អានតួអត្ថបទ
ម៉ាឡេស៊ី-កូរ៉េខាងជើង

ឃាតកម្ម​សម្លាប់​លោកគីម ជុនណាម៖​ម៉ាឡេស៊ី​បាន​ចេញ​ដីការ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុនណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​លោក​គីម ជុនអ៊ុន​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ទីក្រុង​គូឡាឡាំពួ និង​ទីក្រុង​ព្យុងយ៉ាង។ នៅ​ថ្ងៃ​សុក្រុ ទី៣ មីនា​នេះ តុលាការ​ម៉ាឡេស៊ី​បាន​ចេញ​ដីការ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​ម៉ាឡេស៊ី​ក៏​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​លេខាទី២​នៅ​ស្ថានទូតកូរ៉េខាងជើង​រួមសហការណ៍​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត។ ដីការ​ចាប់​ខ្លួន​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​រដ្ឋអាជ្ញា​បាន​ដោះលែង និង​បណ្តេញ​ជនជាតិ​កូរ៉េខាងជើង​ម្នាក់។

លោក Khalid Abu Bakar មេប៉ូលិស​ម៉ាឡេស៊ី
លោក Khalid Abu Bakar មេប៉ូលិស​ម៉ាឡេស៊ី REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជនជាតិ​កូរ៉េខាងជើង​ដែល​រដ្ឋអាជ្ញា​ចេញ​ដីការ​ចាប់​ខ្លួន​ពេល​នេះ ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៨នាក់​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ​នៅ​ព្រលាន​យន្តហោះ​គូឡាឡាំពួរ ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង ជនជាតិ​កូរ៉េខាងជើង​រូប​នោះ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង​នៅ​ម៉ាឡេស៊ី។ សូម​ជម្រាប​ជូន​ថា ក្រោយ​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​សង្ស័យ​លើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៨នាក់ ក្នុង​នោះ​ក៏​មាន​លេខាទី២ នៃ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់​ដែរ។

តែ​មក​ទល់​ថ្ងៃ​នេះ រូប​លេខាទី២ នោះ​កំពុង​បន្ត​គេចខ្លួន​មិន​ព្រម​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​អំពាវនាវ​របស់​ប៉ូលិស​ម៉ាឡេស៊ី​ទេ។ មួយ​វិញ​ទៀត ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៨នាក់ មាន​ម្នាក់​គត់​ឈ្មោះ​រី ជុងចុល អាយុ ៤៧ឆ្នាំ​ដែល​បាន​ចាប់​ខ្លួន តែ​ទីបំផុត​រដ្ឋអាជ្ញា​បាន​សម្រេច​ដោះលែង រួច​បណ្តេញ​ចេញ​ពី​ទឹកដី​ម៉ាឡេស៊ី​ក្នុង​ថ្ងៃ​សុក្រ ទី៣ មីនា​នេះ។ រដ្ឋអាជ្ញា​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ការ​ដោះលែង​លោក​រី ជុងចុល​ក៏​ដោយសារ​តែ​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ពី​ការ​ចូលរួម និង​រួម​គំនិត​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម​ទេ។

ក៏​ប៉ុន្តែ មេប៉ូលិស​ម៉ាឡេស៊ី​លោក​ខាលីដ អាប៊ូបាកា​បាន​សម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការ​ដោះលែង​លោក​​រី ជុងចុល។ ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​កំពុង​ចូលរួម​ក្នុង​ពិធី​ស្វែង​បុណ្យ​សាសនា​អ៊ីស្លាម លោក​អាប៊ូបាកា​បាន​ថ្លែង​ដោយ​គិត​ថា លោក​រី ជុងចុល​បាន​ដើរ​តួនាទី​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម តែ​គួរ​ឲ្យ​ស្តាយ​ដែល​គ្មាន​ភស្តុតាង​ដើម្បី​ចោទប្រកាន់​លោក​រី ជុងចុល។ ទន្ទឹម​គ្នា​នេះ រូប​មេប៉ូលិស​ដដែល​បាន​បន្ថែម​ថា ការ​ដោះលែង​រូប​លោក​រី ជុងចុល​មិន​មែន​ដោយសារ​ម៉ាឡេស៊ី​ទទួល​គំនាប​នយោបាយ ឬ​ការទូត​ពី​នរណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ