើម្បីលោះ​ចំណាត់​ខ្មាំង។ ក្រុម​អ៊ីស្លាម​ហ្វីលីពីននេះ​ ​ដែល​មាន​ទីតាំង​នៅ​តំបន់​កោះ​​ឆ្ងាយ​ដាច់​ស្រយាល​​​ប៉ែក​ខាង​ត្បូង​ប្រទេស ​តំបន់​ដែល​មាន​​ប្រជាជន​រស់​នៅ​ភាគ​ច្រើន​ ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និងក៏ជា​អ្នក​​​មាន​​ភក្តីភាព​ជា​មួយ​អង្គការ​រ​ដ្ឋអ៊ីស្លាម។

​ក្រុម Abou Sayyaf ​  ធ្លាប់​បាន​ជំរិត​ទារ​ប្រាក់​រាប់​លាន​ដុល្លារ​ ជា​តម្លៃដើម្បី​​លោះ​ថ្នូរ ​ជនជាតិ​បរទេស​និង​ជា​ក្រុម​បរិស័ទ​កាន់​សាសនា​គ្រឹស្តិជាដើម​​។ កាលពី​ឆ្នាំ​២០១៤ ក្រុម​ Abou Sayyaf បាន​​ចាប់​ស្វាមី​ភរិយា​សញ្ជាតិ​អាល្លឺម៉ង់​​មួយ​គូ​ផ្សេង​ទៀត​នៅ​លើ​នាវា​របស់​ពួក​គាត់​ក្នុង​​​ភាគ​​ខាង​ត្បូង​ហ្វីល្លីពីន​ដែរ តែ​៦​ខែ​ក្រោយ​មក ត្រូវ​បាន​ពួក​អ៊ីស្លាម បាន​​ដោះលែង​អោយ​មាន​សេរីភាព​​វិញ បន្ទាប់​ពី​ក្រុម​អ៊ីស្លាម​នេះ បាន​ទទួល​ប្រាក់​​ចំនួន ​២៥០​លាន​ពឺសូ ឬ​​ស្មើ​នឹង​​៤​លាន​​៦​​សែន​​អ៊ឺរ៉ូ​​ដែល​​ពួក Abou Sayyaf បាន​ទាមទារ​​ជា​​ថ្នូរ​​នឹង​​ការ​​ដោះលែង​ចំណាត់ខ្មាំង។​​

សូមបញ្ជាក់ថា ក្រុម ​Abou Sayyaf ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន ចាត់ទុកជា​អង្គការ​ភេរវនិយម​ពីព្រោះ​​ក្រុម​​នេះ ត្រូវ​​បាន​បង្កើត​ឡើង​ក្នុង​ទស្សវត្ត​ន៍ឆ្នាំ​១៩៩០ ​​​ដោយ​​មាន​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញប្បទាន​​ពី​សំណាក់​បណ្តាញ​ភេរវនិយម​Al-Qaïda៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ