អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តៃវ៉ាន់​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ការ​សម្លាប់​រង្គាល​២-២៨ ដ៏​ចម្រូង​ចម្រាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

២៨កុម្ភៈ ១៩៤៧-២៨​កុម្ភៈ​២០១៧ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​៧០​ឆ្នាំ​នៃ​ការ​ផ្ទុះ​អំពើបង្ក្រាប​ផ្តាច់ការ​​ ​ ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នៅ​តៃវ៉ាន់ ដែល​ក្លាយ​ជា​ការ​​សម្លាប់​​រង្គាល​អស់​ជីវិត​មនុស្ស​រាប់​សិប​ពាន់​នាក់ ពី​សំណាក់​កង​កម្លាំង​ជាតិ​និយមចិន។ ៧០​ឆ្នាំ​ក្រោយ​ សម្រែក​ទាមទារ​នៅតែ​បន្ត​ ប្រធានាធិបតី​តៃវ៉ាន់ បាន​ចាត់​ទុក​ការ​ស្វែងរក​ពន្លឺ​យុត្តធម៌​ជូន​ជន​គ្រោះ ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​យុត្តិធម៌​នេះ​អាច​ប៉ះពាល់​ប្រវត្តិផ្តាច់​ខ្លួន​តៃវ៉ាន់​ពី​ចិន។ តើ​ហេតុការណ៍​សម្លាប់​រង្គាល មាន​ដើម​ហេតុ​យ៉ាងណាខ្លះ ?

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ក្នុង​ពិធី​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ការ​សម្លាប់​រង្គាល​ ២-២៨
លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ក្នុង​ពិធី​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ការ​សម្លាប់​រង្គាល​ ២-២៨ © Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី ត្សៃ អ៊ីនវ៉េន នៃ​បក្ស​ឯករាជនិយម​ ដែលទើប​បាន​ជាប់​ឆ្នោត​ មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​និង​ក្លាយ​ជា​អ្នក​ដឹកនាំ​តៃវ៉ាន់ លើក​ដំបូង បាន​ប្រកាស​បើក​តុលាការ​អន្តរកាល​មួយ ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ​រង​គ្រោះ​ក្នុង​ការ​បង្ក្រាប​ផ្តាច់​ការ​កាលពី​៧០​ឆ្នាំ ជា​អាទិភាព​ចំបងមួយ​​​របស់​រដ្ឋាភិបាល។ ពី​រ​ថ្ងៃ​មុនខួប​៧០​ឆ្នាំ​នៃ​សោកនាដកម្ម​សម្លាប់​រង្គាល លោកស្រី​បាន​បង្ហោះ​ផ្សាយព័ត៌មាន​ក្នុង​ទំព័រ​ហ្វេសប៊ូក​ ថា​មាន​ប្រមូល​បាន​ ឯកសារបណ្ណសារ​​ប្រមាណ​ជាង​១,៣៧​លាន​ទំព័រ​ ទាក់ទង​នឹង​ឧប្បត្តិហេតុ​ ២-២៨ ពោល​គឺ​ទាក់ទង​នឹង​ហេតុការណ៍​បង្ក្រាប​ផ្តាច់ការ​របស់​រដ្ឋាភិបាល​ កាលពី​ថ្ងៃទី ២៨​កុម្ភៈ​ឆ្នាំ​១៩៤៧។

ឧប្បត្តិហេតុ​២-២៨ ​គឺ​ជា​​ទម្រង់​មួយ​នៃ​ការ​បះបោរ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​តៃវ៉ាន់។ ហេតុការណ៍​នេះ ​​បាន​ផ្ទុះ​ឆាប​ឆេះ រាលដាល​ពេញ​ផ្ទៃ​កោះ​តៃវ៉ាន់ ត​អស់​​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍ ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​អ្នក​លក់​បារី​ម្នាក់ តាម​ចិញ្ចើម​ថ្នល់ និង​ការ​​​បាញ់​សម្លាប់​អ្នក​ថ្មើរ​ជើងម្នាក់​ពី​សំណាក់​ប៉ូលិស។ ​នា​​​សម័យ​នោះ តៃវ៉ាន់​ដែល​បន្ទាប់​ពី​រើ​ខ្លួន​​ដើរ​ចេញ​ផុត​ពី​អាណានិគម៥០​ឆ្នាំ​របស់​ជប៉ុន នៅ​ឆ្នាំ​១៩៤៥ នៅ​រួម​រស់​ជា​ចិន​តែ​មួយ​នៅ​ឡើយ និង​ មាន​​រដ្ឋាភិបាល​ជា​អ្នក​ជាតិ​និយម​​ចិន មក​ពី​បក្ស​​គួកមីនតាង ដឹកនាំដោយឧត្តមសេនីយ៍ ជាងកាយជាក​ Tchang Kaï-chek។

រដ្ឋាភិបាល​​នេះ​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា និង​យ៉ាង​ឃោរ​ឃៅ ​ចលនា​បះបោរ​ប្រជាជ ដោយ​បាញ់​រះ ដោយ​ចាប់​ដាក់​ឃុំឃាំង ឬ​ដោយ​ប្រហារ​ជីវិត​តែ​ម្តង ពី​សំណាក់​កង​កម្លាំង​ទាហាន​មក​ពី​ចិន​។ គេ​​រាប់​​ឃើញ​មាន​​រណ្តៅ​កប់​ខ្មោច​រួមជា​ច្រើន​កន្លែង មាន​ការ​សម្លាប់មនុស្ស​​បោះ​ខ្មោច​ក្នុង​ទឹក​សមុទ្ទ ... ហេតុដូច្នេះ​ហើយ​បាន​ជា​តៃវ៉ាន់​ប្រើ​ពាក្យ​ថា​ “ការ​សម្លាប់​រង្គាល​ថ្ងៃ២៨​ខែ២ » នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​អ្នក​ស្រាវជ្រាវ​ ហួង ឆេង​យី Huang Cheng-yi អ្នក​ច្បាប់​ធម្មនុញ្ញនិយម​នៃ​រដ្ឋ​បណ្ឌិត​សភា​Sinica​ និង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាលឈ្មោះ អង្គការ​ “ការពិត​និង​ការ​ផ្សះផ្សា​ដើម្បី​តៃវ៉ាន់”។

ឧប្បត្តិហេតុ​ ២-២៨ ជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​គាប​បង្ក្រាបគ្មាន​អាសូរនៃ​របប​​​ផ្តាច់ការតៃវ៉ាន់ ដឹកនាំ​ដោយ លោក​​ ជាង កាយជាក និង​កូន​ប្រុស​ ចាប់​ពី​ឆ្នាំ​១៩៤៩ ឆ្នាំ​ដែល​អ្នក​ជាតិនិយម​ចិន គួកមីនតាង​ ចាញ់​បក្ស​កុម្មុយនិស្ត​ចិន​របស់​មៅសេទុង  និង​បាន​ដក​ខ្លួនមក​ប្រកាស​បង្កើត​សាធារណរដ្ឋ​ចិន​នៅ​តៃវ៉ាន់ បំបែក​ចិន​ជា​ពីរ (ដីគោកនិង​ចិន​តៃវ៉ាន់) ដល់​ឆ្នាំ​១៩៨៧ នៅ​ពេល​ច្បាប់​អាជ្ញាសឹក​ត្រូវ​លើក​ចេញ។

បើតាម​តួលេខ​ប៉ាន់ស្មាន​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ១៩៩២ និង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ប្រជាសាស្ត្រឧប្បត្តិហេតុ​ ២-២៨ បាន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​ប្រមាណ​ពី ១៨០០០​ទៅ ២៨០០០​នាក់។ ប្រមាណ ១៤០០០​នាក់​ ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​សឹក​នៃ​របប​ផ្តាច់ការ ជាងកាយជាក និង​ចន្លោះ​ពី ៣ពាន់​ទៅ​៨ពាន់​នាក់ ត្រូវ​បាន​ប្រហារ​ជីវិត។ ប៉ុន្តែ​មាន​តែ​៦៨៤​ករណី​ស្លាប់​ផ្ទាល់​ប៉ុណ្ណោះ ដែល​ត្រូវបាន​រាប់​ចុះ​បញ្ជីទទួល​សំណង។ អ្នក​ឯកទេស​ជា​ច្រើន​យល់​ថា​ចំនួន​ជន​រងគ្រោះ​រៀបរាប់​ក្នុងឯកសារ​ផ្លូវការ​មាន​ចំនួន​តិច​ជាង​ការ​ពិតឆ្ងាយ​ណាស់។

ថ្វី​បើ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​អំពី​ចំនួន​ជន​រងគ្រោះ​មែន ប៉ុន្តែ​គេ​​យល់​ស្រប​ទាំង​អស់​គ្នា​ថា ជនរងគ្រោះ សុទ្ធ​សឹង​ជាអ្នក​មាន​ចំណេះ​ដឹង​ ជា​បញ្ញាវន្ត​វប្បធម៌ សេដ្ឋកិច្ច នយោបាយ​របស់​តៃវ៉ាន់​ នា​សម័យ​នោះ។

ប្រធានាធិ​បតី​តៃវ៉ាន់ លោក លី តេងហ៊ុយ បិតា​ប្រជាធិបតេយ្យ​តៃវ៉ាន់ ជា​ឥស្សរជនទីមួយ​ ​ដែលបាន​គាស់​កកាយ​ឧប្បត្តិហេតុ​២-២៨​ ដោយ​ផ្សព្វផ្សាយ​របាយការណ៍​ប្រវត្តិសាស្ត្រដំបូង​មួយ​ នៅ​ដើម​ឆ្នាំ​១៩៩០។ មូលនិធិ​រំលឹក​វិញ្ញាណក្ខន្ធ២-២៨ ត្រូវ​បាន​រដ្ឋាភិបាល​តៃវ៉ាន់​បង្កើត​​ឡើង​នៅ​ឆ្នាំ​១៩៩៥ និង​បន្ទាប់​មក​បាន​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ រាប់​ទាំង​គ្រួសារ​ជន​រង​របួស ជន​ជាប់​ពន្ធនាគារ។ ប៉ុន្តែ​នៅ​មាន​ទំព័រ​ខ្មៅ​ងងឹត​កំពុង​បន្ត​លងប្រវត្តិសាស្ត្រ​នយោបាយ​​តៃវ៉ាន់ នោះ​គឺ​នៅ​រវាង​ពី​ឆ្នាំ​១៩៤៩ដល់​ឆ្នាំ​១៩៨៧ តៃវ៉ាន់​ស្ថិត​ក្រោម​​របប​កាន់​អំណាច​សឹក​៣៨​ឆ្នាំ​ និង​មាន​ជនរងគ្រោះ​រាប់​សិប​ពាន់​នាក់​បន្ថែម​ទៀត។

របួស​នេះ​មិនអាច​​សះ​ទេ គណ​បក្សជាតិ​និយម​គូកមីនតាង នៅ​តែ​បន្ត​ឆ្លាស់​ដឹកនាំ​ប្រទេស​អស់​រយៈ​ពេល​៨​ឆ្នាំ ទើប​តែ​ត្រូវ​ចាញ់​ឆ្នោត​​ ធ្លាក់​ប្រជាប្រិយ​ភាព​ស្ទើរ​ដល់​បាត​នៅ​ឆ្នាំ​២០១៦​។ ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ជា​អ្នក​ឯករាជនិយម ប្រសូត​ចេញ​ពី​បក្ស​ចម្រើន​ប្រជាធិបតេយ្យ បាន​ប្រកាស​​បង្ហាញ​គម្រោង​ច្បាប់​មួយ​លុប​ចោល​ស្ទូប​វិញ្ញាណក្ខន្ធ​ប្រធានាធិបតី ជា​ប្រធានប​ក្ស​គួកមីនតាង លោក ជាង កាយជាក កណ្តាល​ក្រុង​តៃប៉ិចេញ។

​បក្ស​គួកមីនតាង ដែល​ជា​បក្ស​ប្រឆាំង​នៅ​ពេល​នេះ បា​ន​ថ្កោល​ទោស​គម្រោង​ច្បាប់​​ថា​​មិន​សក្តិសម​ចំពោះ​អតីត​ប្រធានាធិបតី​ ​ដែល​ប្រឹង​ដើរតួនាទី​ធ្វើ​ជា​រនាំង​ទប់​ស្កាត់​​ចិន​កុម្មុយនិស្ត។ តែ​ចៅ​ទួត​ប្រុស របស់​គាត់ ដែល​ជា​សមាជិក​សភា​បក្ស​គួយ​មីនតាង បាន​ទទួល​ស្គាល់​ថា តៃវ៉ាន់​ត្រូវ​ធ្វើ​វិនិច្ឆ័យ​ដោយ​ផ្ទាល់​ខ្លួន​ឯង ពី​​​កំហុស​និង​សមិទ្ធិផល​របស់​ជីតា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ