អានតួអត្ថបទ

អធិរាជ​ជប៉ុន​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​វៀតណាម

ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ ត្រូវ​ផ្តើម​បំពេញ​ទស្សនកិច្ច​ នៅ​ថ្ងៃទី ២៨​កុម្ភៈ​នេះ នៅ​ប្រទេស​វៀតណាម។ ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​អធិរាជ​ជប៉ុន ! ​​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ស្តែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ការ​ខិត​ចូល​ជិត​គ្នា​កាន់​ខ្លាំង រវាង​ក្រុង​ហាណូយ និង​ជប៉ុន ដែល​ចាប់​ផ្តើម​រឹត​​ចំណង​គ្នា​តាំង​ពី​ឆ្នាំ​២០០០​មក និង​ដែល​កាន់​តែ​រឹង​មាំ​ឡើងៗ ជា​លំដាប់។

ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito និង​អធិរាជនី Michiko យាង​ចេញ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ក្រុង​ហាណូយ
ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito និង​អធិរាជនី Michiko យាង​ចេញ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ក្រុង​ហាណូយ © Reuters
ផ្សាយពាណិជ្ជកម្ម

​ព្រះ​ចៅ​អធិរាជ ព្រះ​ជន្ម​៨៣​វស្សា និង​អធិរាជនី ដែលប្រសិទ្ធនាម​រជ្ជកាល​សោយ​រាជ្យ​របស់​ព្រះ​អង្គ​ ថា​រជ្ជកាល​សន្តិភាព​ ធ្លាប់​យាង​ធ្វើ​ទស្សនកិច្ច​បែប​គោរព​វិញ្ញាណក្ខន្ធ​​ នៅ​តាម​កន្លែង​ជប៉ុន​ធ្លាប់​ឈ្លានពាន​ជា​ច្រើន​មក​ហើយ​នៅ​តំបន់​ប៉ាស៊ីហ្វិក។ នៅ​ថ្ងៃ​នេះ​ ​ព្រះ​ចៅ​អធិរាជ អាគីហ៊ីតូ និង​អធិរាជនី មីឈីកូ បាន​យាង​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ និង​ប្រកប​ដោយ​​​និម្មិត្តរូប​បំផុត នៅ​វៀតណាម។

ក្រៅ​អំពី​ការ​ទស្សនា​ក្រុង​ហាណូយ និង​ក្រុង​ចាស់ HUE ព្រះ​ចៅ​អធិរាជ​នឹង​យាង​ទៅ​​ជួប​ជាមួយ​នឹង​គ្រួសារ​អតីត​ទាហាន​ជប៉ុន ដើម្បី​ផ្សះផ្សា​របួស​ស្នាម​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ដោយ​ការ​ឈ្លានពាន​​ និង​ត្រួត​ត្រា​របស់​ជប៉ុន​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ ពី​ឆ្នាំ​១៩៤០-១៩៤៥​ ឱ្យ​ជា​ដាច់។

 
ក្រោយ​សង្គ្រាម​លោក​បាន​បិទ​បញ្ចប់ មាន​ទាហាន​ជប៉ុន​ប្រមាណ​ជាង​៧០០​នាក់ បាន​សម្រេច​ចិត្ត​បន្ត​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម។ នៅ​ពេល​​វៀតណាម​បាន​ទទួល​ឯករាជ្យ នៅ​ឆ្នាំ​១៩៥៤ ទាហាន​ជប៉ុន បាន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​ឱ្យ​ត្រលប់​ចូល​ស្រុក​​វិញ ប៉ុន្តែទាហាន​ខ្លះ​​មិន​អាច​យក​កូន​ប្រពន្ធ​មក​ជា​មួយ​បាន​ឡើយ។ ហើយ​ពួក​គេត្រូវ​​បោះបង់​ឱ្យ​រស់​ក្នុង​ភាព​ក្រីក្រ និង​ការ​រើស​អើង។

ជប៉ុន​និង​វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើង​វិញ តាំ​ងពី​ឆ្នាំ​១៩៧៣។ ជា​ទំនាក់ទំនង​ ម្តង​ឡើង​​ម្តង​ចុះ​ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០០​មក ចំណងមេត្រីភាព​​បាន​រឹត​​បន្តឹង​ជា​រៀង​រាល់​ថ្ងៃ​ និង​បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​​ចាត់​ទុក​គ្នា​ជា​ដៃគូ​​ប្រកប​ដោយ​ការ​ជឿជាក់​និង​មាន​ស្ថិរភាព នៅ​ឆ្នាំ​២០០២។

ជប៉ុន​ ពេល​នេះ​គឺ​ជា​ប្រទេស​អ្នក​ផ្តល់​មូលនិធិ​កម្ចី​ទី​មួយ​នៅ​វៀតណាម ក្នុង​ផ្នែក​ជំនួយ​​សហប្រតិបត្តិការ​ និង​ជា​ប្រទេស​អ្នក​វិនិយោគ​ដោយ​ផ្ទាល់​ទីពីរ បន្ទាប់​ពី​កូរ៉េខាង​ត្បូង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​ពីរ ក៏​បាន​ពង្រឹង​ចំណង​​លើ​វិស័យ​​យុទ្ធសាស្ត្រ ដើម្បី​ប្រឈម​រួម​គ្នា​ទល់​នឹង​មហិច្ឆតាយោធា​​ចិន នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ កាលពី​​មករា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ បាន​ផ្តល់​ថវិកា​១ពាន់​លាន​ដុល្លារ​ដល់​វៀតណាម ដើម្បី​ពង្រឹង​សន្តិសុខ​ផ្លូវ​ទឹក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ