ហ្វីលីពីនកំពុងដើរត្រឡប់ក្រោយទៅប្រើច្បាប់ប្រហារជីវិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១០
យុទ្ធនាការរបស់ប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ ដែលចង់អនុវត្តទោសប្រហារជីវិតឡើងវិញ ឆ្លងរនាំងឧបសគ្គដ៏ធំជាងគេរួចហើយ ! ហ្វីលីពីននឹងអាចមានច្បាប់ប្រហារជីវិតជាថ្មីឡើងវិញ នៅក្នុងពេលឆាប់ៗនេះ ព្រោះ សភាទើបបានអនុម័តនៅល្ងាចថ្ងៃពុធទី ១ មីនា ម្សិលមិញ នាឱកាសប្រជុំពិភាក្សាជាលើកទីពីរ សេចក្តីព្រាងច្បាប់ស្តីអំពីទោសប្រហារជីវិត។ បើតាមអត្ថបទពង្រាងច្បាប់ រាល់ជនណាដែលផលិត ដែលជួញដូរគ្រឿងញៀន នឹងអាចត្រូវទទួលទោសប្រហារជីវិត។ ការបោះឆ្នោតរបស់សភានេះ ប្រព្រឹត្តទៅជួនចំពេលដែលលោកឌុយទែរតេ ប្រធានាធិបតីហ្វីលីពីនទើបបានប្រកាសធ្វើសង្គ្រាមជាថ្មីបន្តទៀត ប្រឆាំងនឹងគ្រឿងញៀន។
ថ្ងៃនេះ រដ្ឋបាលលោកឌុយទែរតេ ពិតជាកំពុងមានមោទនភាពខ្លាំងណាស់ ព្រោះសភាហ្វីលីពីន បានអនុម័តពង្រាងច្បាប់ស្តីពីទោសប្រហារជីវិតស្នើឡើងដោយរដ្ឋាភិបាលហើយ ទោះបីជាបរិយាកាសនៃកិច្ចប្រជុំពិភាក្សា ហាក់ដូចជាមានសភាពពុះកញ្ជ្រោលបន្តិច។ នៅអំឡុងពេលតស៊ូមតិ តំណាងសភាណាដែលបញ្ចេញយោបល់ប្រឆាំងនឹងច្បាប់ ត្រូវបានគេកាក់មិនឱ្យបញ្ចប់សុន្ទរកថាទេ។
ពង្រាងច្បាប់ នឹងត្រូវធ្វើការបោះឆ្នោតអនុម័ត នៅក្នុងការប្រជុំពិភាក្សាសភាជាលើកទីបី និងជាលើកចុងក្រោយ នៅព្រឹទ្ធសភា នៅសប្តាហ៍ក្រោយ ប៉ុន្តែទាំងនេះគ្រាន់តែដើម្បីបំពេញទម្រង់តាមបែបបទ នីតិវិធី តែប៉ុណ្ណោះ។ បន្ទាប់មកប្រធានាធិបតីអាចចុះហត្ថលេខាផ្តល់សុពលភាពដាក់ឱ្យប្រើប្រាស់បានហើយ។
គំនាបនយោបាយ
ក្រុមអ្នកប្រឆាំងនឹងពង្រាងច្បាប់ បានប្រឹងសាកល្បងទប់ស្កាត់រាប់គ្រប់កថាខណ្ឌនៃច្បាប់ ដោយខំប្រឹងប្រមូលផ្តុំកម្លាំងពីមកពីគ្រប់និន្នាការនយោបាយ និងសមាគមការពារសិទ្ធិមនុស្ស ព្រមទាំងវិហារកាតូលិក។ ក៏ប៉ុន្តែសម្ពាធនយោបាយមានកម្លាំងខ្លាំង ប្រធានសភាដែលជាមនុស្សជំនិតរបស់លោក ឌុយទែរតេ បានស្រែកគំរាមជាសាធារណៈដកតួនាទីសំខាន់ៗចេញសមាជិកសភាណាដែលហ៊ានបោះឆ្នោតប្រឆាំងនឹងពង្រាងច្បាប់នេះ ក្រោមហេតុផល គាំទ្រការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន អាទិភាពទីមួយរបស់រដ្ឋាភិបាល មិនមែនគាំទ្រការប្រហារជីវិតទេ។
ប្រជាជនហ្វីលីពីន ភាគច្រើន ជាទូទៅ ក៏គាំទ្រទោសប្រហារជីវិតបែបនេះដែរ ព្រោះយល់ថាជាវិធានការមានប្រសិទ្ធភាពប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿងញៀន។
ទោសប្រហារជីវិត ពាក់ព័ន្ធតែនឹងជាការជួញដូរគ្រឿងញៀន
ពង្រាងច្បាប់ ដែលអនុម័តនៅល្ងាចថ្ងៃពុធម្សិលមិញ មានការកែសម្រួលច្រើន បើប្រៀបទៅនឹងគម្រោងច្បាប់ដំបូង កាលពីខែតុលា។ អ្នកការពារសិទ្ធិមនុស្សធ្លាប់បាន រៀបរាប់ ថាមានបទឧក្រិដ្ឋដល់២១ មានជាអាទិ៍ ករណីលាងលុយ ក្បត់ជាតិ រំលោភ ឃាតកម្ម... ដែលអាចនឹងត្រូវដាក់ទោសប្រហារជីវិត ! តែនៅទីបំផុត គឺមានតែទោសកំហុស៧យ៉ាងទាក់ទងនឹងគ្រឿងញៀន ដូចជា ធ្វើជំនួញ នាំចូល ផលិត លក់ដូរ និងចែកចាយគ្រឿងញៀនទេ ដែលតុលាការអាចដាក់ទោសធ្ងន់បំផុតដល់ប្រហារជីវិតនោះ។ ការត្រឹមមានផ្ទុកគ្រឿងញៀននឹងខ្លួន ដូចជាមរីជួណា ៥០០ក្រាម ឬ១០ក្រាមកូកាអ៊ីន/ហេរ៉ូអ៊ីន គ្មានគ្រោះទទួលទោសដល់ប្រហារជីវិត ដូចដែលមានចែងក្នុងពង្រាងច្បាប់ដើមបំផុតដែរ។
ជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាឃាតកម្ម រំលោភ ដោយសារឥទ្ធិពលគ្រឿងញៀន នឹងអាចត្រូវជាប់ទោសប្រហារជីវិត តែបើជាឃាតកម្មឬរំលោភ “ធម្មតា” អាចត្រូវជាប់ទោសជាប់ឃុំក្នុងពន្ធនាគារ។
ច្បាប់ក៏មិនបានបង្ខំឱ្យចៅក្រមត្រូវតែសម្រេចចិត្តប្រហារជីវិតជនជាប់ចោទជាដាច់ខាតឡើយ។ ពង្រាងច្បាប់ថ្មី បានទុកសិទ្ធិឱ្យចៅក្រមវិនិច្ឆ័យថាគួរប្រហារជីវិត ឬត្រឹមដាក់ពន្ធនាគារអស់មួយជីវិត។
ឯការប្រហារជីវិតនឹងត្រូវធ្វើដោយព្យួរក ឬបាញ់។ ប៉ុន្តែលោក ឌុយទែរតេ ប្រធានាធិបតីល្បីឈ្មោះខាងមានវោហាពន្យុះបន្សោក បានសុំឱ្យមានតែការដាក់ទោសដោយព្យួរក ព្រោះមិនខាតគ្រប់កាំភ្លើង។
ហ្វីលីពីនផ្តល់សច្ចាប័នលែងប្រើទោសប្រហារជីវិត នៅឆ្នាំ១៩៨៨
រដ្ឋធម្មនុញ្ញហ្វីលីពីន បានរំលាយច្បាប់ប្រហារជីវិត តាំងពីឆ្នាំ១៩៨៧មក តែប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស (១៩៩៣-១៩៩៨) បានដាក់បញ្ចូលវិញ នៅឆ្នាំ១៩៩៣ ដើម្បីប្រឈមទប់ទល់នឹងការស្ទុះឡើងនៃទង្វើឧក្រិដ្ឋកម្មក្នុងប្រទេស។
នៅឆ្នាំ១៩៨៨ ហ្វីលីពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឱ្យប្រទេសហត្ថលេខីវិលត្រលប់ទៅប្រើច្បាប់ប្រហារជីវិត។ ប៉ុន្តែគេត្រូវរង់ចាំដល់ឆ្នាំ២០០៦ ទើបឃើញហ្វីលីពីន ប្រកាសជាផ្លូវការ ព្យួរនិងនិងឈប់អនុវត្តសោះទោសប្រហារជីវិត។
តាមផ្លូវច្បាប់ ហ្វីលីពីនមិនអាចត្រលប់មកប្រើច្បាប់ប្រហារជីវិតបានឡើយ។ ហ្វីលីពីនអាចនឹងមានហានិភ័យ ត្រូវទទួលរងទណ្ឌកម្មអន្តរជាតិ ការទូត និងហិរញ្ញវត្ថុ ចំពោះទង្វើខុសកិច្ចសន្យា។ ប៉ុន្តែលោក ឌុយទែរតេ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី ព្រោះនយោបាយប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនដែលខ្វល់ខ្វាយ ឈឺក្បាលនឹងការរិះគន់របស់អន្តរជាតិឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ