អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីនកំពុង​ដើរ​​ត្រឡប់​ក្រោយ​ទៅ​ប្រើ​ច្បាប់​ប្រហារ​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការ​របស់​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ដែល​ចង់​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ឆ្លង​​រនាំង​ឧបសគ្គដ៏​ធំ​ជាង​គេ​រួច​​ហើយ ! ហ្វីលីពីន​នឹង​អាច​មាន​ច្បាប់​ប្រហារ​ជីវិត​ជា​ថ្មី​ឡើង​វិញ នៅក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​ សភា​ទើប​បាន​អនុម័ត​នៅ​ល្ងាច​ថ្ងៃពុធ​ទី ១ មីនា ម្សិលមិញ នា​ឱកាស​​ប្រជុំ​ពិភាក្សា​ជា​លើក​ទីពីរ សេចក្តី​ព្រាង​ច្បាប់​ស្តីអំពី​ទោស​ប្រហារ​ជីវិត។ បើ​តាម​អត្ថបទ​ពង្រាង​ច្បាប់ រាល់​ជន​ណា​ដែល​ផលិត ដែល​ជួញដូរ​គ្រឿង​ញៀន​ នឹង​អាច​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​។ ការ​បោះឆ្នោត​របស់​សភា​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល​លោក​ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីនទើប​បាន​ប្រកាសធ្វើ​សង្គ្រាម​ជា​​ថ្មី​បន្ត​ទៀត​ ​ប្រឆាំង​នឹងគ្រឿង​ញៀន​​។

ប្រធានាធិបតី​ហ្វីលីពីន  Rodrigo Duterte បង្ហាញ​រូបថត​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទៅ​កាន់​សាធារណជន នៅថ្ងៃទី ២ កុម្ភៈ​២០១៧
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បង្ហាញ​រូបថត​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទៅ​កាន់​សាធារណជន នៅថ្ងៃទី ២ កុម្ភៈ​២០១៧ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ រដ្ឋបាល​លោក​ឌុយទែរតេ ពិត​ជា​កំពុង​មាន​មោទនភាព​ខ្លាំង​ណាស់ ព្រោះសភា​ហ្វីលីពីន បាន​អនុម័ត​​ពង្រាង​ច្បាប់​ស្តី​ពី​ទោស​ប្រហារ​ជីវិត​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ហើយ ​ ទោះ​បី​ជា​បរិយាកាស​នៃកិច្ច​​ប្រជុំ​ពិភាក្សា​ ហាក់​ដូច​ជា​មាន​សភាព​ពុះ​កញ្ជ្រោល​បន្តិច។ នៅ​អំឡុង​ពេល​តស៊ូ​មតិ តំណាង​សភា​ណា​ដែល​បញ្ចេញ​​យោបល់​ប្រឆាំង​នឹង​ច្បាប់ ត្រូវ​បាន​គេ​កាក់​មិន​ឱ្យ​បញ្ចប់​សុន្ទរកថា​ទេ។

ពង្រាង​ច្បាប់ នឹង​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​អនុម័ត នៅ​ក្នុង​ការ​ប្រជុំ​ពិភាក្សា​សភា​​ជា​លើក​ទីបី និង​​ជា​លើក​ចុង​ក្រោយ នៅ​​ព្រឹទ្ធសភា​ នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ទាំង​នេះ​គ្រាន់​តែ​ដើម្បី​បំពេញ​ទម្រង់​តាម​បែបបទ​ នីតិវិធី​ តែប៉ុណ្ណោះ។ បន្ទាប់​មក​ប្រធានាធិបតី​អាច​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព​ដាក់​ឱ្យ​ប្រើប្រាស់​​បាន​ហើយ។

គំនាប​នយោបាយ

ក្រុម​អ្នក​ប្រឆាំង​នឹង​ពង្រាង​ច្បាប់ បាន​ប្រឹង​សាកល្បង​ទប់​ស្កាត់​រាប់​គ្រប់​កថាខណ្ឌ​នៃ​ច្បាប់ ដោយ​ខំ​ប្រឹង​ប្រមូល​ផ្តុំ​កម្លាំង​ពី​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ និង​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​វិហារ​កាតូលិក។ ក៏​ប៉ុន្តែ​សម្ពាធ​នយោបាយ​​មា​ន​កម្លាំង​ខ្លាំង​ ប្រធាន​សភា​ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​ ឌុយទែរតេ បាន​ស្រែក​គំរាម​ជា​សាធារណៈ​ដក​តួនាទី​សំខាន់ៗ​ចេញ​សមាជិក​សភា​ណា​ដែល​ហ៊ាន​បោះឆ្នោត​ប្រឆាំង​នឹង​ពង្រាង​ច្បាប់នេះ ក្រោម​ហេតុផល​​ គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន អាទិភាព​ទី​មួយ​របស់​រដ្ឋាភិបាល មិន​មែន​គាំទ្រ​ការ​ប្រហារ​ជីវិត​ទេ។

ប្រជាជន​ហ្វីលីពីន​ ភាគ​ច្រើន ជា​ទូទៅ ក៏​គាំទ្រ​​ទោស​ប្រហារ​ជីវិត​បែប​នេះ​ដែរ​ ព្រោះ​យល់​ថា​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។

ទោស​ប្រហារ​ជីវិត ​ពាក់ព័ន្ធ​តែ​នឹង​​ជា​ការ​ជួញដូរ​គ្រឿង​ញៀន

ពង្រាង​ច្បាប់ ដែល​អនុម័ត​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ មាន​ការ​កែសម្រួល​ច្រើន​ បើ​ប្រៀប​ទៅ​នឹង​គម្រោង​ច្បាប់​ដំបូង កាលពី​ខែ​តុលា។ អ្នកការពារ​សិទ្ធិមនុស្ស​ធ្លាប់​បាន​ រៀប​រាប់​ ថា​មាន​បទ​ឧក្រិដ្ឋ​ដល់​២១​ មាន​ជាអាទិ៍ ​ករណី​លាង​លុយ ក្បត់​ជាតិ​ រំលោភ ឃាតកម្ម... ដែល​អាច​នឹង​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត ! តែ​នៅ​ទី​បំផុត គឺ​មាន​តែ​ទោស​​​កំហុស​៧​យ៉ាង​ទាក់ទង​នឹង​គ្រឿង​ញៀន ដូច​ជា​ ធ្វើ​ជំនួញ នាំចូល​ ផលិត លក់​ដូរ​ និង​ចែកចាយ​​គ្រឿង​ញៀនទេ ដែលតុលាការ​​អាច​​​ដាក់​ទោស​ធ្ងន់​បំផុត​ដល់​ប្រហារ​ជីវិតនោះ។ ការ​ត្រឹម​មានផ្ទុក​​គ្រឿង​ញៀន​នឹង​ខ្លួន ដូច​ជា​មរីជួណា ៥០០ក្រាម ឬ​១០​ក្រាម​កូកាអ៊ីន/ហេរ៉ូអ៊ីន គ្មាន​គ្រោះ​​ទទួល​ទោសដល់​​ប្រហារ​ជីវិត​ ដូច​​​ដែលមាន​ចែង​ក្នុង​​ពង្រាង​ច្បាប់​ដើម​បំផុត​​ដែរ។

ជន​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ​ជា​ឃាតកម្ម រំលោភ ដោយ​សារ​ឥទ្ធិពល​គ្រឿង​ញៀន នឹង​អាច​ត្រូវ​ជាប់​ទោស​ប្រហារ​ជីវិត តែ​បើ​ជា​ឃាតកម្ម​ឬ​រំលោភ “​ធម្មតា” អាច​ត្រូវ​ជាប់​ទោស​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ច្បាប់ក៏​​មិន​បាន​បង្ខំ​ឱ្យ​ចៅក្រម​ត្រូវ​តែ​សម្រេច​ចិត្ត​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​ជា​ដាច់​ខាត​ឡើយ។ ពង្រាង​ច្បាប់​ថ្មី បាន​ទុក​សិទ្ធិ​ឱ្យ​ចៅក្រម​វិនិច្ឆ័យ​ថា​គួរ​ប្រហារ​ជីវិត ឬ​ត្រឹមដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ឯ​ការ​ប្រហារ​ជីវិត​នឹង​ត្រូវ​ធ្វើ​ដោយ​ព្យួរក ឬ​បាញ់។ ប៉ុន្តែ​លោក​ ឌុយទែរតេ ប្រធានាធិបតី​ល្បី​ឈ្មោះ​ខាង​មាន​វោហា​ពន្យុះ​បន្សោក បាន​សុំ​ឱ្យ​មាន​តែ​ការ​ដាក់​ទោស​ដោយ​ព្យួរក ព្រោះ​មិន​ខាត​គ្រប់​កាំភ្លើង។

ហ្វីលីពីន​ផ្តល់​សច្ចាប័ន​​​លែង​ប្រើ​ទោស​ប្រហារ​ជីវិត នៅ​ឆ្នាំ​១៩៨៨

រដ្ឋធម្មនុញ្ញ​ហ្វីលីពីន បាន​រំលាយ​ច្បាប់​ប្រហារ​ជីវិត តាំង​ពី​ឆ្នាំ​១៩៨៧​មក តែ​ប្រធានាធិបតី​ហ្វីលីពីន​ ​លោក ហ្វីដែល រ៉ាម៉ូស (១៩៩៣-១៩៩៨) បាន​ដាក់​បញ្ចូល​វិញ នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ប្រឈម​ទប់​ទល់​នឹង​ការ​ស្ទុះ​ឡើង​នៃ​ទង្វើ​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស។

នៅ​ឆ្នាំ​១៩៨៨ ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ​​របស់អង្គការ​សហប្រជាជាតិ ដែល​ហាមឃាត់​មិន​​ឱ្យ​ប្រទេស​ហត្ថលេខី​វិល​ត្រលប់​ទៅ​ប្រើ​ច្បាប់​ប្រហារ​ជីវិត។ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​២០០៦ ទើប​ឃើញ​ហ្វីលីពីន ប្រកាស​ជា​ផ្លូវ​ការ​ ព្យួរ​និ​ងនិង​ឈប់​អនុវត្ត​សោះទោស​ប្រហារ​ជីវិត។

តាម​ផ្លូវ​ច្បាប់ ហ្វីលីពីន​មិន​អាច​ត្រលប់​មក​ប្រើ​ច្បាប់​ប្រហារ​ជីវិត​បាន​ឡើយ។ ហ្វីលីពីន​អាច​នឹង​មាន​ហានិភ័យ​ ត្រូវ​ទទួល​រង​ទណ្ឌកម្ម​​អន្តរជាតិ ការទូត និង​ហិរញ្ញវត្ថុ​ ចំពោះ​ទង្វើ​ខុស​កិច្ចសន្យា។ ប៉ុន្តែ​លោក​ ឌុយទែរតេ ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ព្រោះ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន មិន​ដែល​ខ្វល់​ខ្វាយ​ ឈឺ​ក្បាល​នឹង​ការរិះគន់​របស់​អន្តរជាតិ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ